Connect with us

ព័ត៌មានជាតិ

អំណោយមនុស្សធម៌ជាច្រើនមុខ ស្មើនឹង ៩ ឡានធំ បានបញ្ជូនទៅទិសខេត្តព្រះវិហារ ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក

បានផុស

នៅ

អំណោយ​មនុស្សធម៌​ជាច្រើន​មុខ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​វេច​ខ្ចប់ ដឹកជញ្ជូន​មក​គោលដៅ សមរភូមិ​ជួរមុខ ទិស​ខេត្ត​ព្រះវិហារ ចាប់​តាំងពី​ថ្ងៃទី ​១៣ ​ធ្នូ រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ​ ទី​ ១៦ ខែធ្នូ​ ឆ្នាំ ២០២៥​ នេះ ជា​បន្តបន្ទាប់ ​ចំនួន ​៩ ​រថយន្ត​ធំ និង​តូច ​រួចហើយ ក្រោយពី​ផ្ទុះ​ការ​ឈ្លានពាន​ជា​ថ្មី​ដោយ​យោធា​ថៃ ចូលមកក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ជា​លើក​ទី ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ចាត់ចែង​ដឹកជញ្ជូន​គ្រឿងឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់​ចាំបាច់​ជាច្រើន​មុខ មកកាន់​គោលដៅ​ខេត្ត​ព្រះវិហារ​ជា​បន្តបន្ទាប់។

លោក​ ឯក ឃុន​ដឿន អភិបាលរង​រាជធានី​ភ្នំពេញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួង ស្រេង ​បាន​ប្រគល់​អំណោយ​មនុស្សធម៌​របស់​សប្បុរសជន​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដឹកនាំ​ដោយ​លោក​ គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ​ នៅ​សាលាខេត្ត​ព្រះវិហារ។

ក្នុង​ពិធី​នោះ លោក​ គីម រិទ្ធី បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក ឃួ​ង ស្រេង និង​ក្រុមការងារ​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​តែងតែ​បាន​ខិតខំ​ខ្នះខ្នែង​កៀរគរ​ស្វែងរក​មូលនិធិ​ពី​សប្បុរសជន មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន​នានា បាន​ចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​តាម​លទ្ធភាព​រៀងៗ ​ខ្លួន ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​គាំទ្រ​ដល់​ពួកគាត់​នៅ​សមរភូមិ​ជួរមុខ ក៏​ជា​រដ្ឋបាល​ខេត្ត​ព្រះវិហារ​គ្រប់​កាលៈទេសៈ។

លោក​អភិបាល​ខេត្ត​ព្រះវិហារ​ បាន​បន្ថែម​ថា អំណោយ​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​នានា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​មក​រដ្ឋបាល​ខេត្ត​ព្រះវិហារ ក៏ដូចជា​វីរ​កងទ័ព​ជួរមុខ​ ពិតជា​មាន​សារសំខាន់ និង​មាន​តម្លៃ​ខ្លាំង​ណាស់ ខណៈ​យុទ្ធជន​របស់​យើង បាន​និង​កំពុង​ជាប់ដៃ​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​សៀម​ឈ្លានពាន​ទឹកដី​កម្ពុជា បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់ ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ប្រាសាទ​បុរាណ​ខ្មែរ វត្ត សាលារៀន មន្ទីរពេទ្យ សំណង​អគារ ផ្ទះ ស្ពាន​ថ្នល់​ជាដើម។

លោក ឯក ឃុនឌឿន ក្នុង​ឱកាស​នោះ បាន​នាំមក​នូវ​ការ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់ លោក ឃួង ស្រេង សូម​វីរ​កងទ័ព​ជួរមុខ​​ទាំងអស់​ជឿទុកចិត្ត​លើ​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​វៃ​ឆ្លាត​របស់​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងនាម​អ្នក​សមរភូមិ​ក្រោយ យើង​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ តែ​បេះដូង ឆន្ទៈ​មនសិការ ទឹកចិត្ត ស្មារតី​ នៅជាប់​ជាមួយ​​វីរ​កងទ័ព​យើង​ជា​ដរាប ដោយ​មិន​បោះបង់​បងប្អូន​ចោល​ឡើយ។ ជាក់ស្តែង​កម្លាំង​មហា​សាមគ្គី​ នៃ​មហា​គ្រួសារ​ខ្មែរ​នៅ​ទូទាំងប្រទេស ​និយាយ​ជារួម និង​ដោយឡែក​ នៅ​រាជធានី​ភ្នំពេញ ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ​បាននាំគ្នា​មក​បរិច្ចាគ​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់​ចាំបាច់​តាម​ធនធាន​រៀងៗ ​ខ្លួន ​ចម្រុះ​មុខ ចាប់តាំងពី​រដ្ឋបាល​រាជធានី​ចេញ​សេចក្តីអំពាវនាវ​រួចមក។ រដ្ឋបាល​រាជធានី​ បាន​ចាត់ចែង​វេច​ខ្ចប់​ដឹកជញ្ជូន​យក​ទៅ​ប្រគល់​ជូន​ជា​បន្ត​បន្ទាប់​តាម​គោលដៅ​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​ចាំបាច់។​

លោក​ ឯក ឃុន​ឌឿ​ន ក៏បាន​គោរព​ជូនពរ និង​អរគុណ​វីរ​កងទ័ព សូម​ឈ្នះ​មា​សត្រូវ​គ្រប់​សមរភូមិ​ប្រយុទ្ធ ហើយ​បន្ត​ឈរជើង​យ៉ាង​រឹងមាំ វាយ​បណ្ដេញ​ចោរ​សៀម​ឈ្លានពាន​ទឹកដី​កម្ពុជា ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ ការពារ​ប្រជាពលរដ្ឋ ខណៈ​ចោរ​សៀម​កំពុង​ចូល​មក​ឈ្លានពាន លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ដោយ​ពួកគេ​បាន​ប្រើ​អស់​គ្រប់​មធ្យោបាយ ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ដែន​អធិបតេយ្យភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​កម្ពុជា មាន​ដូចជា ​៖ ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ប្រាសាទ​បុរាណ វត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា។

រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​ ១៥​ ខែធ្នូ ឆ្នាំ​ ២០២៥ មាន​ជំរំ​ជនភៀសសឹក​នៅ​ទូទាំង​ខេត្ត​មាន​ចំនួន​ ១៣​ ទីតាំង មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​កំពុង​ស្នាក់នៅ​សរុប​ចំនួន ១០,៦៧២ ​គ្រួសារ ​ស្មើ ​៣៤២៤៦ នាក់ ស្រី ១៨២២១ ​នាក់។

គួរ​ជម្រាប​ថា អំណោយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ពី​សប្បុរសជន ហើយ​បាន​នាំយក​មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះវិហារ នា​ពេលនេះ​ដូចជា ​៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រេង​ឆា ខ្សែ​ចង​មួក កន្ទេល នំ​ក្រៀម ឆ្នាំង ភួយ ទឹក​ផ្លែឈើ និង​ទឹកក្រូច ក្រមា អាវ​ជជុះ​ និង​ថ្នាំពេទ្យ​ជាដើម៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម