Connect with us

កូវីដ-១៩

ដើមចម ធ្វើឲ្យជំងឺផ្សិតខ្មៅ រីករាលដាលខ្លាំងនៅ ឥណ្ឌា

បានផុស

នៅ

យ៉ាងហោចណាស់ មានរដ្ឋឥណ្ឌាចំនួន៩ហើយ ដែលបានប្រកាសពីបញ្ហាជំងឺផ្សិតខ្មៅ ថាជារោគរាតត្បាត។ ស្របពេលជាមួយគ្នានោះ ទីក្រុង New Delhi, Mumbai, Ahmedabad និង Bangalore បានបើកទីតាំងព្យាបាលពិសេស។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មនុស្សរាប់រយនាក់ បានស្លាប់ដោយសារជំងឺផ្សិតខ្មៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនបាននិយាយថាតើមានមនុស្សប៉ុន្មាននាក់ បានស្លាប់នៅទូទាំងប្រទេសទេ ប៉ុន្តែរដ្ឋាភិបាលបានព្រមានខ្លាំងៗដល់អាជ្ញាធររដ្ឋ ឲ្យត្រៀមក្រុមគ្រូពេទ្យវះកាត់និងអ្នកឯកទេស សម្រាប់ទប់ទល់ជាមួយករណីដែលនឹងកើនឡើងយ៉ាងគំហុក។

មុនការរីករាលដាលនៃជំងឺកូវីដ-១៩ មានតែអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយប៉ុណ្ណោះ ដែលងាយរងគ្រោះខ្លាំងចំពោះជំងឺផ្សិតខ្មៅ ដូចជាអ្នកផ្ទុកមេរោគអេដស៍ឬអ្នកប្តូរសរីរាង្គជាដើម។

ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺផ្សិតខ្មៅ ភាគច្រើនគឺបណ្តាលមកពីការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីត លើសកំណត់ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យ K. Srinath Reddy មកពីមូលនិធិសុខភាពសាធារណៈឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រជាជនបានចាប់ផ្តើមប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតដោយសេរី ហួសកំណត់និងមិនត្រឹមត្រូវ”។

លោកបន្តថា ទឹកកខ្វក់នៅក្នុងស៊ីឡាំងអុកស៊ីសែនឬម៉ាស៊ីនបន្សុទ្ធខ្យល់ ក៏ផ្តល់ឱកាសឲ្យផ្សិតរីករាលដាលយ៉ាងឆាប់រហ័សផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail 

ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម