ព័ត៌មានជាតិ
អាជ្ញាធរមីន ជួបជាមួយមន្ត្រីទូតចិនប្រចាំកម្ពុជា ពង្រឹងលើភាពជាដៃគូលើសកម្មភាពដោះមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានអបអរសាទរ និងជូនពរដល់ឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំ២០២២ ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លើការងារសកម្មភាពមីនកម្ពុជា ដោយបានទទួលជោគជ័យនូវសមិទ្ធិផលជាច្រើន ទោះបីមានការរីករាលដាលសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។

លោកបន្តថា ការងារបោសសម្អាតមីន នៅតែមានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសចិនគឺជាមិត្តដ៏សំខាន់មួយផងដែរ ហើយឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គ្រោងនឹងរៀបចំពិធីអបអរសាទរខួបលើកទី៣០ នៃការចាប់ផ្តើមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជា គ្រប់កាលៈទេសៈ ក្នុងនោះរួមមាន ទាំងការផ្តល់ជំនួយឥតសំណងសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

លោកបន្តទៀតថា ថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យកងកម្លាំងកងទ័ពជើងគោក អាចចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅដើម្បីពន្លឿងដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ហើយលោកបានសំណូមពរឲ្យមហាមិត្ត បន្តជួយគាំទ្រទាំងថវិកា សម្ភារៈ និងបច្ចេកទេសដល់កងទ័ពជើងគោក សម្រាប់ការងារមនុស្សធម៌នេះ។
លោក Wang Wentian បានថ្លែងថា ការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្រ្គោះជីវិតមនុស្ស ហើយប្រទេសចិន ពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត មានសេចក្តីសប្បាយរីករាយណាស់ ចំពោះទឹកចិត្តស្រឡាញ់របស់ប្រជាជនខ្មែរជាបងប្អូន ដែលតែងតែមកចូលរួមអបអរសាទរ និងជូនពររូបលោក និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនជារៀងរាល់ឆ្នាំ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


