ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា កម្ពុជានិងថៃប្តេជ្ញាអនុវត្តបទឈប់បាញ់ឲ្យពេញលេញ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលកំពុងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសកម្ពុជានិងថៃ ដោយមានការអង្កេតការពីសំណាក់ប្រទេសចិននិងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ចប់ទំនាស់បង្ហូរឈាមនៅតាមព្រំដែន តាមរយៈការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ។

នៅក្នុងការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកថា លោកបានទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ជាមួយគណៈប្រតិភូរៀងៗខ្លួនរបស់ប្រទេសទាំងពីរ។
លោក អាន់វ៉ា បានលើកឡើងថា៖«កិច្ចប្រជុំនេះមានអត្ថន័យខ្លាំងណាស់ នៅពេលដែលយើងបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបន្តការសន្ទនា និងរក្សាបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែកក្កដា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលមិនអាចខ្វះបាននៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្តថា៖«ខ្ញុំសូមកោតសរសើរចំពោះទំនុកចិត្តដែលផ្តល់ដោយប្រទេសថៃ និងកម្ពុជាដល់ប្រទេសម៉ាឡេស៊ី ក្នុងការបន្តដឹកនាំការចរចាស្វែងរកសន្តិភាព និងការតាមដានស្ថានការណ៍នៅតាមព្រំដែន ជាពិសេសតាមរយៈតួនាទីដ៏សំខាន់របស់ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី»។
នៅក្នុងការសន្ទនានោះ តាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន រួមទាំងការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍ឱ្យបានពេញលេញនូវបទឈប់បាញ់ដោយគ្មានទម្រង់នៃការវាយលុកណាមួយ មិនបន្ថែមកងកម្លាំង ឬផ្លាស់ប្តូរការដាក់ពង្រាយកងទ័ព ជៀសវាងសកម្មភាពបង្កហេតុ ក៏ដូចជាការធានាការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
កិច្ចពិភាក្សាដែលមានរយៈពេល៣០នាទីនោះ ក៏មានការលើកឡើងអំពីសំណើនៃការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងតាមដាន ជំនួយមនុស្សធម៌ និងការគ្រប់គ្រងផ្នែកវេជ្ជសាស្រ្តនៅតាមតំបន់ព្រំដែន។
លោក អាន់វ៉ា បានសរសេរថា៖«ខ្ញុំ និងក្រុមម៉ាឡេស៊ីទាំងមូលនឹងបន្តធ្វើការដើម្បីគាំទ្រដំណើរការសន្តិភាពនេះ ដោយផ្អែកលើជំនឿ និងទំនុកចិត្តថាសន្តិភាពយូរអង្វែងអាចសម្រេចបានតាមរយៈកិច្ចសន្ទនា មិត្តភាព និងភាពស្មោះត្រង់»។
នៅមុនកិច្ចប្រជុំ GBC បានចាប់ផ្តើមកាលថ្ងៃទី៥ខែសីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងពីការដាក់ពង្រាយផ្កាយរណបសម្រាប់ការតាមដានឃ្លាំមើលការអនុវត្តបទឈប់បាញ់៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


