ព័ត៌មានអន្ដរជាតិ
តើប្រទេសថៃកំពុងក្លាយជា «អ្នកជំងឺអាស៊ីអាគ្នេយ៍» ឬ?
បច្ចុប្បន្ន ក្រុមអ្នកវិភាគកាន់តែច្រើនឡើងបានពណ៌នាប្រទេសថៃថាជា «អ្នកជំងឺអាស៊ីអាគ្នេយ៍» ខណៈដែលអស្ថិរភាពនយោបាយរ៉ាំរ៉ៃ កំណើនសេដ្ឋកិច្ចខ្សោយ និងបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ច បានរួមបញ្ចូលគ្នាទាញទម្លាក់សេដ្ឋកិច្ចដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងតំបន់មួយនេះ។ នេះបើយោងតាមអត្ថបទវិភាគ និងស្រាវជ្រាវដោយ East Asia Forum (EAF) មានទីតាំងនៅសាលាគោលនយោបាយសាធារណៈ Crawford នៃមហាវិទ្យាល័យច្បាប់ គោលនយោបាយ និងអភិបាលកិច្ច នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី។

កំណើនសេដ្ឋកិច្ចថៃបាននៅទ្រឹង និងលើសពី២%តិចតួចប៉ុណ្ណោះ ដែលយឺតជាងបណ្តាប្រទេសជិតខាង ស្របពេលដែលកត្តាចាស់ជរានៃប្រជាជន ផលិតភាពទាប និងបំណុលគ្រួសារខ្ពស់ កំពុងដាក់សម្ពាធលើចក្ខុវិស័យរយៈពេលវែង។ ធនាគារពិភពលោក និងសេដ្ឋវិទូក្នុងស្រុក បានព្រមានថា ប្រសិនបើគ្មានការកែទម្រង់ស៊ីជម្រៅទេនោះ ប្រទេសថៃប្រឈមនឹងការធ្លាក់ក្នុងស្ថានភាពជាប់គាំងសេដ្ឋកិច្ចរ៉ាំរ៉ៃ ទោះបីជាខ្លួនមានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក៏ដោយ។
ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅតែជាកត្តាស្នូល។ រយៈពេលជាងពីរទសវត្សរ៍នៃរដ្ឋប្រហារ ការជ្រៀតជ្រែកពីតុលាការ និងរដ្ឋាភិបាលដែលមានអាយុកាលខ្លី បានធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពគោលនយោបាយ និងទំនុកចិត្តរបស់អ្នកវិនិយោគ។ ចលនានយោបាយដែលចង់មានការកែទម្រង់ត្រូវបានរារាំងម្តងហើយម្តងទៀតមិនឲ្យកាន់អំណាច ដែលនេះរឹតតែពង្រឹងនូវអ្វីដែលក្រុមអ្នកវិភាគហៅថាជាឥទ្ធិពលត្រួតត្រារបស់ «អំណាចអាណាព្យាបាល» ដែលមិនបានជាប់ឆ្នោត រួមមានយោធា និងប្រព័ន្ធតុលាការជាដើម។
ភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាដែលបានកើតឡើងជាថ្មី និងការខិតជិតមកដល់នៃការបោះឆ្នោតនៅខែកុម្ភៈឆ្នាំ២០២៦ បានបន្ថែមសម្ពាធកាន់តែខ្លាំង ដោយធ្វើឲ្យមានការបង្វែរការយកចិត្តទុកដាក់ចេញពីការកែទម្រង់សេដ្ឋកិច្ច ហើយបង្កើនការចំណាយលើផ្នែកសន្តិសុខ ក្នុងអំឡុងពេលដែលហិរញ្ញវត្ថុសាធារណៈកំពុងជួបការលំបាក។ វិបត្តិចុងក្រោយនេះ ក៏បានពង្រឹងជំហរនយោបាយរបស់យោធា ដែលបង្កឲ្យមានការភ័យខ្លាចចំពោះការជ្រៀតជ្រែកជាថ្មីក្នុងឆាកនយោបាយស៊ីវិល។
គំរូកំណើនសេដ្ឋកិច្ចដែលធ្លាប់តែរឹងមាំរបស់ថៃ ដែលផ្អែកលើការនាំចេញ ទេសចរណ៍ និងការវិនិយោគពីបរទេស កំពុងបង្ហាញសញ្ញានៃភាពចុះខ្សោយ។ អ្នកវិភាគនិយាយថា ដើម្បីស្តារសន្ទុះឡើងវិញ ចាំបាច់ត្រូវមានស្ថិរភាពនយោបាយ ការកែទម្រង់ស្ថាប័ន និងការបង្កើនការវិនិយោគសាធារណៈលើកត្តាជំរុញផលិតភាព ដូចជា វិស័យអប់រំជាដើម ដែលលក្ខខណ្ឌទាំងនេះហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ។
បើគ្មានការដោះស្រាយតាមបែបប្រជាធិបតេយ្យយូរអង្វែង និងរបៀបវារៈកែទម្រង់ច្បាស់លាស់ទេនោះ សេដ្ឋវិទូបានព្រមានថា ប្រទេសថៃប្រឈមនឹងការធ្លាក់ចុះកាន់តែខ្លាំងធៀបនឹងប្រទេសជិតខាងក្នុងអាស៊ីអាគ្នេយ៍ ហើយនឹងកាន់តែធ្វើឲ្យប្រទេសខ្លួនមានសេដ្ឋកិច្ចដើរយឺតជាងគេក្នុងតំបន់ ជំនួសឲ្យតួនាទីធ្លាប់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដូចកាលពីមុន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


