ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជិត ៧ពាន់លានដុល្លារពីការនាំចេញទៅកាន់សមាជិក RCEP ត្រឹមរយៈ៨ខែ
កម្ពុជារកប្រាក់ចំណូលបានប្រមាណ ៦,៦៣ ពាន់លានដុល្លារពីការនាំចេញទំនិញទៅបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក្នុងរយៈពេល8ខែនៃឆ្នាំ២០២៥ កើនឡើង ៩,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានទឹកប្រាក់៦,០៥ ពាន់លានដុល្លារ។នេះបើយោងតាមរបាយការណ៍រួមសម្រួលដោយក្រសួងពាណិជ្ជកម្ម។

ការដោះដូរទំនិញរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀងសេដ្ឋកិច្ចបូព៌ាអាស៊ី-ប៉ាស៊ីហ្វិក (RCEP) មានទឹកប្រាក់សរុប ២៦.៣៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន នេះបើយោងតាមរបាយការណ៍ផ្លូវការមួយចេញផ្សាយនៅថ្ងៃច័ន្ទ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលកម្ពុជាថ្មីទទួលបានកាលពីថ្ងៃទី១៦ ខែកញ្ញា គិតចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៦៥ពាន់លានដុល្លារទៅកាន់បណ្ដាប្រទេសជាសមាជិកឈានមុខគេទាំង ៥ បស់ RCEP រួមមានវៀតណាម ថៃ សិង្ហបុរី ចិន និងជប៉ុន។ ជាមួយគ្នានេះដែរ ការនាំចូលប្រទេសជាសមាជិកមានទឹកប្រាក់ប្រមាណ១៩,៧២ កើនឡើងជិត១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ដែលមានទឹកប្រាក់ចំនួន ១៦,៨៧ ពាន់លានដុល្លារ។

សម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយចំណោមបណ្ដាប្រទេសសមាជិករបស់ RCEP ទាំងនោះ សម្រេចបានជិត ២៦,៣៥ ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែកន្លងមកនេះ កើនឡើង១៥ភាគរយ ឬតំណាងឱ្យ៦១,៥នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលមានទឹកប្រាក់សរុបចំនួន៤២,៨ពាន់លានដុល្លារ។
កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ឈានមុខគេទូទាំងពិភពលោក ដែលរួមមានប្រទេសចំនួន ១៥។ ក្នុងនោះរួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗចំនួន៥ទៀតគឺអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់កម្ពុជាថ្មីកន្លងមកថា ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង RCEP កម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការនាំចេញទៅកាន់បណ្ដាប្រទេសជាសមាជិក ដែលកំពុងក្លាយជាកំណើនប្រកបដោយសក្តានុពលថ្មីមួយនៅក្នុងតំបន់។
លោកថ្លែងថា៖«ការចូលជាធរមានរបស់កិច្ចព្រមព្រៀងRCEP នៅឆ្នាំ ២០២២ ក្លាយជាកត្តាជំរុញថ្មីមួយសម្រាប់កំណើនការនាំចេញរយៈពេលវែងរបស់កម្ពុជា ខណៈដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ មានការកាត់បន្ថយពន្ធមួយចំនួនដែលអាចឱ្យកម្ពុជាទាញយកឱកាសដើម្បីជំរុញការនាំចេញ»។

លោក សុវិជាតិ បានបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មប្រកបដោយសក្តានុពលដូចជា អង្ករ ចេកលឿង ស្វាយ មៀន និងម្រេចជាដើម។
លោកបានបញ្ជាក់ថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ រួមមានការអនុគ្រោះពន្ធលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស(FDI)។
បណ្ដាប្រទេសជាសមាជិករបស់RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលរួមចំណែកដល់ ២៦,២ពាន់ពាន់លានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើនឹង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។ ប្រទេសជាសមាជិកទាំងនេះមានចំនួនប្រហែល ២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមក្រសួង។

យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


