ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងច្បាប់សមុទ្រអន្តរជាតិ ដាក់ឆ្លងយោបល់ពីអង្គព្រឹទ្ធសភា ព្រឹកនេះ
នៅព្រឹកថ្ងៃពុធ ទី២១ ខែមករានេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលជាក្របខណ្ឌគតិយុត្តកំណត់ព្រំដែនសមុទ្រ ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ។

បើយោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្ទាប់ពីបានដាក់ឆ្លងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកនេះរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចកំណត់យកព្រឹកថ្ងៃពុធដដែលនេះ ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយនឹងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលមាន ៣មាត្រា ហើយស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
សេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើង ដើម្បីឱ្យស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។

ចំពោះការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាដែលជាប្រទេសមានសមុទ្រទទួលបាននូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រ ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម។
គួរជម្រាបថា ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រៅពីពិនិត្យ ហើយឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ខាងលើ ក៏នឹងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


