ព័ត៌មានជាតិ
សទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្លងកាត់ការសិក្សា ស្រាវជ្រាវ ៣ ឆ្នាំ ប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ
កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលឆ្លងកាត់ការសិក្សាជាង ៣ ឆ្នាំ បានប្រកាសដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ។
លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្រងបទប្បញ្ញត្តិនិងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុនៅព្រឹកថ្ងៃ ០៩ ខែធ្នូនេះថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺដើម្បីលើកកម្ពស់ការយល់ដឹងនិងជំរុញការប្រើប្រាស់កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុទាំងវណ្ណកម្មស្នាដៃជាសៀវភៅ ទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

លោកថា កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ គឺជាឧបករណ៍ការងារគតិយុត្តសម្រាប់ការធ្វើនិយ័តកម្ម ដែលប្រមូលផ្តុំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់និងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ ៣៨០ អត្ថបទ ដែលក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអានុភាពបង្គាប់បញ្ជានិងណែនាំអនុវត្ត។
«កម្រងនេះមានកម្រាស់ប្រមាណជាង ៤០០០ ទំព័រ បែងចែកជា ៣ ភាគ និង ៤ មាតិកា។ ក្នុងនោះដែរ មាតិកានីមួយៗ ត្រូវបានបែងចែកបន្តជាជំពូក ផ្នែក ឬអនុផ្នែក»។ លោក សូ សុភា បញ្ជាក់។
លោកបន្តថា រីឯសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាវិជ្ជាសមោធានបច្ចេកសព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលប្រមូលផ្តុំនូវពាក្យបច្ចេកសព្ទសរុបប្រមាណជិត ២០០០ ដោយត្រូវបានរៀបចំជា ៣ ភាសាគឺភាសាខ្មែរ អង់គ្លេស និងបារាំង។ ផ្អែកលើឯកសារផ្លូវការផ្សេងៗ ពាក្យបច្ចេកសព្ទត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលសំដៅបម្រើជាឧបករណ៍យុទ្ធសាស្ត្ររួមវិភាគទានដល់ការអភិវឌ្ឍមូលធនមនុស្សបច្ចេកវិទ្យាហិរញ្ញវត្ថុ ខណៈបច្ចេកសព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាផ្នែកមួយដ៏សំខាន់នៃភាសាវិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល។
ពាក់ព័ន្ធសន្ទានុក្រមដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ លោក សូ សុភា បានអះអាងថា បានប្រើប្រាស់ពាក្យណាដែលជាពាក្យខ្មែរដែលមានស្រាប់ដូចជាពាក្យខ្ចីពីបាលីជាដើម។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះជាផ្នែកមួយនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើតមានឡើងដោយសារ “និន្នាការបច្ចេកវិទ្យា” និង “និន្នាការឌីជីថល” ជាពិសេសឆ្លើយតបទៅនឹង “ចលនាការណ៍នៃការធ្វើឌីជីថលភាវូបនីយកម្ម និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ” ដែលមិនត្រឹមតែផ្តល់កាលានុវត្តភាពនិងសក្តានុពលភាពសម្រាប់សេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលក្នុងនោះរួមបញ្ចូលនូវជាអាទិ៍ “បច្ចេកសព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុ” ថ្មីៗ មានលក្ខណៈបច្ចេកទេសនិងពិបាកយល់ ព្រោះហេតុ ២ យ៉ាងគឺ “បច្ចេកសព្ទបច្ចេកវិទ្យា” មានលក្ខណៈពិបាកយល់រួចទៅហើយ ថែមទាំង “បច្ចេកសព្ទហិរញ្ញវត្ថុ” ក៏មានលក្ខណៈពិបាកយល់មួយកម្រិតទៀត ហើយ “ការងារគតិយុត្ត” និង “ការងារនិយ័តកម្ម” ក៏វិវឌ្ឍឥតឈប់ឈរ មានលក្ខណៈស្មុគស្មាញ ជាពិសេសច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានមានលក្ខណៈបែកខ្ញែកនិងរប៉ាតរប៉ាយ ពោលគឺមិនមានលក្ខណៈប្រមូលផ្តុំ ដែលការណ៍នេះបានក្លាយជាឧបសគ្គមួយដល់ការសិក្សា, ការវិភាគ និងការវាយតម្លៃពីតម្រូវការនៃការរៀបចំ, ការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់និងលិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបានរៀបចំឧបករណ៍ការងារគតិយុត្តសំខាន់ៗ រួមមានកម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋាន ដែលបានធ្វើបច្ចុប្បន្នកម្មជាប្រចាំចាប់ពីឆ្នាំ ២០២២ មក ដោយប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលជាអត្ថបទច្បាប់ដើមពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រកបដោយតក្កវិជ្ជាគតិយុត្ត ដែលក្នុងនោះមានការប្រើប្រាស់វិធីសាស្ត្រនៃការរៀបចំចងក្រង ផ្អែកតាមការសិក្សាស្រាវជ្រាវពីឧត្តមានុវត្តន៍ជាតិនិងអន្តរជាតិ និងការប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ ព្រមទាំងនវានុវត្តបន្ថែមដើម្បីជំរុញការអភិវឌ្ឍនិងនវានុវត្តន៍ហិរញ្ញវត្ថុ។
សទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានរៀបចំជា ៣ ភាសា (ខ្មែរ-អង់គ្លេស-បារាំង) ដែលអ្នកប្រើប្រាស់អាចទាញយកជាទម្រង់ PDF និងអនឡាញ ទាំងវេបទាំងកម្មវិធីទូរសព្ទវៃឆ្លាត៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


