ស្វាយរៀង ៖ អ្នកញៀនល្បែងជល់មាន់តាមអនឡាញ និងមានបង្កប់វង់អាប៉ោង នៅក្នុងហាងកាហ្វេ ជ្រកក្រោមស្លាកយីហោ លក់ឆ្នោតខ្មែរ តាមអនឡាញ ដែលជាល្បែងស៊ីសងមួយប្រភេទមានអាជ្ញាប័ណ្ណ ធ្វើឲ្យសមត្ថកិច្ចពិបាកបង្ក្រាប ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ដោយមានអ្នកញៀនល្បែងមកផ្តុំគ្នា ភ្នាល់មាន់ជល់និងចាក់អាប៉ោង ប្រមាណ៥០នាក់ បានមកបំពាក់បំពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេ អត់យីហោមួយកន្លែងនៅចំណុចផ្លូវលំខាងលិចវត្តកោះអណ្តែត ចម្ងាយជិត១,០០០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទ៍។
បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី បានឲ្យដឹងថា ម្ចាស់ហាងកាហ្វេលួចបើក ល្បែងភ្នាល់ជល់មាន់តាមអនឡាញ និងចាក់អាប៉ោង ក្រោមស្លាកយីហោ ឆ្នោតឡូតូ ដែលជាឆ្នោតក្នុងស្រុក មានអាជ្ញាប័ណ្ណ ដែលមានម្ចាស់ឈ្មោះ វុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅកើតហេតុខាងលើ បានបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញ បង្កប់វង់អាប៉ោង។
ករណីនេះដែរស្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានដឹងថា ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ បង្កប់វង់អាប៉ោង ក្រោមស្លាកយីហោលក់ឆ្នោតឡូត ដែលមានម្ចាស់ឈ្មោះ វុធ នេះគឺបានបើកលេងល្បែងស៊ីសង យូរឆ្នាំមកហើយ បើនិយាយឲ្យសាមញ្ញគឺដុសស្លែទៅហើយ។
ប្រភពបន្តទៀតថា ប្រជាពលរដ្ឋមានការលំបាកចិត្តជាខ្លាំងដោយ លោកប្តីរបស់ពួកគាត់ បានញៀនល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោងជារៀងរាល់ថ្ងៃ ចាប់ពីព្រលឹមរហូតដល់យប់ ជួនកាលឲ្យតែម៉ោង២រសៀល គឺចេញពីផ្ទះហើយ ដោយប្រាប់ថា ទៅផឹកកាហ្វេ តាមការពិតគឺទៅលេងល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោងនៅក្នុងហាងកាហ្វេសោះ។
ទាក់ទិនរឿងនេះដែរ អ្នករស់នៅជិតហាងកាហ្វេនោះ ប្រាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍-ថ្ងៃអាទិត្យ គឺមានអ្នកមកលេងល្បែងជល់មាន់តាមអនឡាញ ចាក់អាប៉ោង និងចាក់ឆ្នោតឡូតូតាមអនឡាញ ដែលរាល់ថ្ងៃមិនតិចជាង៥០នាក់ ទៅ៦០នាក់ ចាក់ភ្នាល់គ្នាហ៊ោ ក្រេវៗ គ្មានខ្លាច ញញើតសមត្ថកិច្ចឡើយ។ ដោយអ្នកលេងធំ គឺចាប់ពី៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល បើចាក់ជាដុល្លារ ចាប់ពី១០ដុល្លារទៅ១០០ដុល្លារ អ្នកចាក់អាប៉ោងចាប់ពី៥,០០០រៀលទៅ១០ម៉ឺនរៀល។
ពាក់ព័ន្ធករណីខាងលើ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍ បានមានប្រសាសន៍ថា លោកនិងឲ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី និងចុះទៅពិនិត្យមើល។
ចំពោះលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មី បានឲ្យដឹងថា ពិតជាមានករណីនេះមែន ដោយសមត្ថកិច្ចធ្លាប់ចុះទៅអប់រំនិងធ្វើកិច្ចសន្យាចំនួន២លើកមកហើយ តែមិនរាងចាលសោះ សមត្ថកិច្ចបានឲ្យដកទូរទស្សន៍ចេញ ក៏ប៉ុន្តែម្ចាស់ផ្ទះមិនយល់ព្រមដោយគេសំអាងថា គេលក់ឆ្នោតឡូតូខ្មែរ តាមអនឡាញ មានអាជ្ញាប័ណ្ណ ដូច្នេះទើបពិបាកបង្ក្រាប ក៏ប៉ុន្តែពេលសមត្ថកិច្ចដកថយ គេបើកល្បែងភ្នាល់ជល់មាន់ ចំណែកបង្កប់វង់អាប៉ោងលោកមិនដឹងទេ ដោយលោកជាប់ធ្វើចត្តាឡីស័ក០៣ថ្ងៃហើយ។
ទាក់ទិនករណីនេះដែរ ឈ្មោះ វុធ ដែរជាម្ចាស់ហាងកាហ្វេ នោះ មិនអាចសុំការបំភ្លឺបានទេ ដោយគាត់មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានយើងចូលជួបសម្ភាសន៍ឡើយ។ មហាជនកំពុងតាមដានចំណាត់ការនេះ ថាតើមានប្រសិទ្ធភាពដែរឬទេ ៕
ដោយ ៖ ភក្ដី