ព័ត៌មានជាតិ
ខេត្តរតនគិរីជំរុញបើកច្រកព្រំដែនចំនួន ៤ ទៀតជាមួយឡាវ និងវៀតណាម ដើម្បីដោះដូរពាណិជ្ជកម្មឆ្លងប្រទេស
អាជ្ញាធរខេត្តរតនគិរីមានគម្រោងក្នុងការបើកច្រកព្រំដែនថ្មចំនួន ៤ កន្លែងបន្ថែមទៀតនៅពេលខាងមុខដែល ២ កន្លែងជាប់ជាមួយប្រទេសឡាវ និង ២ កន្លែងទៀតជាប់ជាមួយប្រទេសវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងដំណើរទស្សនកិច្ចនិងផ្សព្វផ្សាយពីសក្តានុពលខេត្តរតនគរី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបង្ហើបពីគម្រោងបើកច្រកព្រំដែនជាមួយប្រទេសឡាវ និងវៀតណាម។

លោក ញ៉ែម សំអឿន បានបញ្ជាក់ថា ការបើកច្រកព្រំដែនជាមួយប្រទេសឡាវ គ្រោងបើកនៅទីតាំងបង្គោលព្រំដែនលេខ ១០១-១០២ និងបង្គោលលេខ ១៤១។
ច្រកព្រំដែនលេខ ១០១-១០២ តភ្ជាប់រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង្សនៃប្រទេសឡាវ ដែលមានចម្ងាយប្រមាណ ៣០ ទៅ ៣៥ គីឡូម៉ែត្រពីស្រុកវើនសៃ និងប្រហែលត្រឹម ៥ ទៅ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីស្រុកភូវង្សរបស់ឡាវ។
លោកអភិបាលខេត្តបន្តថា ច្រកនេះក្រៅពីការផ្លាស់ប្តូរទំនិញដែលភាគីម្ខាងៗខ្វះខាត ក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋនិងពាណិជ្ជករខ្មែរអាចធ្វើដំណើរទៅខេត្តអត្តពើ រួចអាចបន្តដំណើរទៅប្រទេសចិនឬប្រទេសផ្សេងៗទៀតបាន។
«យើងក៏ចង់បានច្រកបើកជាមួយនឹងខាងឡាវ ហើយខាងឡាវក៏គេចង់បើកដូចគ្នាដែរ។ លទ្ធភាពដែលបើកនេះ យើងសង្កេតឃើញថាមានពីរច្រកហ្នឹងឯង។ ទីមួយនៅបង្គោលព្រំដែនលេខ ១០១ និង ១០២ និងមួយទៀតនៅបង្គោលព្រំដែនលេខ ១៤១ គឺលទ្ធភាពអាចបើកទាំងពីរ។ ដូចខ្ញុំជម្រាបអីចឹងគឺវាទាក់ទាញការវិនិយោគ និងទេសចរណ៍ក៏ដូចជាពាណិជ្ជកម្មទៅមក»។
បើតាមលោកអភិបាលខេត្ត រាជរដ្ឋាភិបាលបានអនុញ្ញាតរួចហើយ ដោយបច្ចុប្បន្នភាគីកម្ពុជាកំពុងរៀបចំវាស់វែងទំហំដី និងរៀបចំទីតាំង។

ដោយឡែកជាមួយប្រទេសវៀតណាម អាជ្ញាធរខេត្តក៏មានផែនការបើកច្រកព្រំដែនបន្ថែមចំនួនពីរទៀតដែលច្រកទី ១ មានទីតាំងនៅឃុំញ៉ាង ដែលរាជរដ្ឋាភិបាលទើបតែបានអនុញ្ញាតជាផ្លូវការ ដោយបច្ចុប្បន្នកំពុងរង់ចាំការរៀបចំបច្ចេកទេស ការរៀបចំដី ការសាងសង់ និងកញ្ចប់ថវិកាប៉ុណ្ណោះ និងច្រកទី ២ ស្ថិតនៅក្បែរបង្គោលព្រំដែនលេខ ៦ ដែលច្រកនេះស្ថិតនៅកៀកនឹងតំបន់មុំបីកន្ទុយនាគ។
លោក ញ៉ែម សំអឿន បានបញ្ជាក់ថា ច្រកនៅក្បែរបង្គោលលេខ ៦ ជាច្រករបៀងសេដ្ឋកិច្ចឡាវ-កម្ពុជា-វៀតណាម ដែលទីតាំងតំបន់នេះមានចម្ងាយត្រឹមតែ ១៦ គីឡូម៉ែត្រប៉ុណ្ណោះពីច្រកបង្គោលលេខ ១៤១ របស់ឡាវ ដែលអាចឲ្យប្រទេសឡាវប្រើប្រាស់ជាច្រកឆ្លងកាត់មកកម្ពុជា ដើម្បីធ្វើដំណើរនិងដឹកទំនិញបន្តទៅវៀតណាម។
បើតាមលោកអភិបាលខេត្ត ការបើកច្រកនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកវិនិយោគធំៗ ដោយកន្លងទៅក៏មានអ្នកវិនិយោគក្នុងស្រុកជំរុញឲ្យបើកច្រកនេះ ដោយសារការដឹកជញ្ជូនទំនិញនិងកសិផលចូលមកផ្ទៃក្នុងប្រទេសកម្ពុជាមានការលំបាក ទើបតម្រូវឲ្យមានការបើកច្រក ដើម្បីនាំចេញកសិផលទៅលក់នៅក្រៅប្រទេសតាមរយៈប្រទេសវៀតណាម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


