Connect with us

ព័ត៌មានជាតិ

អាមេរិកពង្រឹងវិស័យយោធាជាមួយកម្ពុជា ដោយដកបំរាមការលក់សព្វាវុធ និងបើកសមយុទ្ធរួមគ្នាឡើងវិញ

បានផុស

នៅ

សហរដ្ឋអាមេរិកប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា តាមរយៈការដកបំរាមការលក់សព្វាវុធមកលើកម្ពុជា និងចាប់ផ្ដើមបើកសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្ដីប្រកាសរបស់សេតវិមាន បានបញ្ជាក់ឱ្យដឹងថា ដោយផ្អែកលើការស្វែងរកសន្តិភាព និងសន្តិសុខយ៉ាងយកចិត្តទុកដាក់របស់កម្ពុជា សហរដ្ឋអាមេរិក នឹងលុបចោលការហាមឃាត់អាវុធលើកម្ពុជា ហើយភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមសមយុទ្ធយោធា ANGKOR SENTINEL ទ្វេភាគីឡើងវិញ ដែលធ្វើឡើងចុងក្រោយនៅឆ្នាំ២០១៧។

គួរឱ្យដឹងថា សមយុទ្ធយោធា «ឆ្មាំអង្គរ» ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង ក្នុងឆ្នាំ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ចុងឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ សមយុទ្ធយោធានេះ ក៏ត្រូវបានផ្អាក រហូតមកទល់បច្ចុប្បន្ន។ 

បើតាមព័ត៌មានពីសេតវិមាន រដ្ឋាភិបាលវ៉ាស៊ីនតោន ក៏បានសន្យាបន្តបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើវិស័យយោធា ដោយនឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅមហាវិទ្យាល័យយោធាអាមេរិក ដូចជា សាលាយោធា West Point និង Air Force Academy ព្រមទាំងសាលាផ្សេងៗទៀត។

ការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការយោធាឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅពេល​នេះ គឺជាការបើកនូវទំព័រថ្មីរបស់សហរដ្ឋអាមេរិកក្នុងទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបគ្នាជាលើកដំបូង នៅក្នុងទីក្រុងគូឡាឡាំពួ ទីដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ ខណៈលោកប្រធានាធិបតី ត្រាំ ក៏បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ភាពតានតឹងក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម