Connect with us

ព័ត៌មានអន្ដរជាតិ

ថៃងាកទៅរកប្រេងរុស្ស៊ី ក្រោយ​អាមេរិក​បើក​ភ្លើង​បៃតង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានប្រកាស​នា​ថ្ងៃអង្គារ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២៦​នេះថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ប្រេងឆៅ​ឲ្យ​មកប្រទេសថៃ ខណៈដែលព្រះរាជាណាចក្រមួយនេះកំពុងខិតខំស្វែងរកប្រភពថាមពលចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ាដែលកំពុងមានអស្ថិរភាព។

លោក Sihasak Phuangketkeow (រូបថត៖ ក្រសួង​ការបរទេស​ថៃ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​​បាងកក​ប៉ុស្តិ៍ ថ្លែងចេញពីកិច្ចប្រជុំកំពូល Global Fraud Summit ក្នុងទីក្រុងវីយែន លោក Sihasak បានកត់សម្គាល់ថា ការដែល​អាមេរិកបានសម្រេចបន្ធូរបន្ថយទណ្ឌកម្មលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីនាពេលថ្មីៗ គឺជាឱកាសមាសដែលជួយសម្រួលដល់កិច្ចព្រមព្រៀងមួយនេះ។ ក្រៅពីរុស្ស៊ី ថៃក៏កំពុងពន្លឿនការពិភាក្សាជាមួយប្រទេសផលិតប្រេងផ្សេងទៀតដូចជា ប្រេស៊ីល នីហ្សេរីយ៉ា និងកាហ្សាក់ស្ថានផងដែរ ទោះបីជាបច្ចុប្បន្នថៃនៅមានប្រេងបម្រុងទុកសម្រាប់ប្រើប្រាស់បានចន្លោះពី៩៥ទៅ១០០ថ្ងៃក៏ដោយ។

ចំណែកឯករណីនាវិកថៃ៣​នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីដ្រូនវាយប្រហារលើនាវាដឹកទំនិញ «Mayuree Naree» នៅជិតច្រកសមុទ្រ Hormuz នោះ លោក Sihasak បានបញ្ជាក់ថា លោកបានទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រួចហើយ។ ទីក្រុងតេហេរ៉ង់បានសម្តែងការសោកស្តាយ និងផ្តល់ជំនួយក្នុងការសម្របសម្រួលស្វែងរកតាមរយៈកងទ័ពជើងទឹកអ៊ីរ៉ង់ ប៉ុន្តែ​ប្រតិបត្តិការសង្គ្រោះនេះនៅតែមានភាពស្រពិចស្រពិល និងអាស្រ័យលើស្ថានភាពសន្តិសុខជាក់ស្តែងនៅសមរភូមិ។ បច្ចុប្បន្ន ថៃកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអូម៉ង់ និងបានបញ្ជា​ឲ្យ​កងទ័ពជើងទឹករបស់ខ្លួន ទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីតាមដានរឿងនេះ បន្ទាប់ពីនាវិក២០​នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងត្រឡប់មកដល់ផ្ទះវិញកាលពីចុងសប្តាហ៍មុន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម