ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសលែងហុចគ្រាប់ឲ្យ អ៊ីស្រាអែល
ផែនការដឹកជញ្ជូនគ្រាប់រំសេវពីសំណាក់បងធំសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែលត្រូវបានបញ្ឈប់ជាបន្ទាន់ ហើយក៏មិនមានការបញ្ជាក់ពីពេលវេលាចាប់ផ្ដើមហុចជំនួយសាជាថ្មីទៅឲ្យរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមនោះដែរ ស្របពេលដែលសេតវិមានកាន់តែថ្នាំងថ្នាក់ចិត្តចំពោះសកម្មភាពគ្មានត្រាប្រណីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីអ៊ីស្រាអែល ២ រូបបានប្រាប់គេហទំព័រព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យថា “រដ្ឋាភិបាលអ៊ីស្រាអែលកំពុងតិះដៀលទៅដល់សម្ព័ន្ធមិត្តអាមេរិក ហើយសូមឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ពីដើមចមនៃការផ្អាកដឹកជញ្ជូនគ្រាប់រំសេវមកឲ្យខ្លួនដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ជាពិសេសគឺផ្ទាំងស៊ីបនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាតែម្ដង” ។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា សង្គ្រាមលុកលុយរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ដែលសម្បូរដោយជនស៊ីវិលនឹងក្លាយជា “បន្ទាត់ក្រហម” ហើយលោកប្រធានាធិបតីថែមទាំងបានស្តីបន្ទោសជាសាធារណៈចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកសម្លាប់មនុស្សមិនរើសមុខលើតំបន់ហ្គាហ្សាផងដែរ ។

បើទោះបីជា សហរដ្ឋអាមេរិកបានគ្រហឹម និងបង្ហាញវោហារសាស័ព្ទបែបនេះក្ដី ប៉ុន្តែយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN បានឲ្យដឹងថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលា ២០២៣ មក រដ្ឋបាលលោក Biden បានហុចអាវុធ និងគ្រាប់រំសេវជាហូរហែទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈគិតត្រឹមពេលនេះ ទីក្រុងវ៉ាស៊ីនបានអនុម័តការដឹកអាវុធជាង ១០០ ដងទៅហើយឲ្យរដ្ឋជ្វីហ្វមួយនេះ ។
ចំណែកទាក់ទិននឹងហេតុអ្វីបានជាការផ្ដល់កញ្ចប់ជំនួយជាង ១០០ ដងមកនេះ មិនមានការចុះផ្សាយជាព័ត៌មាន នោះក៏ដោយសារតែជាទូទៅរាល់ការប្រកាសជាសាធារណៈក្នុងការហុចជំនួយណាមួយទៅបរទេស គឺលុះត្រាតែកញ្ចប់ជំនួយទាំងនោះមានតម្លៃលើសពី ២៥០ លានដុល្លារ ។ កញ្ចប់ធំទាំងនេះត្រូវបានអនុម័តកាលពីខែមុន ដែលរួមមានគ្រាប់បែក MK84 ទម្ងន់ជិត ១ តោន និងគ្រាប់បែក MK82 ទម្ងន់ជិត ២៣០ គីឡូក្រាម ក៏ដូចជាគ្រាប់បែកខ្នាតតូចជាង ១,០០០ គ្រាប់ផងដែរ ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីចលនប្រដាប់អាវុធរបស់ប៉ាឡេស្ទីនមួយនេះបានបើកប្រតិបត្តិការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ឈ្លើយសឹកប្រហែល ២៥០ នាក់ផងដែរ ។
ទន្ទឹមនោះ ក្នុងភ្នក់ភ្លើងសង្គ្រាមជិត ៧ ខែក្រោយមកនេះ អ៊ីស្រាអែលក៏បានប្រើថ្នាំខ្លាំងសងសឹកទៅលើតំបន់ហ្គាហ្សាយ៉ាងចាស់ដៃដូចគ្នា ដោយរហូតមកដល់ពេលនេះបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាង ៣៥,០០០ នាក់ហើយ ខណៈលោក Biden និងមន្ត្រីអ្នកមុខអ្នកការរបស់លោកកាន់តែសង្គ្រឺតធ្មេញរិះគន់ទៅដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំពោះអំពើដ៏សាហាវយង់ឃ្នងមួយនេះ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល ចូលឆែកឆេរការិយាល័យ Al Jazeera ក្រោយសម្រេច បិទការផ្សាយ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


