សុខភាព
ដុំមហារីកសាច់ថ្លើម ភាគច្រើនបណ្ដាលមកពីការរលាកសាច់ថ្លើមរ៉ាំរ៉ៃ
ដោយសារមេរោគរលាកថ្លើមប្រភេទសេ ប្រភេទបេ និងការពិសាគ្រឿងស្រវឹងច្រើន ហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយ គឺការលេចចេញ នៃដុំមហារីក នៅលើសាច់ថ្លើមដែលក្រិននោះ (80-90%)។
មូលហេតុខ្លះៗបន្ថែមទៀតមាន ៖
– សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចម្អិនមិនឆ្អិនល្អ។
– ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។
ចំណាំ ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០%ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរ៉ៃ (chronic hepatitis B )។

ក) រោគសញ្ញា ៖
រោគសញ្ញាដែលអាចឲ្យយើងដឹងអំពីជំងឺមួយនេះគឺមានដូចជា:
– មានការឈឺចុកចាប់នៅផ្នែកខាងស្តាំ នៃពោះ
– ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)
– អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញា នៃជំងឺក្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង…)
– មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនិត្យមើលអេកូពោះ(Medical checkup)…។
ខ) ការធ្វើរោគវិនិច្ឆ័យ ៖
យើងអាចធ្វើឡើងបានតាមរយៈ
– ការសាកសួរអំពីប្រវត្តិរបស់ជំងឺ
– ការពិនិត្យរបស់វេជ្ជបណ្ឌិត (Physical examination)
– ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម
– ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker
– ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy)
– ការធ្វើស្កាន់នែរពោះដោយចាក់ថ្នាំ (Injection abdominal CT scan)។
គ)ការព្យាបាល ៖
វិធីសាស្ត្រ នៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល និង សារជាតិគីមី(Chemo embolisation) ដើម្បីកម្ទេចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំ ដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកម្ពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឲ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
បច្ចុប្បន្ននេះមានការព្យាបាលទំនើបថ្មីមានដូចជា ៖
១. ការព្យាបាលដោយថ្នាំឆ្លាតកម្ទេចហ្សែន អាចពន្យារជីវិតអ្នកជំងឺបានយូរដល់២ឆ្នាំភាគច្រើន ហើយគុណភាពជីវិតរបស់អ្នកជំងឺប្រសើរជាងការមិនព្យាបាលឆ្ងាយណាស់។ អ្នកជំងឺភាគច្រើនរស់នៅដូចមនុស្សធម្មតា មិនមានការឈឺចាប់អ្វីទាំងអស់។
២. មហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្ដូរថ្លើមថ្មី បន្ទាប់មកបន្តការព្យាបាលដោយថ្នាំឆ្លាត រយៈពេល២ឆ្នាំ អ្នកជំងឺរស់បានលើសពី៥ឆ្នាំ ៥០%។
បញ្ជាក់ ៖ ការប្រើប្រាស់ថ្នាំគីមីចាក់តាមសរសៃ (Chemotherapy) និងការបាញ់កាំរស្មី(Radiotherapy) ទៅលើដុំសាច់មហារីកនេះ គឺមិនមានចម្លើយល្អជាវិជ្ជមាននោះទេសម្រាប់ប្រភេទ នៃដុំមហារីកមួយនេះ។ ជំងឺមហារីកថ្លើមមិនអាចបង្ការបាន100%ទេ។
ដំបូន្មានរបស់ក្រុមការងារវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត គឺមានតែការបង្ការ និងការពារតែមួយគត់ដែលជាវិធីល្អបំផុតសម្រាប់គ្រប់អ្នកជំងឺ។ ការព្យាបាលមេរោគរលាកថ្លើមប្រភេទបេ និង សេ ឲ្យបានត្រឹមត្រូវ និងប្រាកដប្រជា មុនពេលវិវត្តទៅដល់ដំណាក់កាលក្រិនថ្លើមនេះ ការចាក់ថ្នាំបង្ការការពារមេរោគរលាកថ្លើមប្រភេទ បេ ពីដំបូងទី និងចៀសវាងការពិសាគ្រឿងស្រវឹងរយៈពេលយូរជាដើម គឺជាវិធានការដ៏ប្រសើរបំផុត៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


