Connect with us

ព័ត៌មានជាតិ

កម្ពុជា និងស្ថាប័នការពារជនស៊ីវិលនៃសហគមន៍អឺរ៉ុប បើកកិច្ចពិភាក្សាជួយសង្គ្រោះជនភៀសសឹកកម្ពុជា

បានផុស

នៅ

កម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងស្ថាប័នការពារជនស៊ីវិលនៃសហគមន៍អឺរ៉ុប បានបើកកិច្ចពិភាក្សាដើម្បីជួយសង្គ្រោះជនភៀសសឹកកម្ពុជា ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃ ២៦ ខែមករា ឆ្នាំ២០២៦ រវាងលោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) លោកស្រី Isabelle D’HAUDT អ្នកសម្របសម្រួលការឆ្លើយតបសង្គ្រោះបន្ទាន់ នៃអគ្គនាយកដ្ឋានប្រតិបត្តិការជំនួយមនុស្សធម៌ និងគាំពារជនស៊ីវិលរបស់សហគមន៍អឺរ៉ុប (ECHO)។

កិច្ចពិភាក្សានេះផ្តោតសំខាន់លើការស្វែងយល់អំពី តួនាទី របស់ គ.ជ.គ.ម. ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារដឹកនាំ សម្របសម្រួល និងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ជាពិសេស យន្តការឆ្លើយតប និងសង្គ្រោះប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន។

ក្នុងជំនួបនេះដែរ លោក គីម វីរៈ ក៏បានបញ្ជាក់ជូនភាគី ECHO អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋភៀសសឹក។ គ.ជ.គ.ម. បានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលចាប់តាំងពីដំណាក់កាលជម្លៀស ការស្នាក់នៅបណ្តោះអាសន្ន រហូតដល់ការវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ លោកក៏បានបញ្ជាក់ផងដែរថា៖« បច្ចុប្បន្ន គ.ជ.គ.ម. កំពុងបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពជម្រក និងសេវាគាំពារចាំបាច់នានា ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន»។

គិតត្រឹមថ្ងៃទី ២៦ ខែមករា មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៣.៩៧៦នាក់ ក្នុងនោះស្រី្តមាន៥៩.៦៨៨នាក់ និងកុមារ៣៧.២៨៨នាក់។

គួរជម្រាបថា អំឡុងពេលកម្ពុជារងការឈ្លានពានពីសំណាក់ប្រទេសថៃ បានបង្ខំចិត្តឱ្យពលរដ្ឋច្រើនម៉ឺននាក់ភៀសសឹកមករស់នៅតាមជំរំសុវត្ថិភាព។ លើសពីនេះ ខណៈពលរដ្ឋកម្ពុជាភៀសសឹកមករស់នៅជំរំ ក្រុមយោធាថៃបានចូលមកបំផ្លាញផ្ទះសម្បែង និងឆ្លៀតឱកាសចូលលួចទ្រពសម្បត្តិជនស៊ីវិល រួមមានម៉ូតូ កង់ រថយន្ត គោយន្ត ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម