Connect with us

ព័ត៌មានជាតិ

ចាប់ពីឆ្នាំ ២០២៦ រោងចក្រទាំងអស់ត្រូវ​បំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់

បានផុស

នៅ

នៅក្នុងពិធី​បិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន​ប្រកាស​ថា នៅឆ្នាំ​ ២០២៦ រោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់។

លោករដ្ឋមន្រ្តីបាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាននឹងធ្វើការសហការជាមួយក្រសួងពាណិជ្ជកម្មចាត់វិធានការតាម​ផ្លូវ​ច្បាប់ ប្រសិនបើក្រុមហ៊ុនណាល្មើសគុណភាពខ្យល់ឬធ្វើឱ្យខ្យល់មិនស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធី​បិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ លោក អ៊ាង សុផល្លែត​បានលើករបាយការណ៍​របស់អង្គការសហប្រជាជាតិ ដែល​បានរកឃើញមូលហេតុចម្បងៗនៃវិស័យចំនួន ៦ រួមមាន វិស័យថាមពល វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងមានការកើនឡើងកម្តៅផែនដី។

លោក​ថា កម្ពុជាបានចូលរួមឆ្លើយតបបញ្ហាការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលមានសសរស្តម្ភ ចំនួន៣គឺភាពស្អាត ភាពបៃតង និងចីរភាព។

ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានគ្របដណ្តប់លើវិស័យចំនួន ៥ ខាងលើដែលបង្កឱ្យមាន ឧស្ម័នផ្ទះកញ្ចក់ លើកលែងតែវិស័យព្រៃឈើ។

បើតាមលោក អ៊ាង សុផល្លែត ក្រសួងបរិស្ថានប្តេជ្ញាដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងរៀបចំកោះស្រឡៅ នៅក្នុងខេត្ត​កោះកុងជាកោះអាព្យាក្រឹតកាបូន។ ក្រសួងបរិស្ថាន នឹងផ្តល់ជូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់អំពូលអគ្គិសនីដើរដោយ​ពន្លឺព្រះអាទិត្យ និងរៀបចំដាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ការរៀបចំហេដ្ឋារចនាសម្ព័នគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ ដាំស្តារព្រៃកោងកាងជាពិសេស។

ក្នុងឱកាសនេះរដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ បានអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានអនុវត្តកន្លងមកនិងរួមគ្នា “យកជំហានឆ្លាតវៃ រួបរួមគ្នា” (take smart, united steps) ឆ្ពោះទៅរកខ្យល់ស្អាត និងការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាព។

«ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គមកម្ពុជា អាចធ្វើឱ្យផ្ទៃមេឃពណ៌ខៀវ និង ប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ វាក្លាយជាការពិត មិនមែនត្រឹមតែជាចក្ខុវិស័យ។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ក្រមបរិស្ថាននិងធនធានធម្មជាតិ​ត្រង់មាត្រា ៣១៦ បានចែងស្តីពីការទទួលខុសត្រូវរបស់ម្ចាស់និងប្រតិបត្តិករ ចំពោះការបញ្ចេញសាធាតុនៃការបំពុលខ្យល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម