ព័ត៌មានជាតិ
ខេត្តកោះកុង ម្ខាងជាប់សមុទ្រ ម្ខាងព្រៃឈើក្រំថ្ម គឺជាឋានសួគ៌អ្នកទេសចរពនេចរ
ក្នុងចំណោមខេត្តជាប់សមុទ្រទាំង ៤ ខេត្តកោះកុងគឺជាឋានសួគ៌សម្រាប់អ្នកស្រលាញ់ចូលចិត្តធម្មជាតិ។ គ្របដណ្តប់ដោយព្រៃឈើយ៉ាងក្រាស់ និងជាខេត្តមានឆ្នេរសមុទ្រវែងជាងគេ រួមទាំងមានកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះសំបូរបែបយ៉ាងច្រើនអនេក។
សក្តាពលនៃខេត្តកោះកុង ធ្វើឲ្យខេត្តភាគនីរតីនេះជាគោលដៅទេសចរណ៍ធម្មជាតិលេខ ១ របស់ប្រទេសកម្ពុជា។ កម្ពុជាថ្មីសូមណែនាំពីតំបន់ទេសចរណ៍សក្តានុពលតាមបណ្តាស្រុកនានាក្នុងខេត្តកោះកុង៖

ក/ ក្រុងខេមរភូមិន្ទ
រមណីយដ្ឋានទឹកធ្លាក់សិលាមានជ័យ ជារមណីយដ្ឋានធម្មជាតិនៅជិតទីរួមខេត្ត តាមផ្លូវឆ្ពោះទៅខេត្តពោធិ៍សាត់។ ភ្ញៀវទេសចរពីចម្ងាយមិនសូវបានស្គាល់តំបន់ទឹកធ្លាក់នេះច្រើនទេ ភាគច្រើនជាអ្នកស្រុកកោះកុងដែលតែងតែមកលេងជាហូហែរ។
ខ/ ស្រុកមណ្ឌលសីមា
-ឆ្នេរប៉ាក់ខ្លង ជាទីកម្សាន្តដ៏ពេញនិយមបំផុតនៅខេត្តកោះកុង ហើយក៏នៅមិនឆ្ងាយពីក្រុងខេមរភូមិន្ទ។ មានឆ្នេរខ្សាច់សស្អាត ខ្យល់ធម្មជាតិស្រឡះល្អ ហើយភ្ញៀវទេសចរណ៍មកលេងខេត្តកោះកុងភាគច្រើនមិនសូវរំលងនោះទេ។
-កោះកុងរីសត ជារមណីយដ្ឋានកែច្នៃ ដែលវិនិយោគដោយវិស័យឯកជន ដែលមានកាស៊ីណូ សណ្ឋាគារ និងសេវាកម្សាន្តផ្សេងៗទៀត ស្ថិតនៅកៀកច្រកព្រំដែនអន្តរជាតិចាំយាម។
-ទឹកធ្លាក់តាចាត មានទីតាំងស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលមានចំងាយប្រមាណជា ២៥ គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រភពទឹកធ្លាក់ធម្មជាតិ ផ្ទាំងថ្ម សម្រាប់ងូតទឹកកម្សាន្ត និងលំហែរអារម្មណ៍។
-រមណីយដ្ឋានចេតិយឃុនឆាង ឃុនផែន ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ស្ថិតត្រើយខាងលិចនៃដៃសមុទ្រ ជាកន្លែងដែលភ្ញៀវទេសចរចង់ដឹងចង់ស្គាល់ នៅពេលបានធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង។

គ/ ស្រុកគីរីសាគរ
-រមណីយដ្ឋានតារាសាគរ មានចម្ងាយជាង ១៥០ គីឡូម៉ែត្រ ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ កំពុងត្រូវបានអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍រដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានការសាងសង់ព្រលានយន្តហោះ សណ្ឋាគារ កាស៊ីណូ កន្លែងកម្សាន្តជាច្រើនទៀត ដែលបម្រើដល់ទេសចរជាតិនិងអន្តរជាតិ។
ឃ/ ស្រុកស្រែអំបិល
-រមណីយដ្ឋានឆ្នេរនេសាទ មានចម្ងាយជិតជាងគេបើធ្វើដំណើរពីរាជធានីភ្នំពេញស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ចម្ងាយប្រហែល ១៦៧ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ឆ្នេរនេសាទស័ក្តិសមសម្រាប់ភ្ញៀវទេសចរត្រូវការកន្លែងស្ងប់ស្ងាត់ និងការមុជទឹកលេងកម្សាន្ត។
ក្រៅពីរមណីយដ្ឋានទេសចរណ៍ ខេត្តកោះកុងមានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បែបសហគមន៍ ដូចជាសហគមន៍ទេសចរណ៍ត្រពាំងរូង សហគមន៍ទេសចរណ៍តាតៃក្រោម សហគមន៍ទេសចរណ៍អារ៉ែង សហគមន៍ការពារធនធានធម្មជាតិពាមក្រសោប សហគមន៍អេកូទេសចរណ៍ជីផាត។
បើតាមមន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុងលោក សាគុណ ភក្តី បានឲ្យកម្ពុជាថ្មីដឹងថា តំបន់ទេសចរណ៍ទាក់ទាញជាងគេក្នុងខេត្តកោះកុងមាន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប (ជាព្រៃកោងកាងធំបំផុត) តំបន់តាតៃក្រោម (ទឹកធ្លាក់ ជិះទូកតាមដងព្រែក រីសត) តំបន់ឆ្នេរ (មានឆ្នេរចាំយាម និងឆ្នេរប៉ាក់ខ្លង) និងតំបន់ទេសចរណ៍ជួរភ្នំក្រវ៉ាញខាងត្បូង (សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជីផាត)៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


