ព័ត៌មានជាតិ
ជួបនិស្សិតពេទ្យ ៣ នាក់ ប្រាប់គន្លឹះបទពិសោធន៍ អ្នកចង់ចាប់ជំនាញផ្នែកពេទ្យ
ពេទ្យជាជំនាញមួយដែលជួយបម្រើដល់សង្គម និងប្រជាពលរដ្ឋ តែក៏ទាមទារឲ្យមានការតាំងចិត្តខ្ពស់ ការតស៊ូ និងភាពវៃឆ្លាត ព្រោះមុខជំនាញមួយនេះទាមទារពេលវេលារៀនយូរជាងជំនាញដទៃ។
និស្សិតបញ្ចប់មុខជំនាញពេទ្យ ៣ នាក់ បានចែករំលែកបទពិសោធន៍លើការសិក្សាជំនាញពេទ្យ ដើម្បីចែករំលែកដល់សិស្សនិស្សិតដែលចង់ចាប់ជំនាញក្នុងក្តីស្រមៃ។
អតីតនិស្សិតពេទ្យនៅវិទ្យាស្ថានបូលីណូនៃខេត្តកំពង់ឆ្នាំង កញ្ញា ឡូត សុខចាន់ បានឲ្យដឹងថា កាលដែលកញ្ញាចាប់យកជំនាញពេទ្យព្រោះតែការស្រលាញ់ ហើយគិតថាពេលរៀនចប់នឹងទទួលបានការងារមួយល្អប្រសើរ ងាយស្រួលក្នុងការរកប្រាក់ចំណូល អាចជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើសង្គម។

ឡូត សុខចាន់ ដែលបានជ្រើសរើសយកមុខជំនាញរគិលានុបដ្ឋាក និងត្រៀមប្រឡងចូលក្របខណ្ឌរដ្ឋផងនោះបានបញ្ជាក់ថា ការរៀនពេទ្យត្រូវចំណាយប្រាក់ច្រើន ដោយក្នុងមួយឆ្នាំបង់ចាប់ពី ១០០០ ដុល្លារ ដល់ ១៥០០ ដុល្លារឡើងទៅតាមឆ្នាំនីមួយៗ និងតាមជំនាញដែលបានរៀន។ ទន្ទឹមនោះជំនាញមួយនេះមានមេរៀនច្រើន ត្រូវប្រើប្រាស់ភាសាអង់គ្លេសនិងភាសាបារាំង ត្រូវអានឲ្យបានច្រើន រួចសរសេរសង្ខេបឡើងវិញអំពីចំណុចសំខាន់ៗនៃមេរៀន ស្វែងយល់ពីរាងកាយមនុស្ស ប្រភេទថ្នាំដែលត្រូវប្រើតាមអាការៈអ្នកជំងឺ រោគសញ្ញា ការព្យាបាល ទាមទារឲ្យមានការលះបង់ពេលវេលាច្រើន គ្មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯងក៏ដូចជាគ្រួសារ។
និស្សិតពេទ្យរូបនេះបន្តថា ក្នុងពេលសិក្សាក៏មានសិស្សខ្លះបោះបង់ចោលការសិក្សានៅពាក់កណ្តាលឆ្នាំ ព្រោះជួបផលលំបាកច្រើន ឬមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃសាលា ហើយអាចប្តូរមុខជំនាញទៅធ្វើជាគ្រូបង្រៀន ឬធ្វើជា CO ក៏មាន។ ដូចនេះសម្រាប់សិស្សជំនាន់ក្រោយដែលចង់រៀនពេទ្យគួរតែមានការសម្រេចចិត្តឲ្យបានច្បាស់ ត្រូវហ៊ានលះបង់ពេលវេលា ចិត្តកាយ ការតស៊ូ និងលះបង់នៅអាកប្បកិរិយាយមិនល្អ ត្រូវរៀនសម្របទៅតាមពេលវេលាជាក់ស្តែង។
អតីតសិស្សពេទ្យមួយរូបទៀត លោក ម៉ី ខាវ បានឲ្យដឹងត្រួសៗថា ការរៀនពេទ្យតម្រូវឲ្យសិស្សរៀនយល់ឲ្យបានច្បាស់ទាំងទ្រឹស្តី និងការអនុវត្តន៍ ជៀសវាងមានបញ្ហាទៅដល់អ្នកជំងឺ ត្រូវចងចាំឲ្យបានច្រើនពីមេរៀនពី ៩០ ភាគរយ ទៅ ១០០ភាគរយ ព្រោះសម្បូរដោយពាក្យបច្ចេកទេសច្រើន រៀនយល់ពីពាក្យទាំងអស់នោះ ពិសេសពីរបៀបមើលជំងឺ ការអនុវត្ត និងនិយមន័យ។

បើតាមបទពិសោធន៍និស្សិតពេទ្យដែលបញ្ចប់នៅវិទ្យាស្ថានបូលីណូរូបនេះ ក៏ផ្តល់យោបល់ឲ្យអ្នកដែលចង់រៀនពេទ្យជំនាន់ក្រោយ គួរជាសិស្សវិទ្យាសាស្រ្ត ព្រោះសិស្សវិទ្យាសាស្រ្តមានរេផ្លិត ការគិតខ្ពស់ រហ័សរហួន វ័យឆ្លាត អាចព្យាបាលអ្នកជំងឺបានទាន់ពេលវេលាទោះជួបការសង្គ្រោះបន្ទាន់។
«ខ្ញុំសង្កេតឃើញថា កន្លងមកមានសិស្សមួយចំនួនតូចដែលរៀនថ្នាក់សង្គមឬអ្នកធ្លាក់បាក់ឌុបចូលរៀនជំនាញនេះ គឺការគិតរបស់គាត់យឺតយ៉ាវ ដែលអាចនាំឲ្យប៉ះពាល់ដល់អ្នកជំងឺ ការបញ្ជូនជំងឺមិនទាន់ពេលវេលា ការវិនិច្ច័យមិនបានត្រឹមត្រូវ និងក្លាយទៅជាសិស្សដែលរៀនខ្សោយជាងគេនៅក្នុងសាលា ក្នុងចំណោមសិស្សទាំងអស់ដែលមានសិស្សវិជ្ជាសាស្រ្តនៅក្នុងនោះដែរ»។ នេះជាការបន្ថែមរបស់ ពេទ្យ ខាវ។
និស្សិតពេទ្យឈ្មោះ ពា វុទ្ធី ដែលបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏បានចែករំលែកបទពិសោធន៍និងផលវិបាកនៃការរៀនពេទ្យមានច្រើន តែបើនិយាយជាទូទៅពេលរៀនត្រូវហត់កាយ និងខួរក្បាល ព្រោះត្រូវរៀនច្រើន វិភាគច្រើន ដូចដែលឃើញពេទ្យភាគច្រើនចូលចិត្តញាំការហ្វេ ឬភេសជ្ជប៉ូវកម្លាំងផ្សេង គឺដោយសារនឿយហត់ មិនសូវមានពេលច្រើន ផ្ដោតអារម្មណ៍លើការសិក្សាស្វែងយល់ ហើយពេលរៀនចប់ចេញធ្វើការ ក៏មិនប្រាកដថាបានប្រាក់ខែខ្ពស់ដូចគេរំពឹងទុកនោះដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


