Connect with us

KPT+

វិធីសាស្ត្រ ៦យ៉ាង ព្យាបាលផ្តាសាយបែបធម្មជាតិ មិនចាំបាច់ប្រើថ្នាំផ្សះ

បានផុស

នៅ

ក្នុងរដូវវស្សានេះ មានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃដែលបង្កឲ្យប្រជាជនមួយចំនួនងាយនឹងកើតនូវជំងឺផ្តាសាយបំផុត។ ត្រង់ចំណុចនេះ ក៏មានមនុស្សមួយចំនួនមិនចូលចិត្តព្យាបាលជំងឺផ្តាសាយដោយការប្រើថ្នាំផ្សះឡើយ ព្រោះពួកគេបារម្ភចំពោះសុខភាពនៅពេលដែលប្រើប្រាស់ថ្នាំផ្សះហួសកំណត់ អាចប៉ះពាល់ដល់ក្រពះ ឬតម្រងនោមជាដើម។ ជាទូទៅ ពួកគេជ្រើសយកវិធីព្យាបាលបែបធម្មជាតិ និងផ្តល់នូវផាសុខភាពដល់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើវិធីព្យាបាលទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះ “កម្ពុជាថ្មី” នឹងធ្វើការស្រាវជ្រាវនូវវិធីព្យាបាលជំងឺផ្តាសាយធំបែបធម្មជាតិ មិនប្រើថ្នាំផ្សះមួយចំនួន ជូនលោកអ្នកឲ្យបានដឹង៖

១.ទទួលទានទឹកខ្ញីជាមួយទឹកឃ្មុំ

ទឹកខ្ញីមានប្រសិទ្ធភាពបំផុតជាមួយនឹងជំងឺផ្តាសាយ ព្រោះអាចជួយកាត់បន្ថយក្អក ឈឺបំពង់ក កាត់បន្ថយអាការៈចង់ក្អួតចង្អោរកំលុងពេលមានរោគផ្តាសាយ ជួយឲ្យខ្យល់ដង្ហើមដើរបានល្អ កាត់បន្ថយអាការៈតឹងច្រមុះ។ អ្នកអាចចិតខ្ញីស្រស់ជាចំណិតតូចៗ រួចដាក់ក្នុងទឹកក្តៅ ឬ ហាលខ្ញីឲ្យក្រៀមចាំដាក់ចូលក៏បាន។ មួយវិញទៀត ប្រសិនជាអ្នកមានទឹកឃ្មុំ អ្នកគួរដាក់ទឹកឃ្មុំចូលបន្ថែមខ្លះ ព្រោះទឹកឃ្មុំជួយកម្ចាត់មេរោគបានល្អ នឹងជួយកុំឲ្យមានអាការៈឈឺកផងដែរ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគ្មានទឹកឃ្មុំទេ អ្នកអាចលាយទឹកក្តៅជាមួយមើមខ្ញី ថែមក្រូចឆ្មាបន្តិចបានដូចគ្នា។

២. បរិភោគវីតាមីន C, វីតាមីនB6 វីតាមីន E ឲ្យបានច្រើន

វីតាមីនទាំងនេះ គេជឿជាក់ថា ព្យាបាលជំងឺនេះបានល្អ ព្រោះវីតាមីនទាំងនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការនូវជំងឺផ្តាសាយបានយ៉ាងល្អ។ វីតាមីន C ត្រូវបានគេជឿជាក់ថាអាចកម្ចាត់អាការៈរមាស់បំពង់ក ក្អក កំលុងពេលផ្តាសាយបានច្រើន ដូចជាផ្លែក្រូចជាដើម។ ដូច្នេះ អ្នកមានជំងឺនេះគួរទទួលទានផ្លែក្រូច ឬ ទិញទឹកវីតាមីនទាំងនោះតាមកន្លែងលក់ថ្នាំពេទ្យមួយចំនួនដើម្បីជួយព្យាបាលអាការៈឈឺកបានល្អ។ (ជាប្រភេទទឹកឆុង)

៣.កន្លែងគេងត្រូវមានផាសុខភាព

កំលុងពេលអ្នកមានកើតជំងឺផ្តាសាយ អ្នកគួរប្រយ័ត្នខ្ពស់ចំពោះកន្លែងគេងរបស់ខ្លួន ព្យាយាមសម្អាតឲ្យមានអនាម័យ កុំឲ្យមានធូលី ព្រោះកំលុងពេលនេះវីរុសងាយនឹងឆ្លងមកអ្នកបំផុត។

៤.ព្យាយាមហាត់ប្រាណ ដើរឲ្យបានច្រើន កុំគេងតែមួយកន្លែង

ហាត់ប្រាណ គឺជារឿងល្អមួយដើម្បីបណ្តេញមេរោគនានាចេញពីសេរីរាង្គកាយរបស់អ្នក អ្នកគួរហាត់ប្រាណ និងដើរឲ្យបានច្រើនជាងគេងមួយកន្លែង ព្រោះកាលណាអ្នកគេងច្រើនពេក អាចបណ្តាលឲ្យជំងឺរបស់អ្នកកាន់តែដុនដាប មិនងាយជាឡើយ ហើយអាចធ្វើឲ្យអ្នកធេងធោង មិនស្រឡះខ្លួនទៀត។

៥.ឧស្សាហ៍ងូតទឹកក្តៅ ហូបទឹកក្តៅ នឹងស្រូបយកចំហាយទឹកក្តៅ

ទឹកក្តៅអាចជួយលោកអ្នកបានច្រើនខ្លាំងណាស់ជុំវិញនឹងអាការៈផ្តាសាយនេះ នៅពេលដែលអ្នកព្យាយាមប្រើប្រាស់ទឹកក្តៅឧណ្ហៗ ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល ដកដង្ហើមបានស្រួល និងស្រឡះក្នុងខ្លួន។ អ្នកគួរព្យាយាមពិសាទឹកឲ្យបានច្រើន តាមដែលអាចធ្វើបាន។

៦.បរិភោគអាហារមានជីវជាតិ និងប៉ូវកម្លាំង

របបអាហារគឺសំខាន់ដូចគ្នា នោពេលដែលអ្នកឈឺម្តងៗ ដូច្នេះអ្នកមិនគួរពិសាអាហារណាដែលមានខ្លាញ់ច្រើន ប្រៃពេក ឬ គ្មានជីវជាតិឡើយ អាចធ្វើឲ្យបំពង់កអ្នកកាន់តែរលាក និងមិនមានភាពធូរស្រាលឡើយ។ អ្នកគួរទទួលទានអាហារដែលប៉ូវកម្លាំង ដូចជាស៊ុប ឬ ស្ងោរផ្សេងៗ ដើម្បីជួយឲ្យសុខភាពអ្នកកាន់តែរឹងមាំ។

យ៉ាងណាមិញ ស្ថិតក្នុងរដូវវស្សានេះ អ្នកគួរប្រយ័ត្នប្រយែងចំពោះសុខភាពឲ្យបានច្រើន ព្យាយាមទទួលទានទឹកក្តៅជារៀងរាល់ថ្ងៃ ជាជាងទឹកត្រជាក់ និងព្យាយាមតាមដានសុខភាព របស់ខ្លួនឲ្យបានល្អ។ ទន្ទឹមនោះ ប្រសិនជាអ្នកមានអាការៈធ្ងន់ធ្ងរខ្លាំង អ្នកក៏គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ជៀសវាងមានបញ្ហាណាមួយកើតឡើងផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម