ព័ត៌មានជាតិ
បុណ្យចូលឆ្នាំថ្មី តើពលរដ្ឋម្នាក់ៗ នឹងធ្វើអ្វីខ្លះនៅពេលទៅដល់ស្រុកកំណើត?
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅម៉ោង១០ និង០០នាទីព្រឹក នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ខាងមុខនេះ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរទូទៅ រួមមាន៖ កម្មកររោងចក្រ កម្មករសំណង់ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីរាជការស៊ីវិលនៅតាមក្រសួង-ស្ថាប័ននានា តែងតែទទួលបានឱកាសដើម្បីឈប់សម្រាកជួបជុំគ្រួសារ។
មានស្រុកកំណើតនៅខេត្តកំពត និងជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យកម្ពុជា កញ្ញា សី ចរិយា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ត្បិតជិតបានទៅជួបជុំគ្រួសារ ដែលខកខានមិនបានជួបជុំយូរណាស់មកហើយ កញ្ញារំពឹងថា ឱកាសនោះជាពេលវេលាដែលបានជួបមិត្តចាស់ៗ ហើយបានធ្វើបុណ្យទាននារដូវកាលនេះផងដែរ។
យុវតីរូបនេះ បានឲ្យដឹងថា បើតាមន័យជាទូទៅបុណ្យចូលឆ្នាំថ្មី គឺបញ្ជាក់ពីការឈប់សម្រាករបស់ពលរដ្ឋ ហើយយកពេលឈប់សម្រាកនេះធ្វើសកម្មភាពល្អៗ ជាមួយបងប្អូន។ មួយវិញទៀតវាជាឱកាស ក្នុងការធ្វើបុណ្យឧទ្ទិសកុសលជូនដល់ដូនតា ដែលបានចែកឋានទៅ និងជូននំចំណី លុយកាក់ទៅដល់ម្តាយឪពុក និងចាស់ៗផ្សេងទៀត។
សម្រាប់កញ្ញា នៅពេលទៅដល់ស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំកញ្ញានឹង «ថ្ងៃទី ១ ទៅវត្តជាមួយគ្រួសារ ថ្ងៃទី ២ ធ្វើម្ហូបជូនម៉ែ ថ្ងៃទី ៣ ទៅដើរលេងជាមួយបង ហើយថ្ងៃចុងក្រោយនៅផ្ទះមើលក្មួយៗ និងលេងជាមួយពួកគេ»។
ស្រដៀងគ្នានេះដែរ មានស្រុកកំណើតនៅខេត្តព្រៃវែង លោកស្រី ស៊ាង ស្រឹប បានឲ្យដឹងថា គ្រួសារលោកស្រីបាននាំគ្នាមករស់នៅ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ ជាច្រើនឆ្នាំមកហើយ។ ដូច្នេះបុណ្យចូលឆ្នាំថ្មី ជាឱកាសដែលលោកស្រីអាចទៅជួបជុំសាច់ញាត្តិ ជាពិសេសជូនប្រាក់កាសខ្លះ និងគ្រឿងឧបភោគបរិភោគ ដល់អ្នកមានគុណទាំងសងខាង។ លោកស្រីបន្តថា អត្ថន័យបុណ្យចូលឆ្នាំសម្រាប់អ្នកស្រី គឺការបានជួបជុំបងប្អូនសាច់ញាត្តិ បន្ទាប់មកនាំគ្នាធ្វើម្ហូបពិសារជុំគ្នា ត្បិតពេលវេលាបែបនេះ ត្រូវបានអាក់ខានរយៈពេល ២ឆ្នាំមកហើយ។
លោកស្រីថា «និយាយទៅ ឲ្យតែបានជួបម៉ែឪទៅគឺបានហើយ បានជូន [គ្រឿងបរិភោគ] ពួកគាត់ទាំងសងខាងរួចរាល់ គឺចប់រឿងហើយ ចំណែកកូន និងប្ដី គេចង់ទៅលេងនៅណាក៏ទៅទៅ»។
ប្រជាពលរដ្ឋមួយរូបទៀត គឺលោក ពិន រ៉ុង បានឲ្យដឹងដែរថា លោកមានរម្មណ៍សប្បាយជាខ្លាំង នៅពេលដែលបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ជាពិសេសគឺលោកបានឈប់សម្រាក និងវិលទៅស្រុកកំណើតដើម្បីជួបជុំឪពុកម្ដាយ។ មានកំណើតកើតជានៅខេត្តតាកែវ យុវជន ពិន រ៉ុង បានបន្តទៀតថា សម្រាប់បុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ វាពិតជាមានអត្ថន័យណាស់សម្រាប់លោកក្នុងនាមជាខ្មែរ ពីព្រោះជាឱកាសនេះ គឺអាចអនុញ្ញាតឲ្យលោកធ្វើបុណ្យ និងសងគុណដល់ឪពុកម្ដាយរបស់លោក។
លោកបញ្ជាក់ដូច្នេះថា «ប្រពៃណីខ្មែរយើងត្រូវមាន [បុណ្យចូលឆ្នាំ] រាល់ឆ្នាំ ហើយណាមួយការប្រារព្ធពិធីនេះបានជួបជុំគ្រួសារ និងបានទៅវត្តទៅវ៉ា ធ្វើបុណ្យចឹងទៅណា ហើយពេលខ្ញុំទៅដល់ផ្ទះ គឺទៅជួបម៉ែមុនគេ ហើយជូនរបស់របរគាត់តិចតួច»។
ដោយឡែកយុវជន មកពីខេត្តព្រៃវែងមួយរូបទៀត គឺលោក ខេន សា បានឲ្យដឹងដែរថា លោកនឹងចេញដំណើរទៅស្រុកកំណើតនៅថ្ងៃទី ១៤ នាពេលព្រឹក ពីព្រោះនៅមានការងារខ្លះមិនទាន់រួចរាល់។ លោកបន្តថា លោកមានការនឹករលឹកអ្នកផ្ទះជាខ្លាំង ដោយសារក្នុងរយៈពេល ២ឆ្នាំទៅហើយ ដែលលោកមិនបានជួបពួកគាត់សោះ និងអាចទិញគ្រឿងឧបភោគបរិភោគខ្លះ ដូចជាទឹកក្រូចជាដើម ដាក់ទៅជាមួយផងដែរ។
លោកលើកឡើងបែបនេះថា «បុណ្យចូលឆ្នាំជាបុណ្យជាតិ ហើយខ្ញុំបានទិញទឹកក្រូច ដើម្បីជូនយាយនិងឪពុកម្ដាយនៅពេលខ្ញុំបានទៅដល់ផ្ទះ»។
ងាកមកយុវតី ដែលមានស្រុកកំណើត នៅខេត្តកំពង់ចាមឯណេះវិញ កញ្ញា ហុង កនិ្នកា និសិ្សតឆ្នាំទី ៤ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឲ្យដឹងថា កញ្ញាមានក្តីរំភើបជាខ្លាំង ដែលនឹងអាចជួបលោកឪពុកអ្នកម្ដាយ បងប្អូនញាត្តិមិត្ត និងបាននៅផ្ទះជុំគ្នា ខណៈដែលអស់រយៈពេលជាច្រើនឆ្នាំមក ហើយដែលកញ្ញាមករៀននៅរាជធានីភ្នំពេញ និងមិនមានពេលវេលាជួបជុំក្រុមគ្រួសារ។
និស្សិតរូបនេះបន្តថា ពិធីបុណ្យចូលឆ្នាំថ្មី ជាពិធីបុណ្យមួយដែលតំណាងឲ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ផ្លាស់រឿងអាក្រក់ៗឲ្យអស់ទៅតាមឆ្នាំចាស់។ ប៉ុន្តែគួរឲ្យស្តាយរយៈពេលឈប់សម្រាក សម្រាប់កញ្ញាគឺបានតិច។
កញ្ញាបញ្ជាក់បែបនេះ «ខ្ញុំនឹងប្រើប្រាស់ពេលវេលាដ៏តិចតួចនេះ ជួយលក់ដូរម៉ែពុក ធ្វើម្ហូបជូនគាត់ពិសារ ទៅវត្តជាមួយគ្នា និងទៅជួបមិត្តចាស់ៗ ដែលបែកគ្នាយូរ ហើយលេងចូលឆ្នាំខ្មែរទាំងអស់គ្នា»៕
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


