Connect with us

ព័ត៌មានជាតិ

គិតត្រឹមសប្តាហ៍នេះ ខេត្តកំពង់ឆ្នាំង មានអ្នកកើតជំងឺគ្រុនឈាមជាង ១ពាន់នាក់ និងកុមារ ៤នាក់បានស្លាប់

បានផុស

នៅ

ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង បានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដោយគិតត្រឹមសប្តាហ៍នេះ មានអ្នកកើតជំងឺសរុបចំនួន ១ ២៦៩នាក់ និងមានកុមារ ចំនួន ៤នាក់ បានស្លាប់។ តួលេខនេះត្រូវបានចាត់ទុកថា កើនឡើងខ្ពស់ជាងឆ្នាំ២០២៥ ដែលកាលពីឆ្នាំមុនមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ស្ថានភាពគ្រុនឈាមក្នុងឆ្នាំនេះ មានភាពកាចសាហាវ និងកើនឡើងខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីទប់ស្កាត់ការរីករាលដាល។ លោកបន្តថាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើវិស័យសុខាភិបាលនោះទេ ប៉ុន្តែត្រូវការការចូលរួមពីអាណាព្យាបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺនេះ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យជុំវិញផ្ទះ បំផ្លាញកន្លែងដក់ទឹក ដាក់ថ្នាំអាប៊េតក្នុងធុង ឬពាងស្តុកទឹក និងអនុវត្តវិធានការបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។ ជាមួយគ្នានេះ ក្រុមការងារកំចាត់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តចុះអន្តរាគមន៍នៅតាមតំបន់ដែលមានអ្នកជំងឺកើនច្រើន ដោយធ្វើការដាក់ថ្នាំអាប៊េត បាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយវិធានការការពារជូនប្រជាពលរដ្ឋជាប្រចាំ។


មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ ឬមានសញ្ញាខុសប្រក្រតីផ្សេងៗ៕ ដោយ៖ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម