ព័ត៌មានជាតិ
អ្នកជំនាញ ជំរុញឲ្យយុវជនខ្មែរចាប់ឱកាសទៅដឹកនាំ (CEO) នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិធំៗនៅកម្ពុជា
អ្នកជំនាញហិរញ្ញវត្ថុបានលើកទឹកចិត្តឲ្យយុវជន ពង្រឹងសមត្ថភាពជំនាញធានារ៉ាប់រង ដើម្បីមានលទ្ធភាពទទួលបានការទុកចិត្ត ទៅកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាអគ្គនាយក (CEO) នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងធំៗនៅកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា នៅក្នុងវិស័យហិរញ្ញវត្ថុ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាគច្រើន មានចំណេះដឹងទូទៅផ្នែកហិរញ្ញវត្ថុ និងធនាគារ ប៉ុន្តែពុំទាន់មានចំណេះដឹងស៊ីជម្រៅលើផ្នែកធានារ៉ាប់រងនោះទេ។

លោកលើកទឹកចិត្តដល់យុវជនខ្មែរ ពង្រឹងសមត្ថភាពក្នុងការសិក្សាជំនាញដែលកំពុងមានភាពរីកចម្រើននេះ និងអនាគតអាចឡើងកាន់ចាប់តំណែងជាថ្នាក់ដឹកនាំកំពូលៗនៅក្នុងក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា ខណៈឱកាសក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅតែជាអាទិភាព បើសិនធនធានមនុស្សក្នុងស្រុកមានសមត្ថភាពគ្រប់គ្រាន់។
លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា «គោលដៅទៅថ្ងៃអនាគត គឺយើងចង់ឱ្យអ្នកដឹកនាំកំពូលៗ និង CEOs នៃក្រុមហ៊ុនធានារ៉ាប់រងជាជនជាតិខ្មែរ»។

លោកថា «ក្រុមហ៊ុនបរទេសក៏ចង់បានជនជាតិក្នុងស្រុកដែលមានសមត្ថភាព និងយល់ច្បាស់ពីវប្បធម៌ និងបរិបទក្នុងស្រុកដែរ ព្រោះការជួលជនបរទេសត្រូវចំណាយខ្ពស់ណាស់ ខណៈការប្រើប្រាស់អ្នកជំនាញក្នុងស្រុកផ្តល់ផលប្រយោជន៍ច្រើនទាំងការយល់ដឹងពីចំណង់ចំណូលចិត្តអតិថិជន និងការចំណេញរបស់ក្រុមហ៊ុន»។
លោក ផុន ណារិន សកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា យល់ឃើញថា ការលើកឡើងរបស់អ្នកជំនាញមិនមែនគ្មានហេតុផល ឬគ្មានឧទាហរណ៍នោះទេ គឺមានឧទាហរណ៍ជាក់ស្តែងស្រាប់។
«ខ្ញុំគិតថា យើងអាចធ្វើបាន អនាគតនឹងកាន់តែសម្បូរថែមទៀត!»។ លោក ផុន ណារិន បញ្ជាក់។
លោកអះអាងថា «បរទេសក៏ដោយ ខ្មែរយើងក៏ដោយ គឺវិនិយោគិនគេគិតពីលទ្ធភាពនៃការអភិវឌ្ឍ និងរីកចម្រើនទៅមុខ។ អីចឹងការអភិវឌ្ឍរីកចម្រើន វាត្រូវការការចំណាយមួយដែលមានប្រសិទ្ធភាព»។
«បើសិនជាអាចប្រើថ្នាក់គ្រប់គ្រងនៅក្នុងស្រុក ថ្លៃចំណាយធនធានក្នុងស្រុកមិនសូវខ្ពស់ទេ។ ប៉ុន្តែនៅពេលដែលនាំអ្នកជំនាញបរទេសមក ត្រូវចំណាយសព្វគ្រប់ មានទាំងថ្លៃស្នាក់នៅ អ្នកយាមផ្ទះ ត្រូវមានរបបផ្សេងៗនិងណាមួយត្រូវចាយលើថ្លៃកូនរៀនថែមទៀតដែលនេះជាចំណាយមួយដ៏ខ្ពស់»។ លោកបន្ថែម។

បើតាមបទពិសោធន៍របស់លោក ដែលធ្លាប់ទៅគ្រប់គ្រងដឹកនាំនៅប្រទេសឡាវផងនោះ លោកប្រៀបធៀបការចំណាយរវាងការជួលបរទេស និងក្នុងស្រុកបើធៀបគ្នាខុសគ្នាពី ៣ ដង ទៅ ៥ ដង»។
បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាមានប្រមាណ ៣៩ ទៅ ៤០ ក្រុមហ៊ុន ខណៈបើតាមមន្រ្តីនិយ័តករធានារ៉ាប់រងកម្ពុជាអះអាងថា ក៏មានថ្នាក់ដឹកនាំជាអ្នកជំនាញក្នុងស្រុកមួយចំនួន កំពុងកាន់តំណែងដឹកនាំនៅក្រុមហ៊ុនបរទេសធំៗ ដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា។
និយតករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងសកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចុះអនុសារណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពជំនាញក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។
តាមរយៈការចុះ MoU ជាមួយសកលវិទ្យាល័យ អេស៊ីលីដា នឹងបង្កើតវគ្គសិក្សាដែលនឹងបញ្ចូលមុខវិជ្ជា ឬកម្មវិធីសិក្សាផ្នែកធានារ៉ាប់រងកម្រិតមូលដ្ឋាន និងជំនាញ ទៅក្នុងកម្រិតឧត្តមសិក្សានៅតាមសកលវិទ្យាល័យ។
លោក ប៊ូ ច័ន្ទភីរូ បានអះអាងថា រួមទាំងសកលវិទ្យាល័យ អេស៊ីលីដា គឺជាសកលវិទ្យាល័យទី ៥ ដែលនិយតករធានារ៉ាប់រងកម្ពុជាបានចុះ MoU ជាមួយ ដើម្បីសហការគ្នាបណ្តុះបណ្តាលជំនាញធានារ៉ាប់រង ដើម្បីឱ្យនិស្សិតអាចចាប់យកឱកាសការងារដែលកំពុងរីកចម្រើនយ៉ាងខ្លាំង និងអាចក្លាយជាអ្នកដឹកនាំទៅថ្ងៃអនាគត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


