Connect with us

ព័ត៌មានជាតិ

អតីត​ព្រះ​ចៅអធិការ​វត្ត​២​អង្គ នៅ​ស្រុក​បសេដ្ឋ ត្រូវ​តុលាការ​កាត់ទោស​ ក្រោយ​ល្មើស​បម្រាប​រដ្ឋបាល​​

បានផុស

នៅ

អតីត​ព្រះចៅអធិការ​វត្ត​០២​អង្គ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បើក​សវនាការ​លើ​បទល្មើស​ជាច្រើន​ករណី​ ដែល​ប្រព្រឹត្ត​ខុសច្បាប់​រដ្ឋធម្មនុញ្ញ និង​វិន័យ​សង្ឃ​ជាដើម ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ធ្វើ​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ៤៧១ ចុះ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១ តាម​នីតិវិធីច្បាប់។ តាម​ប្រភព​ពី​តុលាការ បាន​ឲ្យ​ដឹង​ថា តាម​នីតិ​វិធី​ចំពោះ​អង្គហេតុ​ជនសង្ស័យ រួមមាន​៖

១. ការប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​នគរបាល។​

២. ​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​រារាំង​ដល់​វិធានការ​អនុវត្ត​វិធានការ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អង្គ​ដែក​កណ្ដាល ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រ៦១៦ នៃ​ក្រមព្រហ្មទណ្ឌ​, មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង និង​មាត្រា​៤ និង​មាត្រា​១១ កថាខណ្ឌ​ទី​១ នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​សូម​រម្លឹក​ថា ព្រះ​ចៅអធិការ​វត្ត​ទាំង០២​អង្គ​ ដែល​ស្លៀកពាក់​ខោអាវ​ជា​គ្រហស្ថ ត្រូវ​ឃាត់ខ្លួន​នា​យប់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១​និង​១០​នាទី ដោយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ ខណៈ​ពេល​ចុះ​ពង្រឹង​ការអនុវត្ត​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ​៤៤ សសរ ចុះ​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ស្តីពី​ការ​ហាមឃាត់​ការ​ធ្វើដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។ ការ​ចុះ​អនុវត្ត​​ខាងលើ​តប​តាម​សេចក្តី​សម្រេច​លេខ​០៤៦/២១​សសរ ចុះ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ស្តីពី​ការ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

​គណៈបញ្ជាការ​ឯកភាព​ស្រុក បាន​ឃាត់​រថយន្ត​សង្ស័យ០២​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​ម​ក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ ដល់​ចំណុច​ស្ពាន​អង្គ​ដែក​កណ្តាល ស្ថិត​ក្នុង​ភូមិ​អង្គ​ដែក​កណ្តាល ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ ក្រោយពេល​ឃាត់​រថយន្ត​ទាំង ០២​គ្រឿង សមត្ថកិច្ច​បាន​នាំ​ព្រះសង្ឃ​០២​អង្គ ទៅកាន់​អធិការ​នគរបាល​ស្រុក​បសេដ្ឋ​ ដើម្បី​សាកសួរ។ ព្រះសង្ឃ​ទាំង ០២​អង្គ​នោះ ទី​១. ព្រះនាម នួន ចិន្តា ព្រះជន្ម​៣៩​ព្រះវស្សា ជា​ចៅអធិការ​វត្ត មុន្នី​សោ​ភ័​ណ្ឌ ស្ថិតនៅ​ឃុំ​ពោ​ធ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។ ២. ព្រះ​តេជគុណ ជឹ​ង ម៉េង​ហៀក ព្រះជន្ម ៣៥ព្រះវស្សា ជា​ចៅអធិការ​វត្ត សែន​ឧ​ត្ត​ម ហៅ​វត្ត បឹង​សា​ឡាំ ស្ថិតនៅ​ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោយពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ឆែក​ឃើញ​វត្ថុតាង​រួមមាន៖ ស្រា​បៀរ​ចំនួន ៥​កំប៉ុង​, តេ​ឡេ​បញ្ជារ ១ គ្រាប់​, ចាន​អាប៉ោង​មួយ​, មេអាប៉ោង​ចំនួន ០៤​គ្រាប់ ខោអាវ​ចំនួន ១០​កំប្លេ និង​ឯកសណ្ឋាន​នគរបាល​មួយ​ឈុត​មាន​ស្លាក​ឈ្មោះ​ពាក់​ស័​កិ្ត​៤​កន្លះ និង​មាន​អត្តលេខ​ត្រឹមត្រូវ៕

អត្ថបទ៖ ភួង រដ្ឋា​

សូមចុចអាន៖ បុរសម្នាក់ផឹកស៊ីជេរប្រមាថសមត្ថកិច្ច ត្រូវសាលាដំបូងខេត្តកំពង់ចាមដាក់ពន្ធនាគារ​ ១ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម