ព័ត៌មានជាតិ
អភិបាលរាជធានី ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី
នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកព្រឹន្ទបាលឯក សៅ វីរៈដារ៉ា យោធិន នៅកងពលធំអន្តរាគមន៍លេខ ៣ នៃកងទ័ពជើងគោក ដែលបានពលីជីវិតដ៏អង់អាចក្លាហាន នៅលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នាវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោកព្រឹន្ទបាលឯក សៅ វីរៈដារ៉ា បានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងជន្មាយុ ២៧ ឆ្នាំ លើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥។ មរណភាពរបស់ លោកព្រឹន្ទបាលឯក សៅ វីរៈដារ៉ា គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ជាឪពុកបង្កើត ជាបងប្រុស និងញាតិមិត្ត នៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនយោធាជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូបការៈដ៏ធំធេង ក្នុងការវាយប្រយុទ្ធនៅលើសមរភូមិ ពីខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។ វីរភាពដ៏អង់អាចក្លាហាន និង ពលិកម្មដ៏ធំធេងរបស់ លោកព្រឹន្ទបាលឯក សៅ វីរៈដារ៉ា គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន សូមកត់ត្រា និងចងចាំទុក នូវគុណូបការៈដ៏ធំធេងនេះ។

ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ លោក ឃួង ស្រេង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រឹន្ទបាលឯក សៅ វីរៈដារ៉ា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះ លោក ឃួង ស្រេង បាននាំយកនូវថវិកាចំនួន ១០ លានរៀល ចូលរួមបុណ្យដល់ក្រុមគ្រួសារសពលោកព្រឹន្ទបាលឯក សៅ វីរៈដារ៉ា ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


