Connect with us

ព័ត៌មានជាតិ

ការ​អភិវឌ្ឍ​លំហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ​កំពុង​លេច​រូបរាង ទាញ​កំណើន​ទេសចរ​ទៅ​កម្សាន្ត​យ៉ាង​គំហុក

បានផុស

នៅ

ការ​រៀបចំអភិវឌ្ឍ​លំហែ​បៃតង​នៅ​​ភ្នំ​ខ្នង​ផ្សារ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ សម្រេច​បាន​លទ្ធផល​ជា​បន្តបន្ទាប់។ សមិទ្ធផលមានផ្លូវ បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត​រួម​ទាំងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​បាន​សាងសង់​បញ្ចប់​។

គិត​ត្រឹម​ដើមខែមករា ឆ្នាំ២០២៦នេះ ការងារ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​​នៅ​ទីតាំង​ជើងភ្នំខ្នងផ្សារ ដែលគេហៅថាដំណាក់ដំរីនោះបានសាងសង់រួច​រាល់​។

សមិទ្ធផលទាំងនោះរួមមាន ផ្លូវលំក្រាល​គ្រួសដែលនឹង​បន្តក្រាលកៅស៊ូ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មណ្ឌល​ព័ត៌មាន​ជាមួយ​ទី​សង្គ្រោះ​បន្ទាន់ ផ្សារ​សហគមន៍ ហាង​កាហ្វេ​សហគមន៍ ចំណត​រថយន្ត​ក្រុង រថយន្ត​ទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធ​ទឹក​អណ្ដូង​អនាម័យ​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹក​ប្រុស​ស្រី បន្ទប់​អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះ​ស្នាក់នៅរបស់ប្រជាសហគមន៍​ដែល​ជា​អ្នក​គ្រប់គ្រង​គោលដៅលម្ភៃបៃតង និងផ្លូវថ្មើរ​ជើង​ឡើងទៅទីតាំងដានព្រះអង្គ ដែល​មាន​កន្លែង​ដាក់​សំរាម និង​កន្លែងអង្គុយ​សម្រាក​តាម​ដង​​ផ្លូ​វក្រោមម្លប់ឈើ​ដ៏ត្រឈឹង​ត្រឈៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាជំហាន​បន្ទាប់ ទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នង​ផ្សារ​) នឹង​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់​មួយ​ចំនួនទៀត រួមមាន​មណ្ឌល​ព័ត៌មាន​ជាមួយ​ទី​សង្គ្រោះ​បន្ទាន់ ហាង​លក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណត​រថយន្ត​ទេសចរណ៍-ទោចក្រ​យានយន្ត អាងស្តុកទឹក អណ្តូងទឹក​សម្រាប់អ្នក​ថ្មើរជើង​ប្រើ​ប្រាស់ បន្ទប់​ងូតទឹកប្រុស-ស្រី បន្ទប់​អនា​ម័យ​ប្រុស-ស្រី-ជនពិការ និងជាពិសេស​កន្លែង​អង្គុយលម្ហែ បណ្តែតអារម្មណ៍គយ​គន់​ទេសភាព និងស្រូបខ្យល់អាកាស​ដ៏ល្អបរិសុទ្ធពី​ធម្ម​ជាតិបៃតង។

ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​លំហែ​បៃតង​នៅ​​ភ្នំ​ខ្នង​ផ្សារ​ លោក ខ្វៃ អាទិត្យា មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថានបានប្រាប់​កម្ពុជាថ្មី​ថា ក្រោមការចង្អុល​បង្ហាញដោយ​ផ្ទាល់​ពី​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួង​បរិស្ថាន​បាន​បញ្ចប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ ខ្លោង​ទ្វារ​ចូល ផ្លូវ​ថ្មើរ​ជើង​ឡើងភ្នំ​ រួមទាំង​​សមិទ្ធផល​ជាច្រើន​ទៀត។

លោកថា ជា​ជំហានបន្ទាប់ ក្រសួងនឹងរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធបន្ថែម​ទៀតនៅ​លើ​កំពូលភ្នំ បន្ទាប់​ពីទទួល​បាន​ការ​អនុញ្ញាត​ពី​ប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យតំបន់​នេះ​កាន់តែមាន​ភាពទាក់ទាញខ្លាំងជាងមុន។

​​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​​មើល​ឃើញ​កំណើនភ្ញៀវទេសចរ​យ៉ាងគំហុក​ឡើង​ទៅ​កម្សាន្ត​ភ្នំ​ខ្នងផ្សារ ក្រោយ​មាន​ដំណើរទស្សនកិច្ច​របស់សម្តេចធិបតីទៅកម្សាន្តក្នុង​​ថ្ងៃឈប់​សម្រាក​ទិវាសិទ្ធិនារី ០៨ មីនា ឆ្នាំ​២០២៥។

នៅ​ក្នុង​ឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរទៅកម្សាន្តជាមធ្យម​មានប្រមាណ ៥០០ នាក់​ក្នុងមួយខែ។ ចំនួន​នេះកើនឡើងគួរ​ឱ្យ​​កត់​សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ ២០២៤ ដែលមានភ្ញៀវ​ទៅកម្សាន្ត​ត្រឹមតែជាង ៣០០ នាក់ ប៉ុណ្ណោះ។ លោក ខ្វៃ អាទិត្យា បញ្ជាក់។

កំណើនភ្ញៀវទេសចរមានចន្លោះពី ៣០ ទៅ ៤០%។ បើតាម​មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន​​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​​នៅ​ភ្នំខ្នងផ្សារ​ មិនត្រឹមតែផ្ដោតលើការ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់ភ្ញៀវទេសចរ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មាន​គោលបំណង​ពង្រីក​សក្តានុពល​ទេសចរណ៍​ធម្មជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្រសួង​បរិស្ថាន​បាន​កំពុង​យកចិត្តទុកដាក់​លើការជំរុញ “ភាពបៃតង” ដោយផ្អែក​លើអាទិភាព​ធំៗ​ចំនួន ៣។ ទី​១. ពង្រឹង​ផ្តោត​សំខាន់លើការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការប៉ះពាល់ និង​បទ​ល្មើស​ធនធាន​ធម្មជាតិ។ ក្នុងនោះបាន​ដាក់​ចេញ​វិធានការចំនួន ៤ រួមមាន៖

-ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់
-ការពង្រឹងសមត្ថភាព និងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ
-ការជំរុញការដាំដុះឡើងវិញ
-ការអភិវឌ្ឍសហគមន៍

ទី​២. ការពង្រីក​គម្រោង​បៃតង ដោយ​ជំរុញ​ឱ្យមានការដាំដុះ និង​ការចែក​កូនឈើ​ជូន​ដល់​សាធារណជន​យក​ទៅ​ដាំឱ្យ​បានច្រើន។ គោលដៅគឺដាំឱ្យបានយ៉ាងតិច ១ លាន​ដើម​ក្នុង​មួយ​ឆ្នាំ និង​តាម​គម្រោង​ដាំ​ឱ្យបាន ៥ លានដើម​នៅ​ឆ្នាំ ២០២៦ និង​ទី ៣. គឺ​ការអភិវឌ្ឍ​ផ្តោតលើការអភិវឌ្ឍផែនការបៃតង ដើម្បីឱ្យ​សហគមន៍​មាន​ការ​ចូលរួម​កាន់​តែ​ប្រសើរ ក្នុង​ការ​ការពារ និងអភិរក្សធនធានធម្មជាតិ។ គោលបំណង​ធំ​គឺជួយឱ្យប្រជា​ពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ និង​មានការរីកចម្រើន ដោយមិនពឹងផ្អែកលើព្រៃឈើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម