ព័ត៌មានអន្ដរជាតិ
វិបត្តិនៅ Greenland បង្រៀនមេរៀនមិនធម្មតាដល់អឺរ៉ុប អំពីការដឹកនាំរបស់លោក ត្រាំ
បន្ទាប់ពីសម្ពាធខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ស្រាប់តែបន្ទន់សម្លេងជាមួយអឺរ៉ុបដើម្បីគ្រប់គ្រង Greenland ក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៃប្រទេសស្វីស លោកក៏បានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងប្រឆាំង ដោយលុបចោលផែនការដាក់ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោកជួយសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យចៀសវាងការប្រឈមមុខដាក់គ្នា ដែលអាចបណ្តាលឲ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដួលរលំ។ វាក៏បង្ហាញផងដែរថា វិបត្តិ Greenland មិនមែនជាព្រឹត្តិការណ៍បណ្តោះអាសន្នទេ តែអឺរ៉ុបត្រូវរៀនមេរៀនដើម្បីដោះស្រាយជាមួយត្រាំ ឲ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។
លោក Thomas Wright សមាជិកនៅ Brookings Institution បានសរសេរនៅក្នុង The Atlantic ថា វិបត្តិ Greenland គឺជាការសាកល្បងមួយ។ អឺរ៉ុបប្រឈមមុខនឹងសំណួរស្នូលថា តើគ្រប់គ្នាពិតជាយល់ពីត្រាំ និងរបៀបដែលគាត់ប្រើអំណាចដែរឬទេ? តើពួកគេមានឆន្ទៈក្នុងការធ្វើសកម្មភាពលើមេរៀនទាំងនោះដែរឬទេ?
ដោយសារតែរឿង Greenland បានធ្វើឲ្យអឺរ៉ុបនិងអាមេរិក ហាក់សង្កៀតធ្មេញដាក់គ្នាអស់ជាច្រើនសប្ដាហ៍មកហើយ! ជាក់ស្ដែង ក្រោយចូលកាន់តំណែងអាណត្តិទីពីរ ត្រាំបានបញ្ឆេះបញ្ហានេះឡើងវិញ ហើយចាត់វិធានការដ៏ខ្លាំងក្លាជាងមុន ចាប់ពីការគំរាមកំហែងសកម្មភាពយោធារហូតដល់ការដាក់ពន្ធគយ។ សម្ពាធនេះធ្វើឲ្យសម្ព័ន្ធភាពអន្តរអាត្លង់ទិកចុះខ្សោយ។ ទំនុកចិត្តលើអាមេរិកកំពុងធ្លាក់ចុះបន្តិចម្តងៗនៅក្នុងប្រទេសដែលត្រូវបានកំណត់គោលដៅដោយប្រធានសេតវិមាន ហើយមេដឹកនាំអឺរ៉ុបត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយវាជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ វិបត្តិ Greenland បង្ហាញថាយុទ្ធសាស្ត្រដែលផ្អែកលើសម្បទានតែមួយមុខលែងគ្រប់គ្រាន់ដើម្បីការពារផលប្រយោជន៍អឺរ៉ុបទៀតហើយ ដោយសារ «ខ្សែបន្ទាត់ក្រហម» នៃអធិបតេយ្យភាពទឹកដីរបស់សមាជិកម្នាក់ត្រូវបានគំរាមកំហែង។ លើកនេះ សហភាពអឺរ៉ុបបានចាប់ផ្តើមបង្ហាញពីការត្រៀមខ្លួនក្នុងការឆ្លើយតប រួមទាំងសមត្ថភាពក្នុងការធ្វើឲ្យឧបករណ៍ពាណិជ្ជកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្លុកសកម្មដើម្បីដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន។
យោងតាមមូលនិធិ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅអាមេរិក ការវិវឌ្ឍបង្ហាញថា លោកត្រាំជាមនុស្សដែលមិនអាចទាយទុកជាមុនបាន ជួនកាលមានភាពម៉ឺងម៉ាត់ ប៉ុន្តែក៏ងាយនឹងខាតបង់ផងដែរ ជាពិសេសបើការវាយបករបស់គូប្រជែងរបស់គាត់មានហានិភ័យប៉ះពាល់ដល់ទីផ្សារអាមេរិក អាជីវកម្ម និងការរំពឹងទុករបស់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។
សូម្បីតែ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រអន្តរជាតិនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍លោក Kristina Spohr បានប្រាប់ថា មេរៀនគឺថា «អឺរ៉ុបត្រូវតែឈរយ៉ាងរឹងមាំ ត្រាំមិនយល់ថាចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ជំហររបស់អាមេរិកមិនត្រឹមតែមកពីអំណាចយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីអំណាចទន់ផងដែរ។ វាគឺជាបទបញ្ជារបស់ថ្នាក់ដឹកនាំដែលប្រទេសដទៃទៀតចូលរួមដោយស្ម័គ្រចិត្ត មិនមែនបង្ខំទេ»។
លោកបន្តថា អឺរ៉ុបត្រូវតែគោរពគោលការណ៍នៃអធិបតេយ្យភាព ទឹកដី ភាពសុចរិត និងការសម្រេចចិត្តដោយខ្លួនឯងសម្រាប់ប្រជាជននៅ Greenland សម្រាប់ប្រទេសដាណឺម៉ាក និងសម្រាប់ខ្លួនឯង។ មានតែពេលនោះទេដែលពួកគេអាចធានាបាននូវសណ្តាប់ធ្នាប់អន្តរជាតិដែលប្រទេសខ្នាតតូច និងមធ្យមត្រូវបានគោរព។
ដូច្នេះហើយ សម្រាប់មេដឹកនាំអឺរ៉ុប ការបន្ទន់សម្លេងរបស់ត្រាំគឺជាសញ្ញាល្អសម្រាប់ទំនាក់ទំនងទ្វេភាគី ប៉ុន្តែវាមិនមានន័យថាហានិភ័យចំពោះ Greenland បានបាត់ទៅវិញទាំងស្រុងនោះទេ។ លោកត្រាំមិនបានបោះបង់ចោលមហិច្ឆតារបស់លោកចំពោះកោះទេ ប៉ុន្តែហាក់ដូចជាគ្រាន់តែផ្លាស់ប្តូរយុទ្ធសាស្ត្រប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មុនទៅប៉េកាំង, អង់គ្លេសបញ្ចាក់ មិនជ្រើសរវាងអាមេរិក និង ចិនដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


