Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាគោលការណ៍នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ដើម្បីកំណត់នូវខណ្ឌសីមានៅលើដីជាក់ស្ដែង ដែលបញ្ជាក់ពីខ្សែព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់

បានផុស

នៅ

​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​គោលការណ៍​នៃ​ការ​វាស់​វែង និង​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​មិនមែន​ដើម្បី​គណនា​ពី​ការ​ចំណេញ​ឬ​ខាត​ដី​នោះ​ទេ តែ​ដើម្បី​កំណត់​នូវ​ខណ្ឌ​សីមា​នៅ​លើ​ដី​ជាក់​ស្ដែង​ដែល​បញ្ជាក់​ពី​ខ្សែ​ព្រំដែន​មួយ​ដែល​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​នេះ​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នេះ​គឺ​ផ្អែក​លើ «មូលដ្ឋាន​ឯកសារ​គតិ​យុត្ត​ដែល​បន្សល់​ទុក​ពី​អាណា​ព្យាបាល​បារាំង និង​ច្បាប់​អន្តរជាតិ​»។

សម្ដេច​បញ្ជាក់​ថា៖ «​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មិន​រំលោភបំពាន​លើ​ដែន​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ជិត​ខាង​នោះ​ទេ​ ប៉ុន្តែ​កម្ពុជា​ក៏​មិន​យល់ព្រម​ឱ្យ​មាន​ការ​រំលោភបំពាន​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​នោះ​ដែរ»

សម្ដេច​ធិបតី​បញ្ជាក់​ថា​ការ​វាស់​វែង​ និង​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​ដែល​កម្ពុជា​ថៃ​បាន​ឯក​ភាព​ធ្វើ​រួម​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រយៈពេល​វែង​ដោយ​សន្តិវិធី ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ និង​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​តំបន់​ព្រំដែន​ដែល​មាន​បញ្ហា​អាច​បាន​ទទួល​សេចក្ដី​សុខ និង​បន្ត​ជីវភាព​រស់នៅ​ជា​ប្រក្រតី​ឡើងវិញ​ ព្រម​ទាំង​ធានា​បាន​នូវ​ការ​ការពារ​ជា​ដាច់ខាត​នូវ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា។

បើ​តាម​សម្ដេច​ធិបតី​ក្រោយ​ការ​វាស់វែង​បាន​បញ្ចប់ ក្រុម​ការងារ​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ពិនិត្យ​មើល​លើ​ការ​កាន់កាប់​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ ប្រៀបធៀប​ជាមួយ​នឹង​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​មួយ​ដែល​ភាគី​ទាំងពីរ​អាច​ទទួល​យក​បាន​។

សម្ដេច​អំពាវ​នាវ​ដល់​ពលរដ្ឋ​បន្ត​ជឿ​ទុកចិត្ត​លើ​រាជ​រដ្ឋាភិបាល​និង​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា​ដោយ​ថា​ការងារ​ទឹក​ដី​នេះ​គឺ​ជា​មនសិការ​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​ជាតិ។

តាម​គម្រោង​កម្ពុជា និង​ថៃ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​បោះបង្គោល​បណ្ដោះ​អាសន្ន​នៅ​ចន្លោះ​បង្គោល​លេខ៤២ ដល់៤៧ នៅ​ភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ខាង​មុខ​ បន្ទាប់​ពី​បញ្ចប់​ការងារ​ថត​រួប​ពី​លើ​អាកាស​ដោយ​ប្រើ​ដ្រូន​ចប់​រួចរាល់៕

​អត្ថបទ​ដោយ​ ហ៊ុន ​សិរីវឌ្ឍន៍

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម