សេដ្ឋកិច្ច
លោក ត្រាំ ឱ្យចាប់ផ្ដើមចរចាពន្ធបដិកាជាមួយកម្ពុជា-ថៃ ក្រោយបទឈប់បាញ់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យមន្ត្រីអាមេរិក ចាប់ផ្ដើមកិច្ចពិភាក្សាឡើងវិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីបានយល់ព្រមបទឈប់បាញ់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។

លោក ដូណាល់ ត្រាំ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការថា៖ «យើងបានសង្គ្រោះជីវិតរាប់ពាន់នាក់ ខ្ញុំបានណែនាំឱ្យក្រុមមន្ត្រីពាណិជ្ជកម្មចាប់ផ្ដើមចរចាជុំវិញពាណិជ្ជកម្ម»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា លទ្ធផលចរចាពន្ធបដិការកម្ពុជា-អាមេរិក សង្ឃឹមមានពន្លឺថ្មី ពោលគឺក្រោម ៣៦% ខណៈកម្ពុជាបានចរចាដោយបើកចំហ និងស្មោះត្រង់ជាមួយភាគីអាមេរិក។
ក្រុមការងារចំពោះកិច្ច បានបញ្ជូនឯកសារទាំងអស់ពាក់ព័ន្ធនឹងការចរចាពន្ធបដិការទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានពិភាក្សាគ្នារួចហើយ និងធ្វើរបាយការណ៍ដាក់ជូនទៅប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយសង្ឃឹមថា មិនយូរទេ នៅថ្ងៃ ០១ ខែសីហាខាងមុខនេះ នឹងឯកភាពគ្នាហើយ។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងសង្ឃឹមថា សប្ដាហ៍ក្រោយ យើងនឹងទទួលព័ត៌មានពីសហរដ្ឋអាមេរិកអំពីអត្រាពន្ធបដិការ ហើយបើយើងមើលប្រទេសជិតខាង ប្រទេសហ្វីលីពីនបានចុះពី២០ មក ១៩% ប្រទេសជប៉ុនចុះពី ២៥% មកនៅត្រឹម ១៥% អញ្ចឹងពេលចរចាយើងខ្ញុំក៏បានសំណូមពរស្វិតស្វាញ សុំឱ្យពន្ធបដិការកម្ពុជា មានភាពប្រកួតប្រជែងជាមួយប្រទេសនៅជុំវិញយើង ដែលជាដៃគូនៅជុំវិញយើងនេះ បើយើងខ្ពស់ យើងមានការលំបាកក្នុងការប្រកួតប្រជែង»។
កាលពីថ្ងៃទី ០៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបញ្ចុះពន្ធបដិការពី ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ០១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាងពាណិជ្ជកម្មអាមេរិកចំនួន ២ដង។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងមុខទំនិញសំខាន់ៗ ទៅអាមេរិកក្នុងទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ កើនឡើង ២៥,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ចំណែកអាមេរិកនាំចូលមកវិញមានទំហំជាង ១៦០ លានដុល្លារ កើនឡើង ២៩%។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


