Connect with us

KPT+

ចុងសប្តាហ៍អត់ដឹងទៅណាមែនទេ? តោះ មកស្គាល់កន្លែងកម្សាន្តជាយក្រុង ១០កន្លែងទាំងអស់គ្នា!

បានផុស

នៅ

ជាទូទៅ នាថ្ងៃចុងសប្តាហ៍ មនុស្សគ្រប់គ្នាតែងតែបបួលគ្នាដើរលេងកម្សាន្ត ដើម្បីកាត់បន្ថយស្ត្រេស រំសាយទុក្ខកង្វល់ពីការបំពេញការងារ និងការសិក្សាជាដើម។ ប៉ុន្តែ បញ្ហាដែលសំខាន់នោះ គឺតើគួរទៅកន្លែងណាដែលនៅជិតក្រុងភ្នំពេញ? មិនពិបាកធ្វើដំណើរយូរ? អ្នកទាំងអស់គ្នាច្បាស់ជាពិបាកក្នុងការពិភាក្សា និងជ្រើសរើសកន្លែងកម្សាន្តជាមិនខាន។ ថ្ងៃនេះ “កម្ពុជាថ្មី” សូមនាំអារម្មណ៍លោកអ្នកទៅស្គាល់កន្លែងកម្សាន្តនៅជាយក្រុងភ្នំពេញ ១០កន្លែង សម្រាប់ប្រជាជនដែលចង់មានដំណើរកម្សាន្តលក្ខណៈគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍ ក្នុងរយៈពេលខ្លី។

១.រមណីយដ្ឋាន បឹងបៃតង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋាន បឹងបៃតង​ បែបលក្ខណៈគ្រួសារមួយនេះ មានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទំហំប្រមាណ ១១ហិចតា និងមានស្រះទឹកសិប្បនិមិត្តនៅទីនោះជម្រៅជិត១០ម៉ែត្រ ព្រមទាំងមានត្រីចិញ្ចឹមសម្រាប់គយគន់ស្ទើរតែគ្រប់ប្រភេទតែម្តង។ នៅរមណីយដ្ឋាន បឹងបៃតង មានជាកន្លែងអង្គុយលេងបណ្តែតមាត់ទឹកជាច្រើន មានសួនកម្សាន្តសម្រាប់ក្មេងលេង សួនបន្លែ មានលក់ម្ហូបគ្រប់មុខ និងការស្ទូចត្រីលេងជាដើម។ នៅទីនោះមានចាប់បើកបម្រើសេវាកម្មជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់។

២.ជំនោរកោះនរា

រមណីយដ្ឋាន ជំនោរកោះនរា គឺជាកន្លែងលំហែកាយមួយដែលមានចម្ងាយប្រហែល ១គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានច្បារអំពៅ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កន្លែងសម្រាកលំហែកាយ និងមានអាហារឆ្ងាញ់ៗនេះ ត្រូវបានរៀបចំឡើងអមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល មានបឹងធម្មជាតិអាចស្ទូចត្រីបាន ព្រមទាំងមានជាកន្លែងអង្គុយលេងបែបលក្ខណៈផ្ទាល់ខ្លួន គយគន់សម្រស់ធម្មជាតិផងដែរ។

៣.ចំការធ្នង់

ចំការធ្នង់ គឺជាទីកន្លែងសម្រាកលំហែកាយមួយទៀតបែបធម្មជាតិ ដែលមានវាលស្មៅ ផ្កាចម្រុះពណ៍ មានបឹងធម្មជាតិសម្រាប់ស្ទូចត្រីលេងកម្សាន្ត អមជាមួយនឹងការរចនាជាស្ពានយោល កន្លែងអង្គុយលេងនៅលើវាលស្មៅស្រស់ស្អាត និងការបោះជំរំសម្រាកលំហែផងដែរ។ នៅទីនោះ ក៏មានបម្រើជាភេសជ្ជៈគ្រប់ប្រភេទ ម្ហូបខ្មែរគ្រប់មុខ ប្រកបដោយផាសុខភាព និងអនាម័យ។ រមណីយដ្ឋាន ចំការធ្នង់ មានទីតាំងស្ថិតនៅ ត្រឹមតែ​ ១២គីឡូម៉ែត្រប៉ុណ្ណោះ ពីកំពង់ចម្លងស្វាយជ្រុំជ្រោយចង្វា ឬ​ ១៤គីឡូម៉ែត្រ ពីកំពង់ចម្លងអរីយ៍ក្សត្រ ឬ អាចឆ្លងតាមស្ពានព្រែកតាមាក់បានដូចគ្នា។

៤.7 NG Sky Land

សួន 7 NG គឺជារីសតមួយនៅក្បែររាជធានីភ្នំពេញ ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរសម្រាកលំហែកាយ ឬ ចូលដើរទស្សនាក្នុងរីសតក្បែរភ្នំពេញនោះបានជាមួយនឹងផ្ទៃដីធំល្វឹងល្វើយ និងមានកន្លែងទស្សនាជាច្រើន។ រីសត 7 NG មានជាបន្ទប់បឹងហ្គាឡូ កន្លែងសម្រាប់បោះជំរំ សួនសត្វ អាងហែលទឹកធំទូលាយ សួនក្មេងលេង កន្លែងអង្គុយលំហែលើទឹក ព្រមទាំងរូបភាពដែលមានទស្សនីយភាពប្លែកៗជាច្រើនទៀត។ នៅសូន 7 NG នេះ គឺគិតជាសំបុត្រសម្រាប់ភ្ញៀវគ្រប់រូប ចូលទស្សនា ក្នុងនោះភ្ញៀវជាតិតម្លៃសំបុត្រម្នាក់ ១២,០០០៛​ ឯ ភ្ញៀវបរទេស តម្លៃ ២០,០០០៛។ 7 NG មានទីតាំងស្ថិតនៅ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។​

៥.អាម៉ាហ្សូន រីសត

នៅអាម៉ាហ្សូន រីសត គឺជាកន្លែងមួយដែលនៅជិតរង្វង់មូលកួរស្រូវ មានជាការជិះទាទឹក ទូក និងចែវល្អីលេង ជិះខ្សែរ៉តកាត់ទឹក និងកន្លែងអង្គុយលេងជិតមាត់ទឹកជាដើម។ នៅទីនោះ មានទេសភាពស្រស់ស្អាត ស្រះទឹកសម្បូរទៅដោយឈូកយក្ស រូបចម្លាក់សត្វផ្សេងៗ ក៏ដូចជាទេសភាពពណ៌បៃតងខ្ចី និងមានកន្លែងថបរូបស្អាតៗជាច្រើនទៀត។ មួយវិញទៀត ក៏មានជាការចិញ្ចឹមទន្សាយសម្រាប់ឲ្យលោកអ្នកទស្សនា ដាក់ចំណី ដ៏មានភាពទាក់ទាញ ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសំណាក់ប្រជាជនទៅលេងទីនោះ។

៦.រមណីយដ្ឋានមហាព្រហ្ម

នៅរមណីយដ្ឋានមហាព្រហ្ម ជាទីតាំងលំហែធម្មជាតិក្បែររាជធានីដែលមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ មានជាសួនផ្កាដ៏ស្រស់ស្អាត និងចម្រុះពណ៌ មានជាសួនសម្រាប់ក្មេងលេង សួនសត្វ​ សួនកង្ហាវិលជាដើម។ រមណីយដ្ឋានមហាព្រហ្ម ក៏មានជាស្រះទឹកសម្រាប់ភ្ញៀវបានស្ទូចត្រី មានទាទឹកសម្រាប់ជិះមើលត្រី ស្ពានបណ្តែតទឹក និងទឹកធ្លាក់លើភ្នំផងដែរ។ ជាមួយគ្នានោះ ក៏មានជាកន្លែងអង្គុយលេង សម្រាប់ទទួលទានអាហារថ្ងៃត្រង់ដូចគ្នា។ រមណីយដ្ឋានមហាតាព្រហ្ម មានទីតាំងស្ថិតនៅ ផ្លូវ៥១ ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានចម្ងាយ ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

៧.ភោជនីយដ្ឋាន លំហែមាត់បឹង

លំហែមាត់បឹង មានទីតាំងស្ថិតនៅពោធិ៍ចិនតុង រាជធានីភ្នំពេញ​ដែលជាកន្លែងសម្រាប់លំហែទទួលទានអាហារ ជជែកគ្នាលេងនៅតាមមាត់បឹងដែលជាជីករួចធ្វើជាបឹងសុប្បនិមិត្តសម្រាប់លំហែកាយ។ នៅ លំហែមាត់បឹង មានជាការជិះទូកលេងមើលទេសភាព និងកន្លែងថតរូបស្រស់ស្អាត មានជាការកម្មង់អាហារជាច្រើនមុខ សុទ្ធសឹងតែជាអាហាររបស់ខ្មែរទាំងអស់។ ភោជនីយដ្ឋាន នៅជាយក្រុងមួយនេះ​ មានបើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង៩យប់។

៨. រមណីយដ្ឋាន ភ្នំឧដុង្គ

ភ្នំឧដុង្គ ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយ មានចម្ងាយពី ៤៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាកន្លែងដែលប្រជាជនខ្មែរគោរពបូជាមិនដាច់។ ភ្នំនេះត្រូវបានគេដាក់ឈ្មោះឲ្យបីគឺ ភ្នំព្រះរាជទ្រព្យ ភ្នំឧដុង្គ និងភ្នំអដ្ឋរស្ស ដែលជារមណីយដ្ឋានមួយមានចេតីយបុរាណជាច្រើនដែលសល់ពីសម័យមុនមក សម្រាប់ឲ្យប្រជាជនបានទស្សនា បានស្គាល់ និងគោរពបូជា។ មិនតែប៉ុណ្ណោះ ភ្នំឧដុង្គ ក៏មានជាកន្លែងអង្គុយលេង មានលក់ម្ហូបអាហារជាច្រើនសន្ធឹក និងនំប្លែកៗជាច្រើនតំណាងឲ្យតំបន់នោះ។ ភ្នំឧដុង្គ ស្ថិតនៅខេត្តកណ្តាល លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឬ ផ្លូវ៥១​ សម្រាប់ទៅកម្សាន្តនៅទីនោះ ស្រូបខ្យល់អាកាសធម្មជាតិ។

៩.រមណីយដ្ឋាន កោះដាច់

រមណីយដ្ឋាន ឆ្នេរខ្សាច់កោះដាច់ ជាកន្លែងទេសចរណ៍បែបធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិ ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា មានចម្ងាយប្រមាណជា៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។​ រមណីយដ្ឋាន កោះដាច់ មានជាគ្រែអង្គុយលេងបណ្តែតលើទឹក និងជាម្ហូបកម្មង់ផ្សេងៗទៀត។ អ្នកទៅលេងនៅទៅនោះ អាចទទួលទានម្ហូបអាហារផង ព្រមទាំងលេងទឹកទន្លេនៅទីនោះបានយ៉ាងសប្បាយរីករាយ។

១០. សួនចំការស្នេហ៍

នៅសួនចំការស្នេហ៍ មានជាកន្លែងអង្គុយលេងបែបផ្ទះជនជាតិដើមភាគតិចផង និងបែបធម្មតាផង។ ចំការស្នេហ៍ ក៏មានតាំងពីរបៀបត្បាញសូត្រខ្មែរ ការលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ អាងចិញ្ចឹមក្រពើ សួនចិញ្ចឹមក្ងោក អមជាមួយនឹងរុក្ខជាតិ ព្រមទាំងបរិយាកាសដ៏បរិសុទ្ធនៅទីនោះ។ សួនចំការស្នេហ៍ មានទីតាំងស្ថិតនៅ កោះឧញ្ញាតី ជិះពីស្ពានជ្រោយចង្វារប្រហែលកន្លះម៉ោងអ្នកនឹងឃើញភោជនីយដ្ឋានដ៏ស្រស់ស្អាតមួយនោះជាមិនខាន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម