ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ឬ ភូមា៖ ហេតុអ្វីប្រទេសមួយមានឈ្មោះពីរ តើមានរឿងរ៉ាវយ៉ាងដូចម្តេច?
នៅសប្តាហ៍នេះ យោធាបានកាន់កាប់ប្រទេសនេះនៅក្នុងរដ្ឋប្រហារមួយដែលរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នបំផុត។ យោធានិយាយថា ការរឹបអូសអំណាចគឺចាំបាច់ណាស់ពីព្រោះរដ្ឋាភិបាលបានបរាជ័យក្នុងការធ្វើសកម្មភាពលើការចោទប្រកាន់ពីការក្លែងបន្លំអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាដែលគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីទទួលជ័យជម្នះ ភ្លូកទឹកភ្លូកដី។ ខ្លួនអះអាងថា ការកាន់កាប់នេះគឺស្របតាមរដ្ឋធម្មនុញ្ញ។

ប៉ុន្តែតើរដ្ឋប្រហារនេះកើតឡើងនៅទីណាឲ្យពិតប្រាកដ? នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានគេហៅជាផ្លូវការ ឬនៅក្នុងប្រទេសភូមាដែលជាឈ្មោះទីក្រុងវ៉ាស៊ីនតោននៅតែបន្តប្រើប្រាស់?
ចម្លើយគឺស្មុគស្មាញណាស់ពីព្រោះនៅពេលនិយាយដល់ប្រទេសមីយ៉ាន់ម៉ា អ្វីៗទាំងអស់គឺមានលក្ខណៈនយោបាយរួមទាំងភាសាផងដែរ។
ហេតុអ្វីបានជាប្រទេសមួយមានឈ្មោះពីរ?

អស់រយៈពេលជាច្រើនជំនាន់មកហើយ ប្រទេសនេះត្រូវបានគេហៅថា ភូមា តាមឈ្មោះក្រុមជនជាតិភាគតិចភូមា។ ប៉ុន្តែនៅឆ្នាំ១៩៨៩ ពោលគឺមួយឆ្នាំបន្ទាប់ពីរបបយោធាផ្តាច់ការធ្វើការបង្ក្រាបយ៉ាងព្រៃផ្សៃលើការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យ មេដឹកនាំយោធាបានប្តូរឈ្មោះទៅជា មីយ៉ាន់ម៉ាវិញភ្លាមៗ។
នៅពេលនោះ ប្រទេសភូមាគ្មានឋានៈអ្វីឡើយលើឆាកអន្តរជាតិហើយគ្មានមធ្យោបាយណាមួយដើម្បីកែលម្អមុខមាត់របស់ខ្លួនសោះ។ ដោយសង្ឃឹមថានឹងចូលរួមជាមួយភាពស្របច្បាប់ជាអន្តរជាតិ ប្រទេសនេះនិយាយថា ខ្លួននឹងបោះបង់ចោលឈ្មោះដែលត្រូវបានប្រគល់ពីអតីតអាណានិគមរបស់ខ្លួននិងត្រូវជំរុញសាមគ្គីភាពជនជាតិភាគតិច។ ក្រុមមន្រ្តីបាននិយាយថា ឈ្មោះចាស់នេះមិនបានរាប់បញ្ចូលជនជាតិភាគតិចរបស់ប្រទេសទេ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេស វាគ្មានផ្លាស់ប្តូរអ្វីទេ។ នៅក្នុងភាសាភូមា “មីយ៉ាន់ម៉ា” គឺជាកំណែផ្លូវការរបស់ “ភូមា”។ ឈ្មោះរបស់ប្រទេសនេះ ត្រូវបានផ្លាស់ប្តូរតែជាភាសាអង់គ្លេសប៉ុណ្ណោះ។
មានមនុស្សមិនច្រើនទេដែលដឹង។ ភាគច្រើននៃពិភពលោកបានបង្ហាញការប្រឆាំងនឹងរបបយោធាដោយបដិសេធមិនប្រើឈ្មោះថ្មី។
តើរឿងរ៉ាវផ្លាស់ប្តូរនៅពេលណា?

កាលពីជាងមួយទសវត្សរ៍មុន ប្រទេសនេះបានចាប់ផ្តើមការផ្លាស់ប្តូរពាក់កណ្តាលប្រជាធិបតេយ្យ។ យោធាបានរក្សាអំណាចនយោបាយយ៉ាងទូលំទូលាយ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងត្រូវបានដោះលែងពីពន្ធនាគារនិងការឃុំខ្លួនក្នុងផ្ទះ ហើយការបោះឆ្នោតត្រូវបានអនុញ្ញាតឲ្យរៀបចំឡើង។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យយូរអង្វែង លោកស្រីស៊ូជីបានក្លាយជាមេដឹកនាំស៊ីវិលរបស់ប្រទេសនេះ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសនិងសារព័ត៌មានជាច្រើនរួមទាំង Associated Press ផងដែរបានចាប់ផ្តើមប្រើប្រាស់ឈ្មោះផ្លូវការរបស់ប្រទេសនេះ។ នៅពេលការបង្ក្រាបបានធូរស្បើយហើយការប្រឆាំងជាអន្តរជាតិចំពោះយោធាកាន់តែមានសន្ទុះកាន់តែខ្លាំងឡើងៗ មីយ៉ាន់ម៉ាបានក្លាយទៅជាឈ្មោះដែលគេប្រើប្រាស់ជាធម្មតា។ នៅខាងក្នុងប្រទេស មេដឹកនាំក្រុមប្រឆាំងបានបញ្ជាក់យ៉ាងច្បាស់ថា វាមិនមានបញ្ហាអ្វីទៀតទេ។
មិនដូចប្រទេសផ្សេងៗលើពិភពលោកទេ រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែប្រើជាផ្លូវការនូវឈ្មោះ “ភូមា”។
កាលពីឆ្នាំ២០១២ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសនេះ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានប្រើទាំងពាក្យ “ភូមា” និង“ មីយ៉ាន់ម៉ា”។ ទីប្រឹក្សារបស់ប្រធានាធិបតីមីយ៉ាន់ម៉ាបានហៅថា“វិជ្ជមានជាទីបំផុត” ហើយបាននិយាយថា វាជា “ការទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា”។
ចុះឥឡូវនេះជាអ្វី?

ការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះរដ្ឋប្រហារហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការរិះគន់ចាស់ៗ ខណៈទាំងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Antony Blinken និងលោកប្រធានាធិបតី Joe Biden បានចៀសវាងប្រើឈ្មោះផ្លូវការរបស់ប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Biden បាននិយាយថា “សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសភូមាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ដំណើរថយក្រោយនៃវឌ្ឍនភាពនោះ នឹងត្រូវការការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់នៃការដាក់ទណ្ឌកម្មរបស់យើង”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសភាគច្រើនផ្សេងទៀតនៅតែបន្តហៅវាថា មីយ៉ាន់ម៉ា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asahi
ចុចអាន៖ លោកស្រី ស៊ូជី ត្រូវប៉ូលិសមីយ៉ាន់ម៉ាដាក់ការចោទប្រកាន់បន្ទាប់ពីរកឃើញឧបករណ៍នាំចូលខុសច្បាប់ក្នុងផ្ទះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ