ព័ត៌មានជាតិ
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតថ្មី នៅស្រុកតាំងគោក ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លើកឡើងថា បច្ចុប្បន្នខេត្តកំពង់ធំមានប្រតិបត្តិករអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានទទួលប្រកាស អនុញ្ញាតសរុបចំនួន២៧មូលដ្ឋាន។ ក្នុងនោះប្រតិបត្តិករដែលកំពុងដំណើរការផ្គត់ផ្គង់មានចំនួន១៩មូលដ្ឋានរួមមាន (រដ្ឋាករទឹកសាធារណៈ០២មូលដ្ឋាន និងប្រតិបត្តិករឯកជន១៧មូលដ្ឋាន) ប្រតិបត្តិករកំពុងសាងសង់មាន ០៤មូលដ្ឋាន និងកំពុងរៀបចំសាងសង់០៤មូលដ្ឋាន ផ្សេងទៀត។ ជារួមវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតបានគ្របដណ្តប់លើតំបន់សេវាកម្មចំនួន៦៨ឃុំ/សង្កាត់ ស្មើនឹង ៨៣.៩៥% នៃឃុំសរុបទូទាំងខេត្ត។ មកទល់ពេលនេះ យើងបានដាក់បំពង់មេ និងបំពង់មេរងសរុបប្រវែង១២១០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យប្រជាជនប្រមាណ២៨៨ ៩០០នាក់ ស្មើនឹង៣៤.២២% នៃប្រជាជនសរុប៨៤៤ ០៤៤នាក់ ទទួលបានទឹកស្អាតប្រើប្រាស់ តាមរយៈនាឡិកាស្ទង់ទឹកចំនួន៤១ ២៧៣គ្រឿង។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងនេះរហូតលេចចេញជារូបរាងនៅថ្ងៃនេះ។ លោកបន្តថា សមិទ្ធផលដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ “មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា”។ ក្នុងនោះអាទិភាព “ទឹក” គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ទ្រទ្រង់ជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ហើយការគាំទ្ររបស់មិត្តអូស្ត្រាលី មិនត្រឹមតែជួយផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ សុខភាព កាត់បន្ថយភាពក្រីក្រ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានក្នុងស្រុក តាំងគោកឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឱ្យមានស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រដំណើរការប្រកបដោយរលូន និងមាននិរន្តរភាព អាជ្ញាធរមូលដ្ឋានស្រុក/ឃុំ/ភូមិ បន្តសហការ និងសម្របសម្រួលឱ្យបានល្អ ជាមួយប្រតិបត្តិករក្នុងការការពារបណ្តាញបំពង់ទឹក និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ ដឹងពីតម្លៃនៃទឹកស្អាត។ ដោយឡែកប្រតិបត្តិករ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “គុណភាព សុវត្ថិភាព និរន្តរភាព តម្លៃសមរម្យ និងត្រូវមានក្រុមបច្ចេកទេសប្រចាំការដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់មេត្តាចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ការពារប្រភពទឹក និងចូលរួមបង់ថ្លៃសេវាឱ្យបានទៀងទាត់ ដើម្បីឱ្យប្រតិបត្តិករមានសមត្ថភាព និងលទ្ធភាពពង្រីកបណ្តាញទៅកាន់តំបន់ដែលមិនទាន់មានទឹកប្រើប្រាស់ផ្សេងទៀត៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


