ព័ត៌មានជាតិ
ប្រតិភូ ២៨ ប្រទេស គាំទ្រកិច្ចខិតខំរបស់ កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានអះអាងថា គណៈប្រតិភូពីប្រទេសចំនួន ២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
ការគាំទ្រនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ មានគណៈប្រតិភូចំនួន ៣៦ ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី៣១ ខែមីនា នេះ។

លោក អាន សុខខឿន បានឱ្យដឹងបន្ថែមថា នៅក្នុងឱកាសនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយឥតគិតថ្លៃ និងកម្មវិធីគាំពារសង្គមជាច្រើនដល់ក្រុមងាយរងគ្រោះ ព្រមទាំងទទួលស្គាល់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ សហគ្រិនភាព ក្នុងសន្តិភាពនិងសន្តិសុខ ក៏ដូចជាការលើកកម្ពស់សិទ្ធិកុមារ។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស និងបានថ្លែងសង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេស ដែលគួរតែគោរពគោលការណ៍សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយត្រូវគិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងអង្គហេតុពិត។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកំណែទម្រង់បោះឆ្នោត លំហនយោបាយ និងពហុភាពនៃទស្សនៈនយោបាយ សំដៅធានាថា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាព ក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត សម្តែងការស្វាគមន៍ផងដែរ។
ជាការកត់សម្គាល់ គណៈប្រតិភូចំនួន០៨ ប្រទេសផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើបានបញ្ចេញមតិយោបល់ទិតៀនលំហពលរដ្ឋ និងនយោបាយ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរតែទាំងអស់ក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏យូរលង់ និងការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការតាមដានការអនុវត្តសន្ធិសញ្ញា និងអ្នករាយការណ៍ពិសេស។ ម្យ៉ាងទៀត ក៏មានការទទួលស្គាល់ផងដែរលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ការបោះឆ្នោត។
នៅក្នុងបទអន្តរាគមន៍ឆ្លើយតបទៅនឹងរបាយការណ៍ចោទប្រកាន់របស់អ្នករាយការណ៍ពិសេស ដែលថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យនិងការព្រួយបារម្ភ លោក អាន សុខខឿន បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន ១៩ លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង។ លោក បានស្នើជាថ្មីម្ដងទៀតឱ្យអ្នករាយការណ៍ពិសេសផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែងកន្លងមក។
លោក អាន សុខខឿន បានលើកឡើងថា ធាតុពិត សុខសន្តិភាពពេញលេញ ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិពិតប្រាកដ ដែលអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) មិនបានបំពេញ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ត្រូវបានសម្រេចទាំង ស្រុងតាមរយៈ “នយោបាយឈ្នះ-ឈ្នះ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក បញ្ជាក់ថា ជោគជ័យនេះ បានជំរុញឱ្យកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍ ព្រមទាំងទទួលបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសបានប្រែក្លាយកម្ពុជាជាប្រទេសមាន “ចំណូលមធ្យមកម្រិតទាប” ក្នុងឆ្នាំ២០១៦ និងធ្វើឱ្យកម្ពុជាបំពេញបានជាលើកដំបូងនូវលក្ខណៈវិនិច្ឆ័យចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២១។ នៅសប្តាហ៍មុន ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានថ្លែងថា ពិភពលោកដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះ គួររៀនសូត្រពីស្មារតីសុខសន្តិភាពរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


