ព័ត៌មានជាតិ
អគ្គនាយករងយូណេស្កូ សន្យាតាមដានករណីប្រាសាទព្រះវិហារ និងរួមចំណែកបន្ធូរបន្ថយភាពតានតឹង
អគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ (UNESCO) លោក Nayef Al-Fayez បានបញ្ជាក់ពីការគាំទ្ររបស់អង្គការយូណេស្កូក្នុងការបន្តតាមដានករណីប្រាសាទព្រះវិហារ និងសន្យាចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ តាមរយៈវិស័យវប្បធម៌។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ជួបជាមួយលោក Nayef Al-Fayez ក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នាទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោកស្រី ភឿង សកុណា បានអបអរសាទរលោក Nayef Al-Fayez ដែលត្រូវបានជ្រើសរើសជាអគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងបានថ្លែងអំណរគុណចំពោះការបញ្ជូនរបាយការណ៍បេសកកម្មរបស់អ្នកជំនាញមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងអ្នកជំនាញរបស់ ICOMOS ដែលបានចុះបំពេញបេសកកម្មនៅប្រាសាទព្រះវិហារ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ របាយការណ៍នេះ ត្រូវបានរៀបចំបន្ទាប់ពីក្រុមអ្នកជំនាញបានចុះពិនិត្យ និងវាយតម្លៃការខូចខាតដែលកម្ពុជាបានជូនដំណឹងថា បណ្តាលមកពីការវាយប្រហាររបស់យោធាថៃ ដែលប៉ះពាល់ដល់តម្លៃជាសកលដ៏លេចធ្លោ របស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
ជាការឆ្លើយតប លោក Nayef Al-Fayez បានបញ្ជាក់ថា យូណេស្កូនឹងបន្តយកចិត្តទុកដាក់តាមដានករណីប្រាសាទព្រះវិហារ ហើយក្នុងនាមជាអគ្គនាយករងទទួលបន្ទុកវប្បធម៌ លោកក៏នឹងចូលរួមគាំទ្រ និងសម្របសម្រួល ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌។

ក្រៅពីការពិភាក្សាអំពីករណីប្រាសាទព្រះវិហារ លោកស្រី ភឿង សកុណា ក៏បានជម្រាបជូនអគ្គនាយករងយូណេស្កូអំពីបំណងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី នៅអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការសម្រាប់អាណត្តិឆ្នាំ២០២៦–២០៣០។
ជាមួយគ្នានេះ លោក Nayef Al-Fayez បានសន្យាគាំទ្រសំណើរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិនេះ ដោយបញ្ជាក់ថា យូណេស្កូនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ទាំងបេតិកភណ្ឌរូបី និងអរូបី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


