ព័ត៌មានជាតិ
ស្ថានីយប្រេង “សន្តិភាព” ផ្លូវសហព័ន្ធរុស្សីពោធិ៍ចិនតុង រងការផាកពិន័យ ៤លានរៀល លក់ប្រេងលើសតម្លៃកំណត់
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រក្រតីភាពនៃតម្លៃលក់ប្រេងឥន្ធនៈនៅក្នុងភូមិសាស្រ្តរាជធានី ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានតំលៃ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ បានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែងឈ្មោះ “សន្តិភាព” ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ ក្រុមការងារដែលមានការចូលរួមពីមន្ទីរ និងអង្គភាពពាក់ព័ន្ធ បានរកឃើញថា ស្ថានីយប្រេងឥន្ធនៈខាងលើ បានធ្វើការលក់ប្រេងលើសតម្លៃដែលក្រសួងពាណិជ្ជកម្មបានជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការល្មើសនឹងបទប្បញ្ញត្តិ និងគោលការណ៍ដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ជាលទ្ធផល ក្រុមការងារបានសម្រេចធ្វើការផាកពិន័យស្ថានីយប្រេងឥន្ធនៈ “សន្តិភាព” ចំនួន ៤,០០០,០០០ (បួនលាន) រៀល និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ស្ថានីយធ្វើការកែតម្រូវការលក់ឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមគោរពច្បាប់ រក្សាសណ្តាប់ធ្នាប់ និងសាមគ្គីភាពក្នុងសង្គម ជាពិសេសក្នុងគ្រាលំបាក ដោយចៀសវាងការឆក់ឱកាសកេងចំណេញមិនសមរម្យដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានោះផងដែរ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោក Tea Siam (ទៀ ស្យាម) ក៏បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការថា គ្រប់បណ្តាស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស (PIS) នៅទូទាំងប្រទេស បានបន្តរក្សាតម្លៃលក់ប្រេងឥន្ធនៈស្របតាមតម្លៃដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានស្ថានីយណាមួយលក់ប្រេងលើសតម្លៃដែលបានកំណត់ សូមជួយរាយការណ៍មកកាន់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនអាចធ្វើការពិនិត្យ និងចាត់វិធានការសមស្រប។ ក្រុមហ៊ុននឹងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ៕ អត្ថបទ៖ សំណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


