Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ចង់ពន្លឿនការបោះបង្គោលព្រំដែនគោកជាមួយ ថៃ ដែលនៅសល់ត្រឹម ៧ ភាគរយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីឡាវលោក Phan Khamviphavan បានអះអាងថា ការបោះបង្គោលព្រំដែនរវាងឡាវ និងថៃ ត្រូវតែបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសគឺព្រំដែនគោកដែលនៅសេសសល់ត្រឹមតែ ៧ ភាគរយប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា កិច្ចសហប្រតិបត្តិការរវាងឡាវ និងថៃ ដែលលើកកម្ពស់ស្ថានភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងផែនការសកម្មភាពរួមគ្នារវាងឡាវ និងថៃ ក្នុងឆ្នាំ ២០២២-២០២៦ ផងនោះ ក៏ត្រូវបានចាត់ទុកថា ជាសករាជថ្មីនៃកិច្ចសហប្រតិបត្តិការរវាងឡាវ-ថៃ ជាផ្នែកមួយដែលមានសារៈសំខាន់បំផុត គឺការពង្រឹងការយល់ដឹងដ៏ល្អរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសតំបន់ព្រំដែនក៏ត្រូវបានចាត់ទុកថាជាតំបន់អាទិភាពក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ (ឡាវ-ថៃ) ផងដែរ ។

ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលអាជ្ញាធររវាងប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់នូវរាល់ចលនាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែល​រួម​បញ្ចូល​ទាំង​ការ​បោះ​បង្គោល​ព្រំដែន​គោក​ និង​ព្រំដែនទឹករវាងប្រទេសទាំងពីរឲ្យចប់ឆាប់ៗ ។​

លោក ផាន់ខាំ វិផាវ៉ាន់ បាន​បញ្ជាក់​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ថ្មីៗ​នេះថា៖ “ឡាវសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការថែរ​ក្សាសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ជាពិសេសគឺការបង្រ្កាបការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សជាដើម ព្រមទាំងការចុះល្បាតតាមដងទន្លេមេគង្គដែលមានព្រំដែនជាប់ប្រទេសឡាវ។ ជាពិសេសក្នុងការធានាធ្វើយ៉ាងណាឲ្យព្រំដែនរបស់យើងទាំងពីរជាព្រំដែនសន្តិភាព ហើយជាការល្អយើងព្យាយាមបញ្ចប់ការបោះបង្គោលព្រំដែនគោក និងព្រំដែនទឹកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទុកជាមរតកសម្រាប់កូនចៅយើង”

ចំណែកមន្ត្រីជាន់ខ្ពស់ថៃនៃគណៈកម្មការព្រំដែនចម្រុះរវាងឡាវ-ថៃ បានបញ្ជាក់ថា ក្រុមការងារ ថៃ-ឡាវ នឹងបន្តធ្វើការរួមគ្នាដើម្បីបង្កើតផែនទីព្រំដែនទឹកច្បាប់ថ្មីដែលមានខ្នាត ១/២៥,០០០ រួមទាំងបន្តការរុករកតាមផ្កាយរណប GPS នៅតាមដងទន្លេមេគង្គខាងប្រទេសថៃបានសរុបចំនួន ១៦៧ ចំណុច ប៉ុន្តែការប្រតិបត្តិការក៏ត្រូវបានផ្អាក ដោយសារតែការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចាប់តាំងពីឆ្នាំ ២០២០ ។

បច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរបស់ប្រទេសឡាវជាមួយប្រទេសជិតខាងត្រូវបានបញ្ចប់ជាស្ថាពរជាមួយប្រទេសចំនួន ៣ គឺ៖ មីយ៉ាន់ម៉ា ចិន និងវៀតណាម ពោលគឺ​នៅសល់តែ ​២ ​ប្រទេសប៉ុណ្ណោះ គឺប្រទេសថៃ និង ​កម្ពុជា ដែលនឹងត្រូវបន្តការរុករកដើម្បី​បោះ​បង្គោល​ព្រំដែនរួមគ្នាបន្ត ខណៈចំពោះឡាវ និងកម្ពុជាក៏បានព្រមព្រៀងគ្នាក្នុងការបោះបង្គោលព្រំដែនបាន​ប្រវែង ៤៦០ ​គីឡូម៉ែត្រ ឬ​ស្មើ​នឹង ៨៦ ភាគរយ​នៃ​ព្រំដែនទាំងអស់ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Lao

ចុចអាន ៖ ឡាវ ចាប់បានកញ្ឆាជិត ១ តោន ត្រៀមដឹកឆ្លងទន្លេមេគង្គទៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម