Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ផ្តល់សម្ភារៈបរិក្ខាពេទ្យដើម្បីគាំពារសុខភាពមាតា និងទារកនៅកម្ពុជា

បានផុស

នៅ

សហរដ្ឋអាមេរិក តាមរយៈអង្គការយូនីសេហ្វប្រចាំកម្ពុជា បានផ្តល់សម្ភារៈបរិក្ខាពេទ្យមួយចំនួនដល់ខេត្តចំនួនពីរ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រសុខភាពមាតា និងទារក និងធានាថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ តាមរយៈលោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា (UNICEF Cambodia) និងលោកស្រី Kelly Geoghegan មន្ត្រីនយោបាយស្ថានទូតអាមេរិក ដែលបានផ្តល់ជូន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាតំណាង។ សម្ភារបរិក្ខាពេទ្យនេះដែលផ្តល់ជូនកម្ពុជានាពេលនេះ ជាជំនួយឧបត្ថម្ភពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងតំបន់។

នាឱកាសនោះលោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) ដែលតែងតែផ្តល់ការគាំទ្រដល់ខេត្តព្រះវិហារ ជាពិសេសក្នុងវិស័យសុខាភិបាល។ លោកបញ្ជាក់ថា៖«សម្ភារបរិក្ខារពេទ្យនាពេលនេះ មិនត្រឹមតែជាជំនួយបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការកាត់បន្ថយគម្លាតសេវាសុខាភិបាលរវាងទីក្រុង និងតំបន់ដាច់ស្រយាល»»។

តាមរយៈជំនួយនេះ មណ្ឌលសុខភាព ចំនួន ៦៩ និងមន្ទីរពេទ្យបង្អែក ចំនួន ៤ ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ នឹងទទួលបាននូវសម្ភារៈបរិក្ខារពេទ្យ ដើម្បសង្គ្រោះជីវិតនិងគាំពារសុខភាព មាតា និងទារក។ សម្ភារៈបរិក្ខារទាំងនេះ រួមមាន ឧបករណ៍ជួយការពារការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាល ឧបករណ៍ជំនួយដង្ហើម និងតាមដានអាការៈមិនប្រក្រតីក្នុងអំឡុងពេលសម្រាល ព្រមទាំងឧបករណ៍សម្រាប់ស្វែងរកកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាលឱ្យបានទាន់ពេលវេលា។ តាមរយៈសម្ភារៈទាំងនេះ បុគ្គលិកសុខាភិបាលនឹងអាចផ្ដល់សេវាថែទាំដល់ប្រជាពលរដ្ឋបានភ្លាមៗ មិនថានៅតាមភូមិឋានរបស់ពួកគេ ឬនៅតាមជំរំភៀសសឹកបណ្តោះអាសន្ន។

ក្នុងឱកាសនោះ តំណាងយូនីសេហ្វ និងស្ថានទូតអាមេរិក បានប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសន្តិសុខសុខភាព និងធានាថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម