Connect with us

KPT+

វិធីសាស្ត្រថែរក្សាសក់ឱ្យដុះលឿន តាមរយៈសកម្មភាពប្រចាំថ្ងៃ

បានផុស

នៅ

អ្នកដែលមានសក់ស្តើង អាចបង្កមកពីកត្តាហ្សែន សុខភាព និងសកម្មភាពមួយចំនួន ដោយឥតដឹងខ្លួន។ បញ្ហានេះអាចទាក់ទងនឹង​កត្តា​ខាង​ក្នុង​បណ្តាល​ពី បម្រែបម្រួល​អ័រម៉ូន កង្វះ​អាហារូបត្ថម្ភ ជំងឺ​ស្រ្តេស និង​កត្តា​សកម្មភាព​ខាងក្រៅ​ដូចជា សិតសក់​ខ្លាំងៗ កៀបសក់​នឹង​កម្តៅ​ម៉ាស៊ីន​ក្ដៅ​ពេក រួមទាំង​ផ្លាស់ប្ដូរ​ពណ៌​សក់​ជាញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​វា​មិន​ទាន់​ហួស​ពេល​ទេ ក្នុង​ការ​ចាប់ផ្ដើម​ថែរក្សា​សក់របស់អ្នកឱ្យដុះលឿន និងក្រាស់​តាមរយៈ​វិធីសាស្ត្រ​ដែល​អាច​អនុវត្ត​បាន​ដោយខ្លួនឯង​នៅផ្ទះទាំង ៥ ខាងក្រោម។

១. កាត់តម្រឹម​សក់​ឱ្យ​បាន​ញឹកញាប់

បើសិន​ជាអ្នកចង់បានសក់វែង និងមានសុខភាពល្អ អ្នកត្រូវកាត់តម្រឹមសក់ឱ្យបានញឹកញាប់។ លោក Michael Duenas ជា​អ្នកជំនាញខាងម៉ូដសក់ដ៏ល្បីនៅទីក្រុង LA  បានពន្យល់ថា ការកាត់សក់​មិនបានធ្វើឱ្យសក់ដុះលឿនទេ ប៉ុន្តែវាជួយកម្ចាត់បញ្ហាបែកចុងដែលធ្វើឱ្យសក់ខូច ហើយការតម្រឹមសក់ដែលបែកចុងចោល វាជួយឱ្យសក់របស់អ្នកដុះលូតលាស់លឿន។

២. ផ្លាស់ប្ដូរ​របប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ

ការដែល​មានសក់វែង និងរឹងមាំល្អ មិនមែន​ពឹងផ្អែកតែ​លើផលិតផលដែលអ្នកប្រើប្រាស់មួយ​មុខនោះទេ។ កត្តាខាងក្នុង​គឺ​មាន​សារៈសំខាន់​ជាង តាមរយៈរបបអាហារដែលអ្នកបរិភោគ។ អ្នកជំនាញ​បានណែនាំ​ឱ្យ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីនខ្ពស់​ដូចជា សាច់ សណ្ដែក ត្រី និង​គ្រាប់​ធញ្ញជាតិ។ ក្រៅពីប្រូតេអ៊ីន អ្នកគួរបរិភោគវីតាមីនA C E និងសារធាតុរ៉ែដូចជា ស័ង្កសី ជាតិ​ដែក អាស៊ីត​ខ្លាញ់ អូមេហ្គា៣ ដែលរួមចំណែកជួយសក់របស់អ្នកមានសុខភាពល្អ តាម​ការណែនាំ​របស់​មន្ទី​ពិសោធន៍​អាហារូបត្ថម្ភរបស់វិទ្យាស្ថានមួយកន្លែង។

. កាត់បន្ថយ​ការ​កក់សក់​ញឹកញាប់

ការកក់សក់ញឹកពេក វាអាចបណ្តាលឱ្យប៉ះពាល់ស្បែកក្បាល និងសុខភាពសក់។ អ្នកគួរ​កក់សក់ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​គឺគ្រប់គ្រាន់។ ការធ្វើបែបនេះ វាធ្វើឱ្យស្បែកក្បាល​បញ្ចេញ​ប្រេង​ពី​ធម្មជាតិ ដើម្បីផ្តល់សំណើមដល់សក់លូតលាស់បានល្អ ព្រមទាំងជួសជុល​ភាព​ខូច​ដោយ​ខ្លួនឯង។ បើចង់បានសក់ក្រាស់ និងលឿនវែង អ្នកជំនាញផ្តល់យោបល់​ឱ្យជ្​រើសរើស​សាប៊ូ​កក់សក់​ដែល​មាន​អក្សរ “volumizing” ឬក៏ “thickening” នៅលើផលិតផល។ ជាពិសេស​ពេល​កក់សក់ ត្រូវ​លាងសាប៊ូចេញឱ្យបាន​ស្អាត​ល្អ​ជាមួយ​ទឹក​ ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម និង​ហាម​ដាច់ខាត​ជាមួយ​ទឹក​ក្តៅ។ ពីព្រោះការដែលមិនបានលាងជម្រះសាប៊ូមិនបានស្អាតល្អ និងប្រើទឹកក្តៅកក់សក់ វាបណ្តាលឱ្យគល់សក់មានសភាពខ្សោយ ងាយនឹងជ្រុះ ឬកើតអង្គែ​។

៤. ចៀសវាង​ការ​ធ្វើសកម្មភាពខ្លាំងៗដល់ស្បែកក្បាល ឬសក់

ក្នុង​ន័យនេះ​សម្តៅ​ដល់ ការកៀប មូល ផ្លុំ ដោយ​កម្តៅក្តៅខ្លាំងដល់សក់ ឬការសិតសក់មួយ​ទំហឹងដៃជាដើម។ អ្នកគួរ​ចៀសវាង​ការធ្វើម៉ូតសក់រញ៉េរញ៉ៃពេក ដែលធ្វើឱ្យ​គល់សក់មាន​ភាពតឹងខ្លាំង ប៉ុន្តែ​បើជៀស​មិនបាន អ្នកគួរ​បន្ថយ​កម្ដៅ​នៃ​ម៉ាស៊ីន។ បើមិនដូច្នេះទេ អ្នក​នឹង​ប្រឈម​នឹ​ងការ​បំផ្លាញ​សក់​ដែល​នាំ​ឱ្យ​សក់ខូចជាដើម។ ជម្រើស​ដែល​ល្អ គួរធ្វើសក់​តាម​ស្ទាយ​បែប​ធម្មជាតិ ទើបសក់មានសភាពក្រាស់ និងដុះមកលឿន។

៥. ប្រើប្រាស់​សារធាតុ មីនអុកស៊ីឌីល (minoxidil)

សារធាតុសកម្ម មីនអុកស៊ីឌីល ត្រូវបានអនុម័តឱ្យ​ប្រើប្រាស់ ​ដើម្បីបញ្ឈប់ការជ្រុះសក់ និង​ពន្លឿន​ប្រវែង​នៃ​សក់ដោយ FDA( The Food and Drug Administration)។ ចំណែក​ឯបរិមាណ​ដែល​សមស្រប និងត្រឹមត្រូវ គឺមីនអុកស៊ីឌីល ២%។

បើសិនជាអ្នកគ្រាន់តែមានសក់ស្តើង និងមិនមាន​បញ្ហាស្បែកក្បាលនោះទេ អ្នក​គួរ​ព្យាយាម​សាកល្បង​​គន្លឹះ​ទាំង៥ខាងលើសិន។ ប៉ុន្តែ​បើ​សក់​របស់​អ្នក​នៅ​តែ​បន្ត​ជ្រុះ​ខ្លាំង​មិន​បាត់ វា​អាច​មក​ពី​ករណី​ផ្សេង​ក្រៅ​ពី​សកម្មភាព​សាមញ្ញ​នោះ។ ដូច្នេះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យវា​វិវត្ត​ទៅ​រក​ករណី​ធ្ងន់ធ្ងរ​ថែមទៀត៕

ប្រែសម្រួល៖ លីលី

ចុចអាន៖ជំនឿមិនពិត ៤ យ៉ាង អំពីក្បាលទំពែក បុរសៗតែងយល់ច្រឡំធំ

ចុចអាន៖ដកសក់មិនជួយបំបាត់អាការឈឺក្បាលទេ តែអាចគ្រោះថ្នាក់ទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម