ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើយុទ្ធសាស្រ្ត ដើម្បីសម្រេចបានគោលដៅភ្ញៀវទេសចរបរទេស ២៥ លាននាក់
ត្រឹមតែ ៤ ខែទៀតដាច់ឆ្នាំ ២០២៥ ក្រុមអ្នកជំនាញទេសចរណ៍វៀតណាម បានបង្ហាញនូវយុទ្ធសាស្ត្របន្ទាន់ ដើម្បីជួយប្រទេសឱ្យសម្រេចបាននូវគោលដៅដ៏មហិច្ឆតារបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវអន្តរជាតិ ចំនួន ២៥ លាននាក់ត្រឹមចុងឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuổi Trẻ។

យុទ្ធសាស្ត្រទាំងនោះ ត្រូវបានស្នើឡើងក្នុងអំឡុងសន្និបាតទេសចរណ៍ជាតិឆ្នាំ ២០២៥ ដែលធ្វើឡើងនៅទីក្រុងហូជីមិញកាលពីថ្ងៃសុក្រសប្តាហ៍មុន និងជាផ្នែកមួយនៃពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី ១៩ នៅទីក្រុងហូជីមិញ (ITE HCMC 2025)។ ព្រឹត្តិការណ៍ដដែល បានប្រមូលផ្តុំតួអង្គពាក់ព័ន្ធសំខាន់ៗមកពីអាជ្ញាធរជាតិទេសចរណ៍វៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងអាជីវកម្មទេសចរណ៍ឈានមុខគេជាដើម។
ក្រុមអ្នកជំនាញបានស្នើយុទ្ធសាស្រ្តដូចខាងក្រោម៖
+ ផ្តោតលើទីផ្សារអាស៊ីឦសាន និងអាស៊ីអាគ្នេយ៍
អាស៊ីឦសាន និងអាស៊ីអាគ្នេយ៍ គឺជាទីផ្សារទេសចរណ៍ស្នូលរបស់វៀតណាម។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ តំបន់ទាំង២ បានរួមចំណែកជិត ៧០ ភាគរយ នៃភ្ញៀវបរទេសសរុប ឬប្រមាណ ៨,៥ លាននាក់។ ទីផ្សារចិនតែមួយ មានប្រមាណ ៣,១ លាននាក់ បន្ទាប់មកកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន។
អគ្គនាយកអាជ្ញាធរជាតិទេសចរណ៍វៀតណាម លោក Nguyen Trung Khanh បានសង្កត់ធ្ងន់ថា តំបន់ទាំងនេះនឹងក្លាយជាចំណុចផ្តោតនៃយុទ្ធសាស្ត្រជំរុញភ្ញៀវទេសចរបរទេស។
+ ទេសចរណ៍ប្រកបដោយគុណភាព
ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietravel Holdings លោក Nguyen Quoc Ky ឯណោះវិញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរពីកំណើនទេសចរណ៍ផ្អែកលើបរិមាណ ទៅជាទេសចរណ៍ដែលជំរុញដោយគុណភាព។

លោកបានលើកឡើងថា៖ «យើងត្រូវតែជំរុញទៅមុខលើសពីចំនួនទេសចរ។ ផលិតផលទេសចរណ៍ ការផ្សព្វផ្សាយទីផ្សារជាក់លាក់ និងភាពខ្លាំងនៃខ្សែច្រវ៉ាក់តម្លៃនៅទូទាំងក្រុមហ៊ុនអាកាសចរណ៍ កន្លែងស្នាក់នៅ និងទិសដៅ មានសារៈសំខាន់ណាស់»។
+ ទេសចរណ៍ MICE
អ្នកជំនាញជាច្រើន រួមទាំងតំណាងមកពីក្រុមហ៊ុន Vietravel និង Saigontourist បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើវិស័យទេសចរណ៍ MICE ដែលសំដៅលើទេសចរណ៍បែបធុរកិច្ច Meetings, Incentives, Conferences, Exhibitions (ការប្រជុំ ការលើកទឹកចិត្ត សន្និសីទ ពិព័រណ៍) ជាពិសេសពីទីក្រុងលំដាប់ទី២របស់ចិន និងមជ្ឈមណ្ឌលសំខាន់ៗរបស់អាស៊ាន។
សំណើនេះ រួមមានការបើកជើងហោះហើរត្រង់ទៅកាន់គោលដៅសំខាន់ៗដូចជាក្រុង Da Nang និងកោះ Phu Quoc និងការផ្តល់ផ្លូវសម្រាប់អន្តោប្រវេសន៍ ពិសេសសម្រាប់ទេសចរ MICE ។

ក្រៅពីយុទ្ធសាស្រ្តទាំងនេះ អ្នកជំនាញក៏បានលើកឡើងពីការកែសម្រួលច្រកព្រំដែនជាមួយចិន ដើម្បីជំរុញភ្ញៀវពីប្រទេសនេះ ខណៈកែលម្អច្រកអន្តោប្រវេសន៍ និងពិពិធកម្មផលិតផលទេសចរណ៍ជាដើម។
គួរគូសបញ្ជាក់ថា វៀតណាមទទួលបានភ្ញៀវអន្តរជាតិជិត ១៤ លាននាក់ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ ដោយកើនឡើង ២១,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គិតតែក្នុងខែសីហា វៀតណាមបានស្វាគមភ្ញៀវទេសចរបរទេសចំនួន ១,៦៨ លាននាក់ ដោយកើនឡើង ១៦,៥ ភាគរយ ដោយសារតែគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ និងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។
មែនទែនទៅ ចិននៅតែជាទីផ្សារដ៏ធំបំផុតរបស់វៀតណាម តាមពីក្រោយដោយកូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក និងជប៉ុន។ ទីផ្សារកំពូលផ្សេងៗទៀតរួមមានកម្ពុជា ឥណ្ឌា អូស្ត្រាលី រុស្ស៊ី និងម៉ាឡេស៊ី។គោលដៅសំខាន់ៗ ដែលគេចាប់អារម្មណ៍ច្រើនបំផុតរាប់មាន ទីក្រុងហូជីមិញ ហាណូយ ដាណាង កោះភូកុក ញ៉ាត្រាង និងហូយអាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


