Connect with us

ព័ត៌មានជាតិ

​មក​ស្គាល់​តំបន់​កម្សាន្ត​ ១១ កន្លែង​នៅខេត្ត​​កំពង់ធំ ទេសចរ​ច្រើន​ជិះ​ហួស​ទៅ​ហួស

បានផុស

នៅ

​ខេត្ត​កំពង់ធំមាន​ទីតាំង​ស្ថិត​នៅ ចំណុចកណ្តាល ហើយ​មាន​ភូមិសាស្រ្ត​ជាប់​​​ខេត្ត​​សៀមរាបជា​ខេត្ត​ទេសចរណ៍​ដ៏ធំផុត​របស់ប្រទេស​កម្ពុជា​។ មាន​រមណីយដ្ឋាន​ទេសចរណ៍​​ជាច្រើន​កន្លែង ហើយ​​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុកជាតំបន់ទេសចរណ៍​​​ទាក់ទាញ​បំផុត​របស់​ខេត្ត​កំពង់ធំ ហើយក៏​បាន​​ចុះបញ្ជី​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌពិភពលោករបស់​អង្គការ​យូណេស្កូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ឯកសាររបស់​មន្ទីរទេសចរណ៍​​ដែលកម្ពុជា​ថ្មី​ទទួល​បាន​ ខេត្ត​កំពង់ធំ​មាន​រមណីយដ្ឋានទេសចរ​សរុប​ ១១ កន្លែង។​

១/ប្រាសាទ​សំបូរ​ព្រៃ​គុក

ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមាន​ចម្ងាយ​ប្រហែល​ ៣០គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦២ និង​ផ្លូវលេខ ២១៩ ទៅ ស្រុកប្រាសាទសំបូរ។ ប្រាសាទ​សំបូរព្រៃគុក​ មាន​សំណង់ប្រាសាទបុរាណជាច្រើន​សាងសង់​បែង​ចែក​ជាក្រុមៗ ដោយធ្វើឡើងអំពីឥដ្ឋខ្នាតធំ ថ្មភក់ ថ្ម បាយក្រៀម និង​ហុំព័ទ្ធដោយ​ព្រៃឈើធម្មជាតិធំៗដុះគ្រប​ដណ្តប់​។

២/ប្រាសាទ​គុក​នគរ

ស្ថិត​នៅ​ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចម្ងាយ ៨១គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦។ ​ប្រាសាទគុកនគរកសាងឡើង​នៅ សតវត្សទី១០-១១ ធ្វើអំពីថ្មបាយក្រៀមនិងថ្មភក់ អាចចូលស្រាវជ្រាវស្វែងយល់អំពីប្រវត្តិនៃការកសាង ប្រាសាទដ៏អស្ចារ្យក្នុងយុគបុរាណខ្មែរ។

៣/ភ្នំ​សន្ទុក

មានទីតាំង​នៅ​ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និង​ចម្ងាយ ១៧គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ ។ នៅ លើកំពូលភ្នំសន្ទុក ក៏​មានប្រាសាទបុរាណរាងជាពីរ៉ាមីតធ្វើអំពីថ្មភក់ ចេតិយបុរាណកសាងនៅ សតវត្សទី ១៥ ព្រះវិហារ​ ៨ ​ជ្រុង​ ស្ថាបនានៅ ក្នុងសតវត្សទី១៩-២០ ស្នាមព្រះពុទ្ធបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មចម្លាក់ព្រះពុទ្ធចូលបរិនិព្វាន និងព្រះពុទ្ធបដិមាជាច្រើនអង្គកសាងក្នុងរាជព្រះបាទពញាធម្មរាជានាឆ្នាំ១៤៧៤-១៤៩៤ កន្លែងទម្លាក់កាក់ផ្សងសំណាងហៅ ថា “ចាន់តារ៉ែ ឬចាន់ចាវ៉ែ” និងព្រះបរមរូបព្រះរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។

ភ្ញៀវទេសចរ អាចឡើងលើកំពូលភ្នំគយគន់ទិដ្ឋភាពព្រៃព្រឹក្សា និងទស្សនាព្រះអាទិត្យរះ នៅពេលព្រឹកព្រលឹម ព្រមទាំងទស្សនាមរតកបុរាណដែលមានបន្សល់ទុករាប់រយឆ្នាំ និងអាចបរិភោគអាហារនៅ អាហារដ្ឋានក្បែរជើងភ្នំ។

៤/បឹង​សំរិទ្ធិ

មានទីតាំង​នៅ​ ភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចម្ងាយ ៤២គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦។ រមណីយដ្ឋាន​កែច្នៃ​ដែលអភិវឌ្ឍ​ដោយ​ឯកជន​បាន​បើកដំណើរការ​បាន​​ប៉ុន្មាន​ឆ្នាំ​ ពច្ចុប្បន្ន​​ក៏​បាន​ផ្អាក​​​អាជីវកម្ម​ទៅ វិញ។

៥/ស្ទឹង​ជីនិត

ជា​រមណីយដ្ឋាន​កែច្នៃ​មានទីតាំង​នៅ​​ភូមិព្រៃស្រោង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចម្ងាយ ៣៨គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧១។ ទេសភាពផ្ទៃទឹកធំល្ហល្ហេវ ប្រៀបបាននឹងកូនសមុទ្រតូចមួយ និងអាចលេងទឹកហូរធ្លាក់ពីទំនប់បង្អៀរ ជិះទូកកម្សាន្ត សម្រាកលំហែកម្សាន្ត លេងទឹក បរិភោគអាហារ និងជាកន្លែងសម្រាប់បោះតង់។

៦/ទំនប់​បង្ហៀរ​ទឹក ៦ មករា

ទំនប់បង្ហៀរទឹក​ ៦ មករា មាន​ចម្ងាយ ៣២គ.ម ពីទីរួមខេត្តកំពង់ធំ ជាតំបន់រមណីយដ្ឋានកែច្នៃ​ដែល​ឱ្យភ្ញៀវទេសចរលេងទឹកហូរធ្លាក់ពីទំនប់បង្ហើរមានប្រវែងប្រហែល ២០០ម៉ែត្រ ជិះទូកកម្សាន្តគយគន់ទេសភាព សម្រាក លំហែកម្សាន្ត លេងទឹក និងអាចបរិភោគអាហារ។

៧/រស្មី​ភូមិ​ពីរ​គីរី​បឹង​ក្រញោក

មានទីតាំង​នៅ​ភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចម្ងាយ ៨០គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិ​លេខ​៦២ ឆ្លងកាត់ស្រុកប្រាសាទសំបូរ។ តំបន់ទេសចរណ៍ធម្មជាតិ​នេះ​ មាន​ភាពទាក់ទាញ​សម្រាប់​ការ​ទស្សនាសត្វស្លាបទឹក និងសត្វព្រៃជាច្រើនប្រភេទ និង​ស្វែងយល់ពីការប្រមូលផលស្រូវដែលជាប្រពៃណីខ្មែរ និងអាចស្នាក់នៅ ក្នុងផ្ទះ បុរាណខ្មែរដែលមានលក្ខណៈសាមញ្ញ និងបរិភោគអាហារជាមួយអ្នកស្រុកក៏បាន។

៨/ទំនប់​បង្ហៀរ​ទឹក​អូរមាន

ប្រព័ន្ធធារាសាស្ត្រអូរមាន កសាងដោយគម្រោងស្តារប្រព័ន្ធធារាសាស្ត្ររបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ ហើយ​បាន​ប្រែ​ក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍កែច្នៃ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តសប្បាយ។

រមណីយដ្ឋានទំន់បង្ហៀរទឹកអូរមាន មានទីតាំងស្ថិតនៅ ភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានចំងាយផ្លូវប្រមាណជា ៦០គីឡូម៉ែត្រពីទីរួមខេត្ត។ នៅ ទីនេះ ភ្ញៀវទេសចរនិយមមកអង្គុយលំហែរកាយ គយគន់ទេសភាព ព្រមទាំងងូតទឹកលេងកម្សាន្តយ៉ាងសប្បាយ។ 

៩/ធ្នស់​តាព្រំ

ជាតំបន់ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ស្ថិតនៅ ក្នុងព្រៃស្រោងស្ងាត់ជ្រងំ។ តំបន់នេះ​មាន​ទីតាំង​នៅ​ ភូមិស្វាយ ឃុំស្រោង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ ទៅ ស្រុកប្រាសាទសំបូរ។ ពេលចូលទៅ ដល់តំបន់នោះ ​នឹង​ស្តាប់​​ឮសំឡេងសត្វបក្សាបក្សីយំ ទស្សនាសត្វស្លាប សម្រាកលំហែកម្សាន្ត លេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗ។

១០/សំពៅ​ ត្រៃលោក​ត្រៃ​លក្ខណ៍

ជាទីសក្ការបូជា និងប្រារព្ធពិធីសាសនា​សម្រាប់​ទេសចរ​សាសនាដែល​ត្រូវការ​សិក្សាស្រាវជ្រាវ។ ​មជ្ឍមណ្ឌល​សាសនា វប្បធម៌ និង​ទេសចរណ៍នេះ មានទីតាំង​នៅ​ ភូមិ​កាល់មេឃ ឃុំត្បូងក្រពើ ស្រុក​សន្ទុក។ នៅ ទីនេះ គឺជាទីសក្តារបូជា រូបសំណាកសំពៅ មាសប្រាក់ ព្រះវិហារ ពុទ្ធបដិមា​ ដែលភ្ញៀវទេសចរនិយមបន់ស្រន់ និងថតរូបកម្សាន្ត។

១១/ស្ទឹងព្រៃប្រស់

ស្ថិត​ចម្ងាយ ១៦គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦។ ជា​តំបន់​រ​មណីយដ្ឋាន​កម្សាន្ត​ដែល​ភ្ញៀវ​អាច​អង្គុយស្ទួចត្រីលំហែកាយ និងគយគន់មើលទិដ្ឋភាពថ្ងៃរៀបលិច បច្ចុប្បន្នទីនោះបានក្លាយជាចំណត់ឈប់សម្រាកសម្រាប់អ្នកដំណើរ និងរថយន្តទេសចរណ៍គ្រប់ប្រភេទសម្រាកលំហែកាយ ងូតទឹកលេង និងស្រស់ស្រូបអាហារ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម