Connect with us

ព័ត៌មានជាតិ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រារព្ធខួប ១៥ឆ្នាំ ដើម្បីជាឱកាសទាក់ទាញការវិនិយោគមកកម្ពុជា

បានផុស

នៅ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំពិធីអបអរសាទរខួប ១៥ ឆ្នាំដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទដ៏មានអត្ថន័យមួយ “កេរដំណែលអ្នកដឹកនាំ (LEGACY OF LEADERS)” នៅថ្ងៃទី២៨ និងទី២៩ ខែ តុលា ឆ្នាំ ២០២៥ ក្នុងគោលបំណងជួបជុំសមាជិករបស់ខ្លួនទាំងជាតិ និងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធ និងកាលានុវត្តភាពដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជាប្រកបដោយសក្ដានុពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ នឹងរៀបចំនៅសណ្ឋាគារ Sun & Moon Riverside ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយរំពឹងថា មានអ្នកចូលរួមសរុបជាង ២០០ នាក់ ដែលជាសមាជិក JCI ថ្នាក់សកល និង JCI Cambodia, និងភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។

ក្នុងឱកាសប្រារព្ធខួប ១៥ឆ្នាំ នឹងមានសកម្មភាពសំខាន់ៗជាច្រើន ក្នុងនោះមានវគ្គបណ្តុះបណ្តាល និងការភ្ជាប់ទំនាក់ទំងអាជីវកម្មជាតិនិង អន្តរជាតិផងដែរ។ នៅថ្ងៃទី ២៨ ខែតុលា JCI Cambodia នឹងរៀបចំមហាសន្និបាតថ្នាក់ជាតិរបស់ JCI Cambodia, ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្សេង, និងពិធីអាហារស្វាគមន៍ពេលល្ងាចជូនសមាជិក-សមាជិកា នងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិថែមទៀតផង។ ចំណែកនៅថ្ងៃទី ២៩ JCI Cambodia នឹងរៀបចំកម្មវិធីពិសេសៗដូចជា៖ វគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗ, ការផ្គូផ្គងអាជីវកម្ម, និងបិទបញ្ចប់ដោយជាមួយពិធីអបអរសាទរខួបទី១៥ និង លៀងសាយភោជន៍រួមមានការសម្តែងសិល្បៈ, ពិធីប្រគល់ពានរង្វាន់និងលិខិតសរសើរ, និងការថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។

យ៉ាងណា ការប្រារព្ធខួប ១៥ ឆ្នាំនេះ មិនត្រឹមតែជាការអបអរសាទរនូវដំណើរដ៏វែងឆ្ងាយរបស់  JCI Cambodia ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបន្តនូវ “កេរដំណែលអ្នកដឹកនាំ” ដែលបានកសាងឡើង។ តាមរយៈកម្មវិធីនេះ សង្ឃឹមថានឹងអាចពង្រឹងភាពជាដៃគូអន្តរជាតិ និងជំរុញទឹកចិត្តអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយឲ្យបន្តបង្កើតផលវិជ្ជមានដល់សង្គមជាតិ។

សូមជម្រាបថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលបាននិងកំពុងរៀបចំកម្មវិធីជាច្រើនក្នុងទិសដៅដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍយុវជនឱ្យក្លាយជាសហគ្រិនឆ្នើមស្របតាមទស្សនៈរបស់អង្គភាព  និងគោលនយោបាយអភិវឌ្ឍរបស់ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម