ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមសម្រេចបានជាង៣ ពាន់លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំនេះ
ការដោះដូរទំនិញទ្វេភាគីរវាងកម្ពុជា-វៀតណាមសម្រេចបាន៣,២២៥ ពាន់លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ កើនឡើង៧%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា។

យោងតាមរបាយការណ៍ដដែល កម្ពុជាបាននាំចេញទៅកាន់ទីផ្សារវៀតណាមសម្រេចបាន ១,៧៨៩លានដុល្លារ កើនឡើង៤,៥% ធៀបនឹងរយៈពេលដូចគ្នាមានទឹកប្រាក់១,៧១៣ពាន់លានដុល្លារ ខណៈការនាំចូលមានទឹកប្រាក់១,៤៣៥ពាន់លានដុល្លារ កើនឡើងជាង១០% ធៀបនឹងឆ្នាំមុនមានទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា ប្រទេសជិតខាងរួមមានថៃ និងវៀតណាមនៅតែជាទីផ្សារសំខាន់សម្រាប់កម្ពុជា ជាពិសេសសម្រាប់ការនាំចេញផលិតផលកសិកម្ម។
លោកបានថ្លែងថា៖«ទោះបីជាកម្ពុជាយើងបានបើកទីផ្សារច្រើនទាំងក្នុងតំបន់ និងសកលលោក ប៉ុន្តែយើងនៅតែពឹងផ្អែកប្រទេសជិតខាងដោយសារតែថ្លៃដឹកជញ្ជូនថោក និងរយៈពេលខ្លីជាពិសេសនៅពេលរដូវប្រមូលផលកសិកម្មរបស់យើង។ ជាការពិតទីផ្សារផ្សេងៗគឺពិតជាសំខាន់សម្រាប់យើង ប៉ុន្តែនៅពេលរដូវប្រមូលផលកសិកម្ម យើងនៅតែមើលឃើញថា ប្រទេសជិតខាងយើងនៅតែស្រូបទាញបាច្រើន»។

កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ ដែលនឹងចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។
លោកស្រីរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបអំពីលទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចការងារនេះ ដោយបានគូសរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាមរយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាពនិងពេញលេញនូវយន្តការដែលមានស្រាប់ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ជាដើម ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោកនាយករដ្ឋមន្រ្តី ក៏បានឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្ត្រីក្នុងការបង្តើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៧,៧៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១៨,២% បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦,៥៨ ពាន់លានដុល្លារ។
កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦% ធៀបនឹងឆ្នាំ ២០២៣ និងវៀតណាមនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤%។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


