Connect with us

ព័ត៌មានជាតិ

ការយករឿងឃាតកម្ម«ប្តីបាញ់សម្លាប់ប្រពន្ធ»ធ្វើជារឿង«លេងសើច»តតាមៗគ្នា គឺជារឿងអសីលធម៌បំផុត

បានផុស

នៅ

កាលពីពេលថ្មីៗនេះ មានរឿងឃាតកម្មដ៏សែនរន្ធត់មួយបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ គឺការបាញ់សម្លាញ់អតីតភរិយា ដោយសារសុំជានារគ្នាវិញមិនបាន។ ជាលទ្ធផល គឺអតីតប្តីត្រូវជាប់គុក អតីតភរិយាវ័យក្មេងត្រូវបាត់បង់ជីវិត បន្សល់ទុកកូនប្រុសដ៏តូចកំសត់ម្នាក់រស់នៅក្នុងភាពកំព្រាឪពុកម្តាយអស់មួយជីវិត។ ប៉ុន្តែ អ្វីជារឿងហួសចិត្តនោះ គឺបុណ្យសពមិនទាន់ទាំងធ្វើហើយផង ស្រាប់តែមានមនុស្សខ្មែរមួយចំនួនក្នុងនោះ មានទាំងតារាខ្លះផង បានយករឿងនេះ ធ្វើជាសំណេរលេងសើចយ៉ាងអសីលធម៌បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានទាំងតារាចម្រៀង និងសម្តែងផង បានសរសេរបែបលេងសើចថា យកប្តី មានកាំភ្លើង ខឹងបាញ់ៗ យកប្តីធ្វើការងារផ្សេងៗ ខឹងធ្វើអីផ្សេងៗអ៊ីចឹងទៅ។ ការសរសេរលេងសើចបែបនេះ ក៏មានការចូលទៅសរសេរអត្ថាធិប្បាយ(Comments) និងចែកចាយ(Shares)តៗគ្នាយ៉ាងរដឹក។ ការសរសេរលេងសើចបែបនេះ វាមិនខុសទេ បើសិនជាសរសេរនៅក្នុងពេលដែលមិនមានហេតុការណ៍បាញ់សម្លាប់អតីតភរិយា ឬក្នុងពេលវេលាសមរម្យណាមួយ។ ប៉ុន្តែ នេះ គឺក្រោយពេលដែលមានឃាតកម្មបាញ់សម្លាប់អតីតភរិយា បន្សល់ទុកកូនដ៏កំសត់ភ្លាមៗតែម្តង។

ជាការពិត ពុំមានច្បាប់ណាមួយហាមឃាត់ការលេងសើចបែបនេះឡើយ ប៉ុន្តែ មនុស្សម្នាក់ៗមិនថា មានឋានៈជាអ្វី ឬមានមុខងារជាអ្វីក៏ដោយ ក៏គួរតែមានសីលធម៌នៅក្នុងខ្លួនខ្លះដែរ។ យករឿងសោកសង្រេងជាការលេងសើច គឺអ្នកកំពុង«លេង»នឹងសោធនាដកម្មរបស់អ្នកដទៃ អ្នកកំពុងតែ«សើច»លើភាពសោកសៅ និងលើគំនរទុក្ខរបស់អ្នកដទៃហើយ។ វា គឺជាការមិនគោរពដល់សព ព្រមទាំងក្រុមគ្រួសាររបស់សពរងគ្រោះថែមទៀតផង។ កុមារាដ៏តូចមិនអីម្នាក់ត្រូវបាត់បង់ម្តាយជាទីស្រឡាញ់ទៅហើយ តែត្រូវជនមួយចំនួនលេងសើចលើការឈឺចាប់របស់រូបគេទៅទៀត សួរថា ឈឺចាប់ដែរទេ បើសិនជាករណីបែបនេះធ្លាក់ទៅលើរូបអ្នកផ្ទាល់ និងក្រុមគ្រួសាររបស់អ្នកនោះ។ មិនអាណិតអាសូរក៏បាន តែក៏មិនគួរលេងសើចបែបនេះដែរ។

មនុស្សខ្មែរមួយចំនួនបានយករឿងបែបនេះទៅសរសេរលេងសើច ដើម្បីទាក់ទាញបានការចាប់អារម្មណ៍ ចង់បានភាពល្បីល្បាញបន្ថែមនៅលើបណ្តាញសង្គមហ្វេសហ៊ុនក្នុងហេតុផលតែប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែ បែរជាភ្លេចពីការឈឺចាប់របស់ក្រុមគ្រួសារសព ក៏ដូចជាសីលធម៌សង្គមទៅវិញ។ ការលេងសើចរបៀបនេះ វាមិនត្រឹមតែប៉ះពាល់ដល់សីលធម៌សង្គម និងបង្ហាញពីគំរូភាពដ៏អាក្រក់ប៉ុណ្ណោះទេ តែវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីកម្រិតវប្បធម៌ កម្រិតចេះដឹង និងកម្រិតសីលធម៌ផ្ទាល់ខ្លួនរបស់អ្នកសរសេរលេងសើច មានកម្រិត«អន់»ថែមទៀត។ លើសពីនេះទៅទៀត ដ្បិតថា មានការចូលលេងសើច និងចែកចាយតៗគ្នាមែន ប៉ុន្តែ លទ្ធផល អ្នកសរសេរលេងសើចបែបនេះ ក៏ត្រូវបានមហាជន បង្ហាញការស្អប់ខ្ពើម និងដិះដៀលសួររកកម្រិតវប្បធម៌ និងកម្រិតសីលធម៌រ​បស់អ្នកសរសេរលេងសើចនោះ ដើម្បីជាការរកយុត្តិធម៌ជូនដល់ក្មេងប្រុសដ៏តូចម្នាក់។

ល្មមឈប់ហើយ! ឈប់បន្តធ្វើទង្វើដែលបង្ហាញពីពិការភាពខួរក្បាល និងបេះដូងទៀតទៅ ប្រជាពលរដ្ឋច្រើនណាស់កំពុងសម្លឹងមើលការធ្វើទង្វើអសីលធម៌របស់អ្នកទៅលើគ្រួសារ និងក្មេងប្រុសដ៏តូចគួរឲ្យស្រឡាញ់ម្នាក់នេះ។ ការបង្កកំហុសផ្នែកសីលធម៌នេះ អាចកើតឡើងដោយសារតែការភ្លេចខ្លួនមួយពេល ឫការគិតមិនដល់ផ្នែកសីលធម៌ក៏ថាបាន ប៉ុន្តែ អ្នកបង្កកំហុសផ្នែកសីលធម៌នេះ គួរតែបញ្ឈប់ទង្វើរបស់ខ្លួន។ ចំណែក អ្នកដែលចែកចាយ ក៏គួរតែគិតឡើងវិញ ហើយបញ្ឈប់សកម្មភាពនេះដូចគ្នា ដើម្បីជាការផ្តល់ភាពអាណិតអាសូរ និងលើកទឹកចិត្តដល់ក្មេងប្រុសដ៏តូចនេះ និងក្រុមគ្រួសាររបស់គេ។ ម្យ៉ាងវិញ អ្វីដែលមហាជនគួរតែធ្វើ គឺគិតដល់អនាគតក្មេងប្រុសម្នាក់នេះ ឬក៏គៀងគរថវិកាគ្នា ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅ និងការរៀនសូត្ររបស់ក្មេងប្រុសម្នាក់នេះ រហូតដល់រូបគេចម្រើនវ័យធំដឹងក្តី៕

ដោយ ៖ កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម