ពេលខ្លះអ្នកមានការភាន់ច្រឡំ និងមិនអាចបែងចែកឱ្យច្បាស់ រវាងកល្យាណមិត្ត និងមិត្តក្លែងក្លាយ។ ដោយសារមនុស្សក្លែងក្លាយ មិនដែលបង្ហាញចេញចេតនាមកត្រង់ៗឱ្យអ្នកបានដឹង។ ប៉ុន្តែ ការលើកទឹកចិត្ត ភាពស្មោះត្រង់ និងភាពស្និទ្ធស្នាលចេញពីចិត្ត មិនមានក្នុងមិត្តភាពក្លែងក្លាយនោះទេ។
ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី នឹងប្រាប់ពីគន្លឹះទាំង ៥ ដែលបង្ហាញពីអត្តចរិតមិត្តក្លែងក្លាយ។
១. មិត្តមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន
បើអ្នកកត់សម្គាល់ឃើញថា មិត្តរបស់អ្នកតែងតែលេចវត្តមាន នៅពេលពួកគេត្រូវការជំនួយពីអ្នក ប៉ុន្តែជាប់រវល់ រាល់ពេលអ្នកត្រូវការពឹងពាក់ពួកគេវិញម្ដង។ ជាក់ស្ដែង ពួកគេមកចូលរួមកម្មវិធីរបស់អ្នក ដើម្បីគ្រាន់តែស្គាល់មនុស្សថ្មីៗ ឱ្យមានបណ្ដាញបានច្រើនតែប៉ុណ្ណោះ។ នេះជាសញ្ញាមួយបង្ហាញថា ពួកគេជាមិត្តភ័ក្ដិក្លែងក្លាយ។
២. មិត្តភ័ក្ដិដែលបំបាក់ទឹកចិត្តអ្នក
មិត្តក្លែងក្លាយនឹងមិននិយាយចំណុចល្អ ឬលើកសរសើរអ្នកដូចកល្យាណមិត្តឡើយ។ អ្នកជំនាញខាងចិត្តសាស្ត្របាននិយាយថា នៅពេលដែលអ្នកនៅក្បែរមិត្តប្រភេទនេះ អ្នកនឹងមិនមានអារម្មណ៍ស្រណុកក្នុងចិត្ត ឬអារម្មណ៍មានតម្លៃ ជាដើម។ ពេលខ្លះ ពួកគេមិនបាននិយាយចេញដោយផ្ទាល់មាត់ទេ ប៉ុន្តែបង្ហាញពីចេតនាមិនល្អ តាមរយៈទឹកមុខ និងកាយវិការ។
៣. មិត្តដែលមិនត្រេកអរជាមួយភាពជោគជ័យរបស់អ្នក
ពួកគេមិនត្រឹមតែ មិនចូលរួមអបអរជាមួយនឹងការសម្រេចកិច្ចការអ្វីមួយរបស់អ្នកនោះទេ ប៉ុន្តែថែមទាំងមើលងាយនូវសមិទ្ធផល ស្នាដៃ និងភាពជោគជ័យរបស់អ្នកទៅវិញ។ ជាឧទាហរណ៍ ពួកគេឆក់ឱកាសដែលអ្នកកំពុងជោគជ័យ ទៅនិយាយអាក្រក់ ចង់បំបាក់មុខរបស់អ្នក ដោយប្រើពាក្យថា សមិទ្ធផលទាំងនោះមិនមែនជារឿងធំទេ នរណាក៏អាចធ្វើបានដូចគ្នា។
៤. មិត្តដែលនិយាយអាក្រក់ពីក្រោយខ្នងអ្នក
ទោះជាយ៉ាងណា រឿងនិយាយអាក្រក់ និយាយដើមនេះ ពួកគេមិនងាយឱ្យអ្នកចាប់បានឡើយ។ បើសិនជាក្នុងករណីអ្នកលេចឮពាក្យមិនពិត ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះអ្នក ដោយមិត្តណាម្នាក់។ វាគួរតែល្មមគ្រប់គ្រាន់ដល់ពេលដែលអ្នកឈប់សេពគប់ ដើរចេញពីមនុស្សទ្រុស្តមិត្តប្រភេទនោះ។
៥. មិត្តមិនដែលមានពាក្យល្អមកកាន់អ្នក
វាជារឿងត្រឹមត្រូវ ក្នុងការរិះគន់គ្នាទៅវិញទៅមកក្នុងន័យស្ថាបនា ទោះបីស្ថិតក្នុងទំនាក់ទំនងបែបណាក៏ដោយ។ ការនិយាយរិះគន់គ្នា ត្រូវនិយាយនៅចំមុខគ្នា ទើបអាចកែប្រែបញ្ហា និងរកចំណុចល្អឃើញ ប៉ុន្តែបើគេព្យាយាមយកចំណុចខ្សោយរបស់អ្នកទៅនិយាយជាមួយអ្នកផ្សេង និងមិនដែលមានពាក្យល្អៗ លើកទឹកចិត្តមកកាន់អ្នក។ នេះបានន័យថា ពួកគេមិនបានរាប់អានអ្នកដោយចេញពីចិត្តឡើយ។ ជាធម្មតា មិត្តភាពមួយអាចបន្តទៅមុខដោយរឹងមាំបាន គឺវាទាមទារការស្រឡាញ់រាប់អាន បង្ហាញចេញទៅដោយចេតនាស្មោះត្រង់។
ជារួម បើសិនជាអ្នកកត់សម្គាល់ឃើញមិត្តភ័ក្ដិរបស់អ្នកមានចំណុចណាមួយខាងលើ អ្នកគួរតែព្យាយាមសង្កេតឱ្យបានច្បាស់លាស់ដោយចិត្តត្រជាក់ ដើម្បីជៀសវាងការភាន់ច្រឡំមិត្តល្អទៅជាមិត្តក្លែងក្លាយ៕
ប្រែសម្រួល៖ លីលី
ចុចអាន៖ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង
ចុចអាន៖កំពូលមនុស្ស ៥ ប្រភេទ អាចជាមិត្តទ្រុស្តមិត្ត ឃើញទីណាគួរចៀសឆ្ងាយភ្លាមៗ