Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទាញសញ្ញាគ្រោះថ្នាក់នៃរលកកម្តៅ ដោយព្រមានថា ឆ្នាំនេះ នឹងក្តៅខ្លាំងណាស់

បានផុស

នៅ

ខែប្រាំងមិនទាន់ចូលមកដល់ទេនៅថៃ ប៉ុន្តែប្រទេសនេះបានជួបប្រទះអាកាសធាតុក្តៅជាបណ្តើរៗហើយ ដល់ថ្នាក់ឥឡូវមានការព្រមានទៀតផង អំពីរលកកម្តៅដ៏ខ្លាំងដែលនឹងបង្កគ្រោះថ្នាក់ដល់មនុស្ស។

(រូប៖ The Nation)

មុននេះ នាយកដ្ឋានឧតុនិយមថៃព្យាករណ៍ថា រដូវក្តៅឆ្នាំនេះនឹងធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ហើយឥឡូវ នាយកដ្ឋានសេវាវេជ្ជសាស្ត្រ (DoMS) បានចេញសេចក្តីណែនាំ ដោយជំរុញឲ្យប្រជាពលរដ្ឋ និងអាជីវកម្មនានា ត្រៀមលក្ខណៈសម្រាប់រដូវក្តៅដែលនឹងមកដល់ខាងមុខ ព្រោះមានគ្រោះថ្នាក់ខ្លាំង ជាពិសេសក្រុមមនុស្ស៥ប្រភេទដែលប្រឈមហានិភ័យដូចជា៖ មនុស្សវ័យចំណាស់ ក្មេងៗ ស្រ្តីមានផ្ទៃពោះ អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកទាំងឡាយណាដែលខ្វះទឹកមិនបាន។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១៨ខែកុម្ភៈ លោក Akkarathan Jitnuyanon អគ្គនាយករង DoMS និយាយថា សីតុណ្ហភាពពិភពលោកកំពុងកើនឡើង ហើយថៃកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ។ អាកាសធាតុក្តៅក៏អាចធ្វើឲ្យជំងឺរ៉ាំរ៉ៃកាន់តែអាក្រក់ទៅៗផងដែរ ជាពិសេសជំងឺបេះដូង និងសរសៃឈាម ព្រមទាំងជំងឺផ្លូវដង្ហើម។

ប៉ុន្មានសប្តាហ៍មុន ថៃបានចេញការព្យាកររួចហើយថា រដូវក្តៅឆ្នាំនេះនឹងចូលមកដល់រាងយឺតជាងឆ្នាំមុនៗ ប៉ុន្តែឆ្នាំនេះអាកាសធាតុនឹងក្តៅខ្លាំងជាងធម្មតា ហើយក៏មានការវាយប្រហារដោយព្យុះខែប្រាំងផងដែរ ខណៈតំបន់ខ្លះត្រូវប្រឈមនឹងគ្រោះរាំងស្ងួត។

(រូប៖ The Nation)

តាមប្រភពពីនាយកដ្ឋានឧតុនិយមថៃ, ឆ្នាំនេះរដូវក្តៅនឹងចូលមកដល់យឺតជាងរាល់ឆ្នាំពីរសប្តាហ៍ ពោលគឺរដូវក្តៅនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ហើយសីតុណ្ហភាពជាមធ្យមទូទាំងប្រទេសត្រូវព្យាករថានឹងមានកម្រិត៣៥អង្សាសេ។

យ៉ាងណា តាមការព្យាករដដែល, តំបន់ភាគខាងជើងនឹងជាកន្លែងអាកាសធាតុក្តៅវាយប្រហារខ្លាំងបំផុត ដោយសីតុណ្ហភាពនឹងកើនលើស ៤២អង្សាសេ ហើយខេត្តធ្ងន់ធ្ងរជាងគេគឺ Mae Hong Son, Lampang និង Tak។

ទន្ទឹមនោះ នាយកដ្ឋានបានចេញការព្រមានថា ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ ថៃនឹងជួបព្យុះខែប្រាំង និងភ្លើងឆេះព្រៃ ហើយតំបន់ខ្លះក៏ត្រូវរងគ្រោះដោយគ្រោះរាំងស្ងួតផងដែរ ជាពិសេសចាប់ពីពាក់កណ្តាលខែមីនាដល់ខែមេសា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម