KPT+
ដឹងទេ ក្រៅពីលោក Abe តើអ្នកនយោបាយល្បីឈ្មោះរូបណាខ្លះទៀតត្រូវធ្វើ ឃាតអង្រួនពិភពលោក
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានទទួលមរណភាព បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ខណៈពេលកំពុងថ្លែងសុន្ទរកថាតាមដងផ្លូវនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំនៅនឹងកន្លែងកើតហេតុផងដែរ ។

ក្រោយសោដនាដកម្មដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងមិនស្មានដល់នេះហើយ “កម្ពុជាថ្មី” សូមនាំប្រិយមិត្តក្រឡេកមើលការសម្លាប់រង្គាលលើអ្នកនយោបាយកក្រើកពាសពេញពិភពលោក ។
លោក Abraham Lincoln ឆ្នាំ ១៨៦៥
៧ ថ្ងៃ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់, ប្រធានាធិបតីអាមេរិកលោក Abraham Lincoln ត្រូវបានគេបាញ់ចំក្បាលនៅឯរោងមហោស្រពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៨៦៥ ហើយលោកបានស្លាប់នៅព្រឹកបន្ទាប់ ។
លោក Mahatma Gandhi ឆ្នាំ ១៩៤៨
៦ ខែ បន្ទាប់ពីឯករាជ្យ, លោក Mahatma Gandhi ត្រូវបានធ្វើឃាតដោយពួកជ្រុលនិយមហិណ្ឌូ Nathuram Godse នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៤៨ ដោយបាញ់ចំទ្រូង និងក្បាលចំនួន ៣ គ្រាប់ អំឡុងពេលដែលមេដឹកនាំឥណ្ឌារូបនេះកំពុងដើរទៅកន្លែងអធិស្ឋាននៅព្រះវិហារ Birla House ក្នុងទីក្រុង New Delhi ។

បុរសខ្មាន់កាំភ្លើងមានវ័យ ៣៨ ឆ្នាំគឺជាសមាជិកនៃសាសនាហិណ្ឌូ Mahasabha ដែលបានចោទប្រកាន់លោក Gandhi ថាបានក្បត់សាសនាហិណ្ឌូ ជាអ្នកគាំទ្រមូស្លីម និងមានទំនោរលើប៉ាគីស្ថាន ។ ក្រោយការធ្វើឃាតនោះហើយ តុលាការក៏បានកាត់ទោសប្រហារជីវិតលើជនដៃដល់នៅខែវិច្ឆិកា ឆ្នាំ ១៩៤៩ ។
លោក John Kennedy ឆ្នាំ ១៩៦៣
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក John Kennedy ត្រូវបានគេធ្វើឃាត នៅពេលដែលគាត់ជិះរថយន្តឆ្លងកាត់តំបន់ឧទ្យាន Dealey Plaza ក្នុងទីក្រុង Dallas រដ្ឋ Texas ស្របពេលដែលហ្វូងមនុស្សបានតម្រង់ជួរតាមដងផ្លូវដើម្បីគ្រវីដៃអបអរទៅកាន់មេដឹកនាំ និងភរិយារបស់គាត់ឈ្មោះ Jacqueline Kennedy ពោលភ្លាមៗបន្ទាប់ពីបានឮស្នូរកាំភ្លើង ។

គ្រាប់កាំភ្លើងដែលបាញ់ចេញដោយលោក Lee Harvey Oswald អតីតទាហានម៉ារីនអាមេរិកពីជាន់ទី ៦ នៃសាលារៀនមួយកន្លែងបានហោះចំ ក និងក្បាលរបស់ប្រធានាធិបតីរូបនេះ ហើយគាត់បានដួលទៅលើប្រពន្ធរបស់គាត់ ខណៈអភិបាលរដ្ឋលោក John Connally ដែលកំពុងធ្វើដំណើរជាមួយប្រធានាធិបតីរូបនេះក៏ត្រូវគ្រាប់ចំខ្នងផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់អាយុនោះទេ ។
ក្រោយមកឃាតករត្រូវបានចោទប្រកាន់ពីបទធ្វើឃាត ហើយ ២ ថ្ងៃបន្ទាប់ពីការចោទប្រកាន់នោះ លោក Oswald ត្រូវបានម្ចាស់ក្លឹបរាត្រីក្នុងតំបន់ Jack Ruby បាញ់សម្លាប់នៅក្នុងបន្ទប់ក្រោមដីនៃទីស្នាក់ការប៉ូលិសទីក្រុង Dallas ។
លោកស្រី Indira Gandhi ឆ្នាំ ១៩៨៤
លោកស្រី Indira Gandhi ដែលពេលនោះជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាត្រូវបានបាញ់សម្លាប់ចំនួន ៣៣ គ្រាប់ដោយអង្គរក្សជនជាតិភាគតិច Sikh ចំនួន ២ នាក់គឺ Sawant Singh និង Beant Singh នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៨៤ នៅឯគេហដ្ឋានរបស់លោកស្រីលើផ្លូវ Safdarjung ទីក្រុង New Delhi ។

ភ្លាមៗបន្ទាប់ពីការធ្វើឃាតហើយ ជនដៃដល់ឈ្មោះ Beant Singh ក៏ត្រូវបានសម្លាប់ដោយប៉ូលិសផងដែរ ខណៈខ្មាន់កាំភ្លើងម្នាក់ទៀតឈ្មោះ Sawant Singh និងអ្នកសមគំនិតឈ្មោះ Kehar Singh ត្រូវបានកាត់ទោសប្រហារជីវិតនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៨៩ ។
លោក Rajiv Gandhi ឆ្នាំ ១៩៩១
លោក Rajiv Gandhi ជាកូនប្រុសរបស់លោកស្រី Indira Gandhi និងជាអតីតនាយករដ្ឋមន្ត្រីឥណ្ឌាត្រូវបានសម្លាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោតនៅតំបន់ Sriperumbudur រដ្ឋ Tamil Nadu ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៩១ ។

លោក Gandhi បានប្រាប់មន្ត្រីប៉ូលិសដែលព្យាយាមរារាំងស្ត្រីម្នាក់មិនឲ្យចូលទៅជិតគាត់ក្នុងការជួបជុំគ្នាថា “សូមកុំបារម្ភ វាអីទេ” ។ ក្រោយមកអ្នកបំផ្ទុះគ្រាប់បែកដែលគេស្គាល់ឈ្មោះថា Dhanu ភេទស្រីមកពីអង្គភាព Liberation Tigers of Tamil Eelam (LTTW) បានឱនទៅប៉ះជើងរបស់គាត់ ហើយទាញគន្លឹះនៅខ្សែក្រវ៉ាត់ដែលនាងពាក់នៅក្រោមសម្លៀកបំពាក់បំផ្ទុះសម្លាប់លោក Gandhi រួមជាមួយមនុស្ស ១៤ នាក់ផ្សេងទៀត ។
លោកស្រី Benazir Bhutto ឆ្នាំ ២០០៧
លោកស្រី Benazir Bhutto ជាស្ត្រីទីមួយដែលដឹកនាំប្រទេសប៉ាគីស្ថានត្រូវបានសម្លាប់នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០៧ ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវ័យក្មេងអាយុ ១៥ ឆ្នាំដែលមានឈ្មោះថា Bilal ។
លោកស្រីរងការធ្វើឃាត បន្ទាប់ពីជនដៃដល់បានចូលទៅជិតក្បួនរថយន្តរបស់លោកស្រី ហើយខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារមកលើលោកស្រី និងបំផ្ទុះខ្លួនឯង នៅពេលដែលលោកស្រីបានបញ្ចប់ការជួបជុំឃោសនាបោះឆ្នោតនៅតំបន់ Rawalpindi ។
លោក Jovenel Moise ឆ្នាំ ២០២១
ប្រធានាធិបតីហៃទីលោក Jovenel Moise ត្រូវបានបាញ់សម្លាប់ក្នុងគេហដ្ឋានរបស់លោកដោយអ្នកវាយប្រហារមួយក្រុមកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ ខណៈជំទាវទីមួយគឺលោកស្រី Martine Moïse ក៏បានរងរបួសដោយគ្រាប់កាំភ្លើងក្នុងការវាយប្រហារនោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ First Post
ចុចអាន ៖ មកដឹងចន្លោះពេលដែលជនដៃដល់បាញ់គ្រាប់ទី ២ សម្លាប់លោក Abe

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?