ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង យកកូនឈើជាង២០០ដើម ដាំស្តារព្រៃឈើឡើងវិញនៅតំបន់ការពារ
ក្រោយមើលឃើញពីហានិភ័យបាត់បង់ព្រៃឈើ និងដីធ្លីនៅតំបន់ការពារធម្មជាតិ អាជ្ញាធរខេត្តកោះកុង ស្រុកថ្មបាំង សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានយកកូនឈើជាង២០០ដើមទៅដាំស្តារកូនឈើឡើងវិញនៅចំណុចកោះខ្យ៉ាង។
សកម្មភាពដាំស្តារព្រៃឡើងវិញ ធ្វើឡើងចំថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរផង និងជាសារក្រើនរំលឹកដល់ពលរដ្ឋ និងសាធារណជនចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ផង។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង គូសបញ្ជាក់កាលពីថ្ងៃទី១៤ ខែឧសភាថា ដីធ្លីតំបន់ការពារជាង២០ហិចតាបានរងផលប៉ះពាល់អំឡុងខែមេសាកន្លងទៅ ដោយសារពលរដ្ឋខិលខូចលួចទន្ទ្រានធ្វើកម្មសិទ្ធិដោយបំពានច្បាប់ តែទោះបីជាអាជ្ញាធរ និងមន្ត្រីបរិស្ថានបង្ក្រាបទប់ស្កាត់បានជាបន្តបន្ទាប់។
តាមលោកអភិបាលស្រុកថ្មបាំងអះអាងថា ក្រុមពលរដ្ឋដែលជាជនសង្ស័យទាំងនោះ សុទ្ធតែមានដីធ្លីប្រើប្រាស់គ្រប់គ្រាន់ហើយ តែដោយភាពលោភលន់ហួសប្រមាណបន្តទន្ទ្រានដីរដ្ឋ និងដីការពារយ៉ាងអនាធិបតេយ្យទុកលក់ឱ្យឈ្នួញកណ្តាល។ កន្លងទៅអាជ្ញាធរស្រុក ព្រមទាំងមន្ត្រីបរិស្ថាន ធ្លាប់ឃាត់ខ្លួនមនុស្សភ្លាមៗ ដោយបញ្ចូនទៅតុលាការ ក្រោយពេលធ្វើសកម្មភាពទន្ទ្រានកាប់ព្រៃយកដីការពារ។

បទល្មើសធនធានធម្មជាតិក្នុងមូលដ្ឋានស្រុក ត្រូវបានលោក អន សុធារិទ្ធ ពន្យល់ថា អាជ្ញាធរមន្ត្រីបរិស្ថាន និងអង្កការ វ៉ាយអេត តែងផ្សព្វផ្សាយអប់រំណែនាំដល់ពលរដ្ឋឈប់កាប់រុករកព្រៃឈើដោយការពារដោយច្បាប់បន្ត ពុំនោះទេរងការឃាត់ខ្លួនផ្តន្ទាទោសជាមិនខាន។
ចំណែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងដែរថា ការដាំស្តារកូនព្រៃឈើ២១០ដើមនេះ នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ជាសារមួយផ្ញើដល់ពលរដ្ឋ រួមគ្នាការពារនិងបញ្ឈប់ការរុករាលយកដីព្រៃធម្មជាតិបន្តទៅទៀត ពីព្រោះថា ព្រៃឈើផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែបដល់មនុស្សលោក ហើយក៏ត្រូវឱ្យមនុស្សការពារព្រៃឈើវិញ។ ប៉ុន្តែយើងបំផ្លាញព្រៃឈើ ទៅអនាគតព្រៃឈើក៏នឹងបំផ្លាញដល់មនុស្សលោកដែរ។

ទាក់ទិននឹងដីធ្លី លោកស្រីអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានវាស់វែងធ្វើទិន្នន័យជាក់លាក់រួចរាល់ពីតំបន់អភិរក្សការពារដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែង ដើម្បីកាត់ឆ្វៀលជូនពលរដ្ឋ។ ដូច្នេះសុំចិត្តបងប្អូនពលរដ្ឋមួយចំនួនតូចកុំបន្តកាប់ទន្ទ្រានព្រៃឈើខុសច្បាប់។
តាមរបាយការណ៍លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបង្ហាញថា កូនឈើដាំស្តារឡើងវិញលើផ្ទៃទំហំជាង២ហិកតានេះ មាន៥ប្រភេទ ដោយទី១កូនឈើក្រញ៉ូង ទី២ផ្ទឹតឧត្តម ទី៣កកោះ ទី៤ដួងថែម និងទី៥ស្តៅព្រៃ។ ក្នុងចំណោមទំហំផ្ទៃដីសរុបរងផលប៉ះពាល់ជាង២០ហិចតាស្ថិតនៅតំបន់ការពារអភិរក្ស។

ប្រធានមន្ទីរបរិស្ថានខេត្តអះអាងថា ក្រោយដាំស្តារព្រៃនៅចំណុចខាងលើ លោក សហការជាមួយរដ្ឋបាលស្រុកថ្មបាំង ក្រុមមន្ត្រីបរិស្ថាន និងអង្កការ វ៉ាយអេត ដាក់វេនគ្នាឃ្លាំមើលបន្តដើម្បីការពារកូនឈើទើបដាំហើយ ប្រការខ្លាចក្រែងមានពលរដ្ឋខិលខូចលួចដកចេញ។
ក្នុងស្រុកថ្មបាំង ក្រៅពីចំណុចកោះខ្យ៉ាង ក៏មានតំបន់ព្រៃឈើដ៏ទៃទៀតរងការបំផ្លាញដូចគ្នាដោយរដ្ឋបាលស្រុក និងខេត្តកំពុងកំណត់ពេលវេលានាំគ្នាដាំស្តារព្រៃឡើងវិញបន្តផងដែរ៕
អត្តបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


