ព័ត៌មានជាតិ
អាជ្ញាធរខេត្តនិងមន្ទីរជំនាញ ចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជាង១មុឺនបណ្ណជូនពលរដ្ឋចំនួន១២ភូមិ ក្នុងស្រុកកៀនស្វាយ
លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២,៤២៥បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ

ភូមិរទាំង ភូមិរទាំងត្បូង ស្ថិតក្នុងឃុំភូមិធំ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ស្ថិតក្នុងឃុំសំរោងធំ និងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។


ថ្លែងក្នុងពិធីនេះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរដល់មន្ត្រីភូមិបាល អាជ្ញាធរស្រុក ភូមិ-ឃុំទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការវាស់វែង ចុះបញ្ជី និងបិទផ្សព្វផ្សាយ តាំងពីពេលចាប់ផ្តើមរហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ លោកអភិបាលខេត្ត បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ សូមបន្តខិតខំពន្លឿនការចែកបណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបន្ថែមទៀត ហើយនៅពេលដែលផលិតបណ្ណរួច សូមធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយរាល់ការចែកបណ្ណត្រូវប្រមូលផ្តុំនៅច្រកចេញចូលតែមួយរបស់ស្រុក ដើម្បីងាយស្រួលដល់ប្រជាពលរដ្ខមកទទួលយកបណ្ណរបស់ពួកគាត់។


លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


