ព័ត៌មានជាតិ
រដ្ឋ និងវិស័យឯកជន បើកកិច្ចពិភាក្សារួមគ្នាសាងសង់ផ្ទះតម្លៃសមរម្យជូនប្រជាជនមានចំណូលទាប
ប្រទេសកម្ពុជាកំពុងឈានចូលដល់ចំណុចរបត់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ទីក្រុង និងប្រជុំជន។ សម្រាប់ចំនួនប្រជាជននៅទីក្រុងភ្នំពេញ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជិតទ្វេដងពី ៤,៣ លាននាក់ក្នុងឆ្នាំ ២០១៤ ដល់ប្រមាណ ៧,៩ លាននាក់នៅឆ្នាំ ២០៣០។ កំណើនទីក្រុងយ៉ាងឆាប់រហ័សនេះបាននាំឱ្យមានការកើនឡើងនូវតម្លៃដីធ្លី និងលំនៅឋាន។

ជាមួយនឹងតម្លៃដីផ្ទះឡើងថ្លៃនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម រួមទាំងមន្រ្តីរាជការ កម្មករ-កម្មការិនីរោងចក្រ និងអ្នកប្រកបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន។ យោងតាមការសិក្សា ដើម្បីធានាបាននូវលំនៅឋានតម្លៃសមរម្យ មានសុវត្ថិភាព និងនិរន្តរភាព តម្លៃផ្ទះគួរតែត្រូវលក់ត្រឹម ៣ម៉ឺនដុល្លារ ឬក្រោមនេះ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)តាមរយៈគណៈកម្មការផ្នែកសំណង់ និងអចលនទ្រព្យ បានរៀបចំសិក្ខាសាលាមួយ កាលពីថ្ងៃទី០២ខែ
តុលា ឆ្នាំ ២០២៥ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន និងរបៀបដែលអ្នកអភិវឌ្ឍន៍វិស័យឯកជនអាចទទួលបានប្រាក់ចំណេញក្នុងការផ្តល់លំនៅឋានតម្លៃសមរម្យក្នុងបរិយាកាសតម្លៃដីធ្លីកើនឡើង។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមប្រធានបទ “ដំណោះស្រាយលំនៅឋានតម្លៃសមរម្យនៅកម្ពុជា៖ បញ្ហាប្រឈម និងឱកាស»”។ សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងរដ្ឋាភិបាល អ្នកជំនាញអន្តរជាតិ និងអ្នកអភិវឌ្ឍន៍វិស័យឯកជន ដើម្បីផ្លាស់ប្តូរយោបល់ក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យមាននិរន្តភាព សម្រាប់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលទាប និងមធ្យម។
លោក Michel Cassagnes ប្រធានគណៈកម្មការផ្នែកសំណង់ និងអចលនទ្រព្យ នៃ EuroCham និងជានាយកគ្រប់គ្រងតំបន់នៃ Archetype Cambodia ឡាវ និងវៀតណាម បានលើកឡើងពីសារៈសំខាន់នៃលំនៅឋានតម្លៃសមរម្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពី លោក សុខ សំអុន អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានលើកឡើងពីអាទិភាព និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានលំនៅឋានគ្រប់គ្រាន់សម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម។ នាកិច្ចពិភាក្សានេះ លោកបានចែករំលែកព័ត៌មានថ្មីៗអំពីក្របខណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយដីធ្លី ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍ និងអ្នកទិញដូចគ្នា។
ទន្ទឹមនឹងនេះលោក ហេង សាលពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងសាធារណៈ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើងអំពីផែនការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការបង្កើត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។ ចំណែកលោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវើលប្រ៊ីដ ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយក្នុងការសាងសង់លំនៅឋានសម្លៃសមរម្យ បានផ្តល់នូវទស្សនវិស័យវែងឆ្ងាយរបស់វិស័យឯកជនក្នុងការសាងសង់ផ្ទះប្រភេទនេះដើម្បីជាធាតុចូល បានទាំងផលចំណេញ ហើយពលរដ្ឋទទួលបានផ្ទះតម្លៃសមរម្យសម្រាប់ការរស់នៅ។
សិក្ខាសាលានេះគឺជាជំហាននៃកិច្ចសន្ទនា និងកិច្ចសហការរវាងរដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ ដែលនឹងក្លាយជាគន្លឹះក្នុងការបង្កើនការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យជូនពលរដ្ឋប្រកបដោយនិរន្តភាព។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលមានប្រាក់ចំណូលទាប និងមធ្យម។ គោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ត្រូវបានរៀបចំឡើងក្នុងគោលដៅរួមចំណែកដោះស្រាយបញ្ហាលំនៅឋាននៅរាជធានីភ្នំពេញ ទីក្រុង និងប្រជុំជន សម្រាប់ក្រុមគ្រួសារមានចំណូលទាប និងមធ្យម លើកកម្ពស់សុវត្ថិភាព កាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យលំនៅឋាន និងបង្កើនការទទួលបានគេហសេវា ដូចជាទឹកស្អាត អគ្គិសនី និងសេវាសង្គមនានា។
គោលនយោបាយនេះ គាំទ្រ និងលើកទឹកចិត្ត ទាំងផ្នែកពន្ធដារ និងពន្ធគយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ និងការសម្រួលផ្នែកនិយ័តកម្ម ជូនដល់វិស័យឯកជន វិស័យសាធារណៈ សហគមន៍ តាមរយៈការផ្ដល់នូវជម្រកសមរម្យ និងសុវត្ថិភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


