ព័ត៌មានជាតិ
កិច្ចការជួសជុលបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ ចាប់ផ្តើមការងារឡើងវិញ ក្រោយខកខាន២ឆ្នាំ
ឆ្នាំ២០២២នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការដ្ឋានការងារជួសជុលបេតិកភណ្ឌវប្បធម៌នៅរមណីដ្ឋានអង្គរឡើងវិញរបស់ក្រុមអ្នកជំនាញការ អាដហុក ក្រោយខកខានរយៈពេល ២ឆ្នាំមកនេះ ដោយសារវិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដ អាយស៊ីស៊ី-អង្គរ មានប្រសាសន៍នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការ អាដហុក ក្រោយខកខាន ២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធាន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយចំពោះការរៀបចំកិច្ចប្រជុំនេះ ក្រោយខកខានរយៈពេល ២ ឆ្នាំដោយសារបញ្ហាកូវីដ-១៩។ លោកបញ្ជាក់ថា បើទោះបីជាបញ្ហាកូវីដ-១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្ត ផ្ទុយទៅវិញការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ បានសម្រេចលទ្ធផលជាច្រើន និងប្រកបដោយមោទកភាព។

លោក Sardar Umar ALAM តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា អបអរសាទជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកជំនាញការ អាដហុក ដែលខិតខំធ្វើឱ្យកិច្ចប្រជុំកើតឡើង។ ក្នុងនាមអង្គការយូណេស្កូ លោកបានអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់ អាជ្ញាធរជាតិអប្សរា ដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូន។ លោកបញ្ជាក់ថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។ លោកមានប្រសាសន៍បន្តថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានដើរតួរនាទីស្នូលសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

គួរបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមកិច្ចប្រជុំបច្ចេកទេសលើកទី ៣៥ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅ ខេត្តសៀមរាប ដោយមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សហប្រធានបារាំង និងជប៉ុន និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ជាអធិបតី។ គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១ នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


