Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជានៅអាស៊ានអរគុណតួកគីចំពោះការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋនៅភូមិព្រៃចាន់

បានផុស

នៅ

ពីទីក្រុងហ្សាកាតា តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន លោក ហេង សារិទ្ធ បានថ្លែងអំណរគុណរដ្ឋាភិបាលតួកគីយ៉េចំពោះការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអរគុណរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាចំពោះតួកគីយ៉េ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរួមតាមវិស័យអាស៊ាន-តួកគីយ៉េ ដែលរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ យកឱកាសក្នុងកិច្ចប្រជុំនោះ លោក ហេង សារិទ្ធ បានសម្តែងនូវការកោតសរសើរចំពោះគម្រោងដ៏មានតម្លៃដែលអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួគីយ៉េ (TİKA) នៅកម្ពុជា។

គួរឱ្យដឹងថា រដ្ឋាភិបាលតួកគីយ៉េតាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញបានផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមជាមួយបង្គោលភ្លើងសូឡា ដែលសរុបជាទឹកប្រាក់ខ្ទង់ ៤ម៉ឺនដុល្លារដល់ពលលរដ្ឋភូមិព្រៃចាន់ ដែលត្រូវបានជម្លៀសពីភូមិឋាន ដោយសារជម្លោះព្រំដែន។ ជំនួយមនុស្សធម៌នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ពលរដ្ឋភៀសសឹក ក្រោយបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់​ដែលបង្កដោយ​ជម្លោះព្រំដែនក្នុងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលសរុបមានប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី លោក ហេង សារិទ្ធ ក៏បានថ្លែងទៅកាន់អង្គប្រជុំពីការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដំបូងពីទីក្រុងអ៊ីស្តង់ប៊ុល មករាជធានីភ្នំពេញ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នាពេលខាងមុខ ដោយលោកលើកឡើងថា នេះជាការបញ្ជាក់ពីសក្តានុពលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងតួកគីយ៉េ និងអាស៊ានផងដែរ។  

សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តំណាងអចិន្រ្តៃយ៍កម្ពុជារូបនេះ បានជំរុញតួគីយ៉េបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើវិស័យសំខាន់ៗមួយចំនួន រួមទាំងការងាររបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ កសិកម្ម សន្តិសុខស្បៀង បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បរិវត្តកម្មឌីជីថល សន្តិសុខសាយប៊ឺ ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក៏ដូចជាការអនុវត្តទស្សនវិស័យអាស៊ានលើឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចខិតខំប្រឹងប្រែងបង្រួមគម្លាតអភិវឌ្ឍន៍ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម